កម្ពុជាសម្រេចបិទមន្ទីរពេទ្យចិនមួយកន្លែងចោល នៅក្រុងព្រះសីហនុ បន្ទាប់ពីមិនទាន់មានលិខិតអនុញ្ញាតពីក្រសួងសុខាភិបាល និងបំភ័យអ្នកជំងឺថាមានវីរុសកូរ៉ូណា
(ព្រះសីហនុ)៖ នៅរសៀលថ្ងៃទី១៨ ខែកុម្ភៈ ឆ្នាំ២០២០ម្សិលមិញនេះ អាជ្ញាធរខេត្តព្រះសីហនុ បានសម្រេចបិទមន្ទីរពេទ្យឈ្មោះ “ថៃ ខាង” ដែលមានទីតាំងស្ថិតនៅភូមិ៣ សង្កាត់លេខ៤ ក្រុងព្រះសីហនុ ខេត្តព្រះសីហនុ ជារបស់ជនជាតិចិន ក្រោយពីអាជ្ញាធររកឃើញថាមន្ទីរពេទ្យនេះគ្មានលិខិតអនុញ្ញាតិពីក្រសួងសុខាភិបាល ព្រមទាំងបានបំភ្លៃព័ត៌មានពាក់ព័ន្ធវីរុសកូរ៉ូណា (COVID-19) ទៅកាន់អ្នកជំងឺដែលបានចូលពិនិត្យ។
សូមជំរាបថា កាលពីថ្ងៃទី០៩ ខែកុម្ភៈ ឆ្នាំ២០២០ មានជនជាតិចិនម្នាក់ឈ្មោះ Su YongYun បានទៅមន្ទីរពេទ្យខាងលើដើម្បីពិនិត្យព្យាបាល ទាំងដែលមិនមានអាការៈក្តៅខ្លួនអ្វីនោះទេ ហើយមន្ទីរពេទ្យស្រាប់តែពិនិត្យសង្ស័យថា មានវីរុសកូរ៉ូណា។ ភ្លាមៗនោះអាជ្ញាធរក៏បានបញ្ជូនសំណាកជនជាតិចិននោះ ទៅពិនិត្យនៅវិទ្យាស្ថានប៉ាស្ទ័រប៉ុន្តែ លទ្ធផលអវិជ្ជមាន។ ប៉ុន្តែប៉ុន្មានថ្ងៃក្រោយមកទៀត ជនជាតិចិនដដែលក៏បានទៅមន្ទីរពេទ្យឈ្មោះ “ថៃ ខាង” ហើយមន្ទីរពេទ្យនោះនៅតែបំភ័យអ្នកជំងឺថា មានជំងឺកូរ៉ូណា។ លុះអ្នកជំងឺជនជាតិចិនរូបនោះទៅពិនិត្យនៅមន្ទីរពេទ្យឯកជនមួយ នៅភ្នំពេញ ហើយមន្ទីរពេទ្យនោះក៏បញ្ជូនសំណាកទៅពិនិត្យជាថ្មីម្តងទៀត នៅវិទ្យាស្ថានប៉ាស្ទ័រ តែលទ្ធផលបញ្ជាក់ថា គ្មានវីរុសកូរ៉ូណាទេ។
ការបំភ្លៃព័ត៌មានធ្វើឲ្យចលាចលក្នុងសង្គម ហើយបើកដំណើរការគ្មានលិខិតអនុញ្ញាតពីក្រសួងទៀតនោះ ទើបអាជ្ញាធរសម្រេចបិទមន្ទីរពេទ្យ ថៃ ខាង នេះ៕