ប្រជាពលរដ្ឋពិតជាចង់បានមន្ត្រីបែបនេះណាស់!! បញ្ហាកើតឡើងជាង២ឆ្នាំហើយរកលេសទុកចោលរហូតទាល់តែឆាតចូលផេកសម្តេចតេជោ ហ៊ុន សែន ទើបហៅមកទទួលប្លង់ដី

(តាកែវ)៖គិតទៅសម័យនេះទៅហើយ នៅសល់មន្ត្រីគ្រាប់ល្ពៅជាច្រើននាក់ទៀត ដែលនាំអោយអំពល់ទុក្ខដល់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា ដែលមានកាតព្វកិច្ចមមាញឹកដ៏ខ្លាំងក្លាសម្រាប់កិច្ចការប្រទេសជាតិ ជាពិសេសលោក នួន សុធា ប្រធានមន្ទីររៀបចំដែនដី នគរូបនីយកម្ម និងសំណង់ខេត្តតាកែវ តែម្តង ។

យោងតាមគណនីហ្វេសប៊ុកឈ្មោះ “Sothwin Villa” បានផ្ញើសារចូលហ្វេសប៊ុកផេកសម្តេចតេជោ ហ៊ុន សែន ដោយមានខ្លឹមសារទាំងស្រុងថា ៖

សម្តេចតេជោ ជាទីគោរព ! ប្លង់ដីចំនួន២ប្លង់ (ដីគ្មានទំនាស់) នៅភូមិក្រាំងធ្នង់ ឃុំក្រាំងធ្នង់ ស្រុកបាទី ខេត្តតាកែវ ដែលខ្ញុំបានទិញពីប្រជាពលរដ្ឋ ក្នុងភូមិជាមួយនិងបានកាត់ប្លង់ផ្ទេរកម្មសិទ្ធិត្រឹមត្រូវ តែរយៈពេល២ឆ្នាំហើយ នៅតែមិនទាន់ទទួលបានប្លង់ដីពីមន្ទីរដែនដីខេត្តតាកែវ ។ ខ្ញុំព្យាយាមទូរស័ព្ទនិងទៅជួបដល់កន្លែងផ្ទាល់ជាច្រើនដង តែពួកគាត់ប្រាប់ថា កំពុងប្រជុំ និង រវល់ខ្លាំង ។ ខ្ញុំបានបង់សេវាកម្មជូនរដ្ឋត្រឹមត្រូវនិងគ្រប់ចំនួន ហើយក៏លើសចំនួនសម្រាប់ពួកគាត់ចង់បាន តែនៅតែមិនទាន់ទទួលបានប្លង់ដីទេ ។ សូមសម្តេច មេត្តាជួយដាស់តឿន ពួកគាត់ផង ។ ខ្ញុំសូមគោរពនិងជូនពរសម្តេច ។

ក្រោយការឆាតចូលផេកសម្តេចតេជោ ហ៊ុន សែន ភ្លាម , ទំនងជាភ័យខ្លួន ទើបលោក នួន សុធា ប្រធានមន្ទីររៀបចំដែនដីខេត្តតាកែវ ហៅម្ចាស់ដីមកជួបដើម្បីដោះស្រាយបញ្ហានេះ ។

ប្រភពព័ត៌មានច្បាស់ការណ៍មួយ បង្ហើបប្រាប់ថា នៅរសៀលថ្ងៃទី១៩ ខែកុម្ភៈ ឆ្នាំ២០២០ នេះ អ្នកឆាតចូលហ្វេសប៊ុកសម្តេចតេជោ បានមកទទួលប័ណ្ណកម្មសិទ្ធិអចលនវត្ថុទ្រព្យពី លោក នួន សុធា ប្រធានមន្ទីររៀបចំដែនដីខេត្តតាកែវ រួចរាល់ជាស្ថាពរហើយ ៕ប្រភព CPC

អត្ថបទដែលជាប់ទាក់ទង

This will close in 5 seconds