សម្តេចតេជោ ៖ រាជរដ្ឋាភិបាល គ្មានភាពចាំបាច់អ្វីត្រូវលាក់បាំង ប្រជាពលរដ្ឋពីបញ្ហាជំងឺកូវីដ១៩នោះទេហើយកម្ពុជាក៏គ្មានទំនាស់ការទូតជាមួយម៉ាឡេស៊ីផងដែរ
នៅរសៀលថ្ងៃព្រហស្បតិ៍ ១២រោច ខែមាឃ ឆ្នាំកុរ ឯកស័ក ព.ស២៥៦៣ ត្រូវនឹងថ្ងៃទី២០ ខែកុម្ភៈ ឆ្នាំ២០២០នេះ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញបិទសន្និបាតបូកសរុបលទ្ធផលការងារឆ្នាំ២០១៩ និងលើកទិសដៅការងារឆ្នាំ២០២០ របស់ក្រសួងមហាផ្ទៃ ដែលពិធីនេះធ្វើឡើងនៅទីស្តីការក្រសួងមហាផ្ទៃ។
ក្នុងកិច្ចប្រជុំនោះផងដែរសម្តេបានលើកឡើងទាក់ទងនឹងបញ្ហាជំងឺកូវីដ១៩ សម្តេចតេជោ បានមានប្រសាសន៍ថា ពេលនេះមិនទាន់ត្រូវបានបិទបញ្ចប់នោះទេ។
សម្តេចតេជោបានអះអាងថា រាជរដ្ឋាភិបាល គ្មានភាពចាំបាច់អ្វីត្រូវលាក់បាំង ប្រជាពលរដ្ឋពីបញ្ហាជំងឺកូវីដ១៩នោះទេ ខណៈរាជរដ្ឋាភិបាល មានស្មារតីទទួលខុស ត្រូវគ្រប់គ្រាន់ ចំពោះប្រជាពលរដ្ឋខ្មែរ ដែលរហូតមកដល់ពេលនេះគ្មានពលរដ្ឋខ្មែរយើងកើតជម្ងឺនេះនោះទេ។
ជាមួយគ្នានោះ កម្ពុជាគ្មានទំនាស់ការទូតជាមួយប្រទេសម៉ាឡេស៊ីនោះទេ ពាក់ព័ន្ធបញ្ហាជំងឺកូវីដ១៩ ក្រោយពីរដ្ឋាភិបាលម៉ាឡេស៊ី ប្រកាសថាបានរកឃើញស្រ្តី វ័យចំណាស់ជនជាតិ អាមេរិកម្នាក់ មានផ្ទុកវីរ៉ុសកូរ៉ូណា បន្ទាប់ពីចាកចេញពីកម្ពុជា ដែលត្រូវបានក្រសួងសុខាភិបាលកម្ពុជាបានទាមទារឲ្យម៉ាឡេស៊ី ត្រួតពិនិត្យឡើងវិញតែប៉ុណ្ណោះ ដូច្នេះកម្ពុជាគ្មានទំនាស់ការទូតជាមួយម៉ាឡេស៊ីនោះទេ។