សម្តេចតេជោ ហ៊ុន សែន ធានាមើលថែចំពោះអ្នកធ្វើដំណើរដែលចេញនាវាទេសចរណ៍ Westerdam មកដល់ភ្នំពេញ ខណៈដែលសាមីប្រទេសទាំងអស់គេមិនទទួលត្រឡប់ទៅវិញ

(ភ្នំពេញ)៖កាលពីព្រឹកមិញថ្ងៃទី ១៧ ខែ កុម្ភះ ២០២០ នៅក្នុងពិធីបូកសរុបការងាររបស់ «ក្រុមប្រឹក្សាជាតិកម្ពុជាដើម្បីស្ត្រី» នៅវិមានសន្តិភាព សម្តេចតេជោ ហ៊ុន សែន នាយករដ្ធមន្រ្តីនៃកម្ពុជា បានមានប្រសាសន៍អំពី ជំងឺកូវីដ-១៩ ដែលកំពុងញាំញី និងអង្រួនសភាពការណ៍នៅក្នុងប្រទេសក្នុងតំបន់ និងពិភពលោកអោយមានការភ័យតក់ស្លុតរហូតបាត់អស់នូវគុណធម៍ សីលធម៍ មនុស្សធម៍ និងមិត្តភាពល្អជាមួយគ្នា។ សម្តេចតេជោនាយករដ្ធមន្រ្តី បានបញ្ជាក់ថាជំងឺពិតប្រាកដដែលយើងកំពុងប្រឈមមុខជាក់ស្តែងនាពេលនេះ គឺជាជំងឺភ័យខ្លាចជ្រុល និងអំពើរើសអើងជាតិសាសន៍ជ្រុល រហូតដល់បោះបង់ពលរដ្ធខ្លួនឯងចោល។ ជាក់ស្តែងដូចជាករណីនាវាទេសចរណ៍ MS Westerdam ដែលមានអ្នកធ្វើដំណើរចម្រុះជាតិសាសន៍ជាង២២០០ នាក់ដែលបានបដិសេធន៍ដោយប្រទេសនិងកោះចំនួន ៦ មិនអោយចុះចត ដែលនៅក្នុងនាវាដ៏ធំនេះក៏មានពលរដ្ធអាមេរិកជាង ៦០០ នាក់ផងដែរ ដែលបានសុំចុះចតនៅកោះ Guam ដែលជាទឹកដីកោះមួយផ្នែករបស់សហរដ្ធអាមេរិក ក៏មិនត្រូវបានអនុញ្ញាត្តិអោយចុះចតដែរ។ តើយ៉ាងម៉េចបានជាសាមីប្រទេស និងសាមីកោះទាំងនោះសម្រេចបែបនេះទៅរួច? ពិភពលោកអាចនឹងបែកបាក់ ហើយតម្លៃមនុស្សនៅត្រង់ណា បើសិទ្ឋិរស់រានមានជីវិតគ្មានផងនោះ?

ការសម្រេចចិត្តរបស់កម្ពុជាក្នុងការទទួលនាវាទេសចរណ៍ MS Westerdam អោយចុះចតនៅក្រុងព្រះសីហនុក្នុងទឹកដីកម្ពុជា គឺជាកាយវិការមនុស្សធម៍ដោយគ្មានការរើសអើងជាតិសាសន៍ ក្នុងការលើកស្ទួយការគោរពសិទ្ធិមនុស្សតាមរយៈការជួយផ្តល់នូវសិទ្ឋិរស់រានមានជីវិតដល់មនុស្សជាតិដែលជាប់គាំងនៅក្នុងនាវាទាំងអស់។ ការសម្រេចចិត្តត្រឹមត្រូវរបស់កម្ពុជា គឺមនុស្សភាគច្រើននៅទូទាំងពិភពលោកបានគាំទ្រនូវកាយវិការមនុស្សធម៍របស់កម្ពុជា ហើយក្នុងនោះក៏មានការគាំទ្រពី អង្គការសុខភាពពិភពលោក អង្គការទេសចរណ៍ពិភពលោក អង្គការឆ្នេរស្អាតបំផុតពិភពលោក និង ពីលោក Donald Trump ប្រធានាធិបតីសហរដ្ធអាមេរិកផងដែរ។

នៅពេលនេះចំនួនអ្នកទេសចរចម្រុះជាតិសាសន៍ ៥០០ នាក់ក្រោយពីបានត្រួតពិនិត្យសុខភាពថាគ្មានសញ្ញាវិជ្ជមាននៃមេរោគកូវីដ១៩ទេ (កូរ៉ូណា) គឺត្រូវបានផ្តល់កន្លែងស្នាក់នៅបណ្តោះអាសន្ននៅសណ្ធាគារសុខាក្នុងរាជធានីភ្នំពេញ។ ច្បាស់ណាស់ បើសាមីប្រទេសគេមិនគិតដល់ពលរដ្ធគេទេ គឺកម្ពុជានឹងទទួលខុសត្រូវ ព្រោះពេលនេះបានមកទីសុវត្ថិភាពក្នុងប្រទេសយើងហើយ។

សម្តេចតេជោ ហ៊ុន សែន បានបញ្ជាក់ច្បាស់ហើយក្នុងពេលអញ្ជើញទទួលអ្នកដំណើរទេសចរទាំងអស់នៅខេត្តព្រះសីហនុថា បើមានអ្នកទេសចរណាម្នាក់ មានឆ្លងឬផ្ទុកមេរោគកូវីដ-១៩ គឺ សម្តេចតេជោ អនុញ្ញត្តិអោយចូលកម្ពុជាអោយបានលឿនមុនគេបំផុត ហើយនាំទៅកន្លែងមានសុវត្ថិភាពដើម្បីផ្តល់ការមើលថែនិងព្យាបាលអោយបានទាន់ពេលវេលាដែលអាចធ្វើទៅបាន។ ការធ្វើបែបនេះគឺដើម្បីទប់ស្កាត់មិនអោយមេរោគឆ្លងរាលដាលទៅអ្នកដទៃទៀតដូចដែលបានកើតឡើងនៅក្នុងនាវាទេសចរណ៍ Diamond Princess ដែលពេលថ្មីៗៗនេះគឺទើបសម្រេចយកអ្នកទេសចរចេញពីនាវាដោយសារមានអ្នកឆ្លងមេរោគកូវីដ ១៩ ពីម្នាក់ទៅម្នាក់កាន់តែច្រើនឡើងៗរហូតដល់ ៣៥៦ នាក់។

បើកម្ពុជាមិនទទួលនាវានេះអោយចុះចតទេ ម៉្លេះមកទល់ពេលនេះមិនដឹងជារសាត់អណ្តែតទៅដល់ទីណាទេ ព្រោះស្បៀងអាហារក៏ជិតអស់ រីឯប្រេងក៏ជិតអស់ទៀត។ តើចុងបញ្ចប់នៃជីវិតពួកគេនឹងត្រូវបូជានៅលើកប៉ាល់ ឬបោះទម្លាក់ចោលក្នុងទឹកសមុទ្រ? បើគ្រប់គ្នាបដិសេធមិនទទួលពួកគេអោយចុះចត? តែកម្ពុជាមិនអាចបិទភ្នែកទុកអោយពលរដ្ធទាំងនោះស្លាប់ទេ ព្រោះកម្ពុជាក៏ធ្លាប់ត្រូវបានគេមើលងាយនឹងរើសអើងពីមុន ហើយកម្ពុជាយល់ច្បាស់ណាស់អំពីអារម្មណ៍បែបនេះចំពោះអ្នកទេសចរទាំងអស់នោះ។ យើងទាំងអស់គ្នានិយាយពីសិទ្ធិមនុស្ស តែពេលនេះការរើសអើងគឺមានទំហំធំធេងណាស់ ដែលបង្ហាញច្បាស់ថាជំងឺរើសអើង និងការភ័យខ្លាចជ្រុលហួសហេតុកំពុងនាំទៅដល់ការបំផ្លាញសិទ្ធិមនុស្សពិតប្រាកដ។

បើតាមគម្រោងដែលបានគិតក្នុងការជួយដលើអ្នកទេសចទាំងអស់ គឺក្រោយពេលអ្នកទេសចរវគ្គទី១ដែលកំពុងស្នាក់នៅបណ្តោះអាសន្នក្នុងទីក្រុងភ្នំពេញបានចាកចេញពីកម្ពុជាហើយ គឺនឹងដឹកអ្នកដែលកំពុងរង់ចាំនៅក្នុងនាវាទេសចរណ៍ក្នុងខេត្តព្រះសីហនុមកកាន់រាជធានីភ្នំពេញជាបន្តទៀតរហូតដល់អស់។ អ្នកដំណើរទាំងអស់នឹងត្រូវដាក់អោយពិនិត្យសុខភាពយ៉ាងហ្មត់ចត់បំផុត មុននឹងអនុញ្ញាត្តិអោយមកស្នាក់នៅតាមសណ្ធាគារ។

បើទោះបីត្រូវការចតរយៈពេលវែងយ៉ាងណាក្តី ក៏កម្ពុជាផ្តល់ឱកាសអោយនាវាទេសចរណ៍នេះបន្តស្នាក់នៅកម្ពុជាដោយមិនគិតពីថ្លៃចត និងថ្លៃសេវាផ្សេងៗនៅក្នុងដែនសមុទ្រកម្ពុជាដែរ។
កម្ពុជាទទួលខុសត្រូវលើកិច្ចការដែលខ្លួនកំពុងធ្វើអោយបានហ្មត់ចត់និងល្អបំផុត ហើយបន្តសហការជាមួយអង្គការដៃគូនានា និងសហគមអន្តរជាតិដើម្បីរួមគ្នាដោះស្រាយបញ្ហាប្រឈមជាសកលនេះ។ ទន្ទឹមនឹងនេះដែរ គឺដើម្បីលុបបំបាត់ជំងឺភ័យខ្លាចជ្រុល និងជំងឺរើសអើងជ្រុល ដើម្បីលើកស្ទួយតម្លៃសីលធម៍ គុណធម៍ឡើងវិញ និងដើម្បីសិទ្ឋិរស់រានមានជីវិត និងសេចក្តីសុខរបស់មនុស្សជាតិទូទាំងពិភពលោក។ សម្តេចតេជោ ហ៊ុន សែន បានបញ្ជាក់ជូនផងដែរថា ទោះបីនៅប្រទេសណាក៏ដោយ មិនថាតែប្រទេសចិនជាមិត្តទេ ប្រសិនបើត្រូវការកម្ពុជា គឺ សម្តេចតេជោ នឹងចូលរួមដោយមិនរារែកឡើយ៕

Image may contain: 10 people, people standing and outdoor

Image may contain: one or more people

Image may contain: 10 people, people standing, suit and outdoor

អត្ថបទដែលជាប់ទាក់ទង

This will close in 5 seconds