ប្រធានរដ្ឋសភា ប្រារព្ធពិធីសូត្រមន្តបង្សុកូលរាប់បាតប្រគេនព្រះសង្ឃសំរាប់ពិធីបុណ្យចូលឆ្នាំថ្មី

ថ្ងៃទី០៧ ខែមេសា ឆ្នាំ២០១៩​ ម៉ោង 04:13 PM

(ភ្នំពេញ)៖ សម្រាប់ឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ ដែលនឹងឈានចូលមកដល់នៅថ្ងៃទី១៤  ទី១៥ និងទី១៦ ខែមេសាឆ្នាំ២០១៩ខាងមុខនេះ លោក ហេង សំរិន ប្រធានរដ្ឋសភានៃព្រះរាជាណាចក្រកម្ពុជា និងលោកជំទាវ សៅ ទី ព្រមទាំងលោក លោកស្រី ជាបុត្រា បុត្រី  ចៅប្រុស ចៅស្រី និងក្រុមគ្រួសារ បាននិមន្តព្រះសង្ឃ ដើម្បីប្រារព្ធ ពិធីសូត្រមន្តបង្សុកូលនៅវត្តគីរីសុវណ្ណារាម ហៅវត្តថ្កូវ ស្ថិតនៅភូមិអន្លង់ជ្រៃ ឃុំកក់ស្រុកពញាក្រែក  ខេត្តត្បូងឃ្មុំ  នាព្រឹកថ្ងៃទី៧ ខែមេសានេះ ដោយពិធីបានប្រព្រឹត្តទៅតាម ទំនៀមទំលាប់ប្រពៃណីព្រះពុទ្ធសាសនា ដោយបានប្រារព្ធពិធីនមស្កាព្រះរតនត្រ័យ សមាទានសីល បង្សុកូល និងពិធីរាប់បាតប្រគេនព្រះសង្ឃ ដើម្បីជាកិច្ចឧទ្ទិសកុសលទៅ ដល់បុព្វការីជនរបស់លោក ហេង សំរិន និងលោកស្រីមាន មាតា បិតា ជីដូន ជីតា ញាតិកាទាំង៧សណ្តាន ដែលបានចែកឋានទៅកាន់លោកខាងមុខ សូមឲ្យបាន ឋិតក្នុងឋានបរមសុខកុំបីឃ្លៀងឃ្លាតឡើយ។

នៅក្នុងពិធីនេះដែរ ព្រះសង្ឃបានប្រោះព្រំប្រសិទ្ធពរជ័យមង្គល បួងសួងដល់គុណបុណ្យព្រះរតនត្រ័យកែវទាំងបី វត្ថុសក្តិសិទ្ធទាំងឡាយក្នុងលោក និងទេវតាថែរក្សាទឹកដីព្រះរាជាណាចក្រកម្ពុជា និងសូមទេវតាឆ្នាំថ្មី ឆ្នាំកុរ ព្រះនាមទុង្សាទេវី សូមតាមជួយ អភិបាលប្រោះព្រំសាធុការពរជ័យគ្រប់ប្រការ ជូនចំពោះលោក ហេង សំរិន ប្រធានរដ្ឋសភា និងលោកស្រី សៅ ទី ព្រមទាំងបុត្រា បុត្រី ចៅប្រុស ចៅស្រី ជាទីស្រឡាញ់របស់សម្តេច និងលោកជំទាវ បានប្រកបដោយព្រះពុទ្ធពរទាំងបួនប្រការ កុំបីឃ្លៀងឃ្លាតឡើយ។

គួរបញ្ជាក់ដែរថា វត្តគីរីសុវណ្ណរាម ហៅវត្តថ្កូវ ស្ថិតក្នុងភូមិអន្លង់ជ្រៃ ឃុំកក់ស្រុកពញា ក្រែក ខេត្តត្បូងឃ្មុំ ជាវត្តមានវ័យចំណាស់មួយក្នុងតំបន់នេះ ហើយបច្ចុប្បន្នទីអារាមវត្ត ទាំងមូលមានការរីកចំរើនយ៉ាងខ្លាំង ដោយមានសមិទ្ធផលគ្រប់គ្រាន់ក្នុងការឆ្លើយតបទៅនឹង តម្រូវការខាងវិស័យព្រះពុទ្ធសាសនា អាស្រ័យដោយទទួលបានការជួយឧបត្ថម្ភគាំទ្រអស់ ពីចិត្តពីសំណាក់លោក ហេង សំរិន ប្រធានរដ្ឋសភា និងលោកស្រី។

នៅក្នុងឱកាសនោះលោក ហេង សំរិន និងលោកស្រីបានប្រគេនបច្ច័យចំនួន ១៥លានរៀលដល់វត្តគីរីសុវណ្ណរាម ទេយ្យវត្ថុ និងគ្រឿងឧបភោគ បរិភោគ ប្រគេនព្រះសង្ឃ និងបានចែកជូននូវសម្ភារៈ និងថវិកាដល់លោកយាយ លោកតា ដែលបានអញ្ជើញចូលរួមផងដែរ។ជាមួយគ្នានេះ ក្នុងឱកាសនៃបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ ដែលនឹងឈានចូល មកដល់នាពេលដ៏ខ្លីខាងមុខនេះ លោក ហេង សំរិន សូមបួងសួងដល់គុណបុណ្យព្រះរតនត្រ័យកែវទាំងបី ទេវតាឆ្នាំថ្មី ព្រះនាមទុង្សាទេវី សូមជួយថែរក្សា អភិបាល ប្រោសព្រំ និងប្រទានពរជ័យ ដល់ព្រះថេរានុត្ថេរៈគ្រប់ព្រះអង្គ បងប្អូនជនរួមជាតិគ្រប់ៗគ្នា ឱ្យទទួលបាននូវសិរីសួស្តី ជ័យមង្គល អាយុយឺនយូរ សុខភាពល្អបរិបូរណ៍ កម្លាំងមាំមួន សេចក្តីសុខ និងសុភមង្គលគ្រប់ការ៕

 

 

 

អត្ថបទ៖ រតនៈ

អត្ថបទដែលជាប់ទាក់ទង

This will close in 5 seconds