លោក ឃួង ស្រេង នាំភ្ញៀវទេសចរមកពីកប៉ាល់ Westerdam ដើរលេងកម្សាន្ដតាមទីតាំងទេសចរណ៍សំខាន់ៗក្នុងរាជធានីភ្នំពេញ ពិសេសមើលការអភិវឌ្ឍរបស់កម្ពុជា
(ភ្នំពេញ)៖ លោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ នៅរសៀលថ្ងៃទី១៧ ខែកុម្ភៈ ឆ្នាំ២០២០នេះ នាំភ្ញៀវទេសចរមកពីកប៉ាល់ Westerdam ដែលចូលសំចតនៅខេត្តព្រះសីហនុ ដើរលេងកម្សាន្ដតាមទីតាំងទេសចរណ៍សំខាន់ៗក្នុងរាជធានីភ្នំពេញ ពិសេសមើលការអភិវឌ្ឍរបស់កម្ពុជា។
លោក មាន ចាន់យ៉ាដា អភិបាលរងរាជធានីភ្នំពេញ បានឲ្យដឹងថា ភ្ញៀវទេសចរអាជ្ញាធររាជធានីភ្នំពេញ នាំដើរលេងកម្សាន្ដនេះមានចំនួន ១២០នាក់ ដែលមានសញ្ជាតិផ្សេងៗគ្នាមកពីច្រើនប្រទេស។
ទីតាំងដែលអាជ្ញាធរនាំភ្ញៀវទេសចរដើរលេងកម្សាន្ដនេះ រួមមាន៖ មុខព្រះបរមរាជវាំង, តាមមាត់ទន្លេ និងកន្លែងកម្សាន្ដផ្សេងៗទៀត មុនពេលភ្ញៀវទាំងអស់នេះ ត្រឡប់ទៅកាន់សណ្ឋាគារសុខាវិញ។ យ៉ាងណាមិញដំណើរកម្សាន្ដនេះ នឹងត្រូវបញ្ចប់នៅម៉ោង ៦ល្ងាច ដើម្បីផ្ដល់ឱកាសឲ្យភ្ញៀវទេសចរដែលចុះពីកប៉ាល់ Westerdam ជួបជុំគ្នានៅសណ្ឋាគារសុខា។
លោក មាន ចាន់យ៉ាដា បានអះអាងថា ការរៀបចំដំណើរកម្សាន្ដនេះ ដើម្បីឲ្យភ្ញៀវទេសចរបរទេសទាំងអស់ បានដឹង និងជ្រាបច្បាស់អំពីការរីកចម្រើនរបស់រាជធានីភ្នំពេញ ដែលជាបេះដូងរបស់ប្រទេសកម្ពុជា។
គួរជម្រាបថា ក្នុងឱកាសថ្លែងសារស្វាគមន៍ភ្ញៀវទេសចររបស់កប៉ាល់ Westerdam ដែលបានអនុញ្ញាតឲ្យចូលសំចតនៅកំពង់ផែ ខេត្តព្រះសីហនុ ក្រោយប្រទេស និងកោះចំនួន៦ បដិសេធដោយខ្លាចឆ្លងជំងឺរលាកសួត បង្កដោយវីរុសកូរ៉ូណា សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីនៃកម្ពុជា កាលពីថ្ងៃទី១៤ ខែកុម្ភៈ ឆ្នាំ២០២០ បានប្រកាសឲ្យភ្ញៀវទេសចរនៅក្នុងកប៉ាល់នេះ អាចធ្វើដំណើរកម្សាន្ដបានដោយសេរីនៅក្នុងប្រទេសកម្ពុជា ដោយគ្មានការភ័យខ្លាច។
សម្ដេចតេជោ ហ៊ុន សែន ក៏បានអំពាវនាវដល់ប្រជាពលរដ្ឋកម្ពុជា ពិសេសអ្នកបម្រើផ្នែកសណ្ឋាគារ កុំឲ្យមានការព្រួយបារម្ភអំពីការឆ្លងជំងឺនេះ របស់ភ្ញៀវទេសចរនៅក្នុងកប៉ាល់ដ៏ធំមួយនេះ ព្រោះថាមន្ដ្រីសុខាភិបាលបានពិនិត្យយ៉ាងយកចិត្តទុកដាក់រួចរាល់ហើយ៕