ក្រសួងព្រមានចាត់វិធានការតាមផ្លូវច្បាប់អ្នកដែលយកបទចម្រៀងជាមរតកដើមទៅកែអត្ថន័យ
(ភ្នំពេញ) ៖ ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈបានចេញលិខិតជូនដំណឹងជាថ្មី ដោយបានស្នើឲ្យបណ្តាលផលិតកម្ម និងអ្នកសិល្បៈមួយចំនួនឲ្យបញ្ឈប់ការយកបទចម្រៀងដែលជាមរតកដើម និងទទួលបានការគ្រប់គ្រងកម្មសិទ្ធិបញ្ញាពីម្ចាស់ដើម និងគ្រួសារ មកច្រៀងឡើងវិញ ដោយមិនមានការអនុញ្ញាត្ត។
ក្រសួងក៏បានព្រមាននឹងចាត់វិធានការតាមផ្លូវច្បាប់ ក្នុងករណីដែលអ្នកពាក់ព័ន្ធទាំងអស់នោះនៅតែបំពាន និងមិនស្តាប់តាមការណែនាំពីក្រសួងផ្ទុយនឹងច្បាប់សិទ្ធិអ្នកនិពន្ធ និងសិទ្ធិប្រហាក់ប្រហែល ដែលប្រកាសឲ្យប្រើតាមព្រះរាជក្រមលេខ នស/រកម/០៣០៣/០០៨ ចុះថ្ងៃទី៥ ខែមីនា ឆ្នាំ២០០៣។
បើយោងតាមសេចក្តីប្រកាសព័ត៌មានរបស់ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ ដែលបានចេញផ្សាយកាលពីថ្ងៃទី២០ ខែកុម្ភៈ ឆ្នាំ២០២០ បានឲ្យដឹងថា បើទោះបីកន្លងមក ក្រសួងបានពន្យល់ណែនាំ និងផ្សព្វផ្សាយស្តីពីច្បាប់សិទ្ធិអ្នកនិពន្ធ និងសិទ្ធិប្រហាក់ប្រហែលជាច្រើនលើកក៏ដោយ ក្រសួងនៅតែសង្កេតឃើញបណ្តាអង្គភាពទូផ្សាយ ក្រុមហ៊ុនផលិតកម្ម និងបុគ្គលមួយចំនួនទាំងនៅក្នុង និងក្រៅប្រទេស បាននិងកំពុងប្រើប្រាស់ស្នាដៃអក្សរសាស្ត្រ សិល្បៈ ឬតូរ្យតន្ត្រីគ្មានអ្នកទទួលមរតក ឬគ្មានមរតកសាសន៍ ហើយបង្ហោះតាមបណ្តាញសង្គមនានា ដោយពុំមានការអនុញ្ញាតពីក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ។