អាមេរិកនិងត្រៀមសាកល្បងក្នុងការចាក់វ៉ាក់សាំងវីរុសកូរ៉ុណាថ្មី ទៅលើមនុស្សឆាប់ៗនេះ!
(អាមេរិក)៖ស្របពេលដែលអង្គការសុខភាពពិភពលោក (WHO) បានប្រកាសអាសន្នជាលក្ខណៈសកល អំពីការរាតត្បាតនៃវីរុសកូរ៉ូណាថ្មី (2019-nCov) បើក្រឡេកទៅមើលការស្រាវជ្រាវលើវ៉ាក់សាំងសម្រាប់មេរោគប្រភេទថ្មីនេះ មានសន្ទុះកើនឡើងខ្លាំងដែរ ដោយវ៉ាក់សាំងនៅតាមមន្ទីរពិសោធន៍មួយចំនួន បានផលិតចេញជាគំរូរួចរាល់ ប៉ុន្តែត្រូវឆ្លងកាត់ការពិនិត្យយ៉ាងម៉ត់ចត់ មុនដាក់ចេញឱ្យតេស្តសាកល្បង។
ប្រភពព័ត៌មានពី BBC គិតមកទល់ពេលនេះ វ៉ាក់សាំងសម្រាប់ការពារពីវីរុសកូរ៉ូណាថ្មី (2019-nCov) ដែលមានឈ្មោះ “INO-4800” កំពុងផលិតនៅមន្ទីរពិសោធ Inovio នៅទីក្រុង San Diego សហរដ្ឋអាមេរិក និងត្រៀមរួចជាស្រេចសម្រាប់ការតេស្តសាកល្បងទៅលើមនុស្សនៅរដូវក្ដៅខាងមុខ។
លោក Kate Broderick អនុប្រធានផ្នែកស្រាវជ្រាវ និងអភិវឌ្ឍនៅមន្ទីរពិសោធន៍ខាងលើ បាននិយាយថា៖ “នៅពេលដែលខាងចិន បានផ្តល់គំរូ DNA វីរុសមក ពួកយើងអាចប្រើវាក្នុងប្រព័ន្ធបច្ចេកវិទ្យាកុំព្យូទ័រមន្ទីរពិសោធន៍ វិភាគ និងចេញជាគំរូវ៉ាក់សាំង ដោយប្រើពេលត្រឹមតែ៣ម៉ោងប៉ុណ្ណោះ”។