គិតត្រឹមព្រឹកថ្ងៃ ១៩កុម្ភៈនេះ អ្នកដំណើរនៅលើនាវាទេសចរណ៍ Westerdam ជិត៨០០នាក់ ធ្វើតេស្តរួច មិនមានវីរុសកូរ៉ូណាថ្មីឡើយ
(ភ្នំពេញ)៖យោងតាមសេចក្តីប្រកាសព័ត៌មានរបស់ក្រសួងសុខាភិបាលកម្ពុជាបានឲ្យដឹងថា គិតត្រឹមម៉ោង ០៨ និង០០នាទីព្រឹកថ្ងៃទី១៩ ខែកុម្ភៈ ឆ្នាំ២០២០ ក្រសួងបានបញ្ជាក់ពីការធ្វើបច្ចុប្បន្នភាពសុខភាពអ្នកដំណើរលើនាវាវេសស្ទីដាម ដែលមានដូចខាងក្រោម៖
– សំណាកអ្នកដំណើរតាមនាវាខ្នាតធំវេសស្ទីដាម នៅខេត្តព្រះសីហនុ និងនៅរាជធានីភ្នំពេញ ចំនួនន ៧៨១នាក់ ត្រូវបានធ្វើតេស្តទាំងអស់ ដោយទទួលបានលទ្ធផល អវិជ្ជមាន វីរុសកូរ៉ូណាថ្មី (COVID-19)។
– ស្ថានភាពសុខភាពទូទៅរបស់អ្នកដំណើរទាំងអស់ មិនមានបញ្ហាគួរឲ្យកត់សម្គាល់ឡើយ គឺមានសុខភាពធម្មតា និងមិនមានអ្នកមានឡើងកំដៅខ្លួនឡើយ។
– គិតចាប់ពីថ្ងៃដែលវានានេះបានចាកចេញពីទីក្រុងហុងកុងមក គឺមានរយៈពេល១៩ថ្ងៃហើយ បើគិតមកត្រឹមថ្ងៃទី១៩ ខែកុម្ភៈ ឆ្នាំ២០២០នេះ
ក្រសួងសុខាភិបាល និងមន្ទីរសុខាភិបាលខេត្តព្រះសីហនុ កំពុងតែបំពេញកិច្ចការ ដោយសហការជាមួយស្ថាប័នពាក់ព័ន្ធជាតិ និងអន្តរជាតិ ក្នុងការជួយសម្របសម្រួលឲ្យអ្នកដំណើរនៅសេសសល់ទាំងអស់អាចបានបន្តដំណើរតាមជើងហោះហើរ ដើម្បីឆាប់បានវិលត្រឡប់ទៅជួបជុំក្រុមគ្រួសារ ប្រកបការងារ និងជីវិតប្រចាំថ្ងៃនៅប្រទេសរបស់ពួកគេរៀងៗខ្លួនវិញ៕