បុរសម្នាក់ចេញពីផ្ទះទៅផឹកស៊ីជាមួយនឹងមិត្តភក្កិ លុះត្រលប់មកផ្ទះវិញមិនឃើញប្រពន្ធនិងកូន ស្រាប់តែតាមរកដល់លើដំបូលផ្ទះ
(ភ្នំពេញ)៖ បុរសម្នាក់បានឡើងលើដំបូលផ្ទះម្ដាយក្មេកបង្កឱ្យមានការភ្ញាក់ផ្អើលដល់ប្រជាពលរដ្ឋ និងសមត្ថកិច្ចទាំងកណ្ដាលអធ្រាត្រ បន្ទាប់ពីរូបគេត្រឡប់មកពីផឹកស៊ីវិញ ស្រាប់តែមិនឃើញប្រពន្ធ និងកូននៅផ្ទះ។ ករណីនេះបានកើតឡើងកាលពី ម៉ោង២រំលងអធ្រាត្រឈានចូលថ្ងៃទី១៦ ខែកុម្ភៈ ឆ្នាំ២០២០ ស្ថិតនៅតាមផ្លូវបេតុង ក្នុងភូមិឬស្សី សង្កាត់ស្ទឹងមានជ័យទៅ២ ខណ្ឌមានជ័យ។
បុរសខាងលើមានឈ្មោះ យ៉ុង សុភ័ក្រ អាយុ៣៨ឆ្នាំ មុខរបរកម្មករសំណង់ ស្នាក់នៅភូមិ-ឃុំកើតហេតុខាងលើ។
បើតាមការរៀបរាប់ពីបុរសខាងលើបានប្រាប់ឲ្យដឹងថា រូបគេបានការជាមួយប្រពន្ធអស់រយៈពេលជាច្រើនឆ្នាំមកហើយ មានកូនស្រី២នាក់នៅក្នុងបន្ទុក ។ ហើយនៅព្រឹកថ្ងៃទី១៥កុម្ភៈនោះ រូបគេបានចេញពីផ្ទះទៅផឹកស៊ីជាមួយនឹងមិត្តភក្កិដែលបបួលគ្នាផឹកស្រាថ្នាំ និងស្រាបៀរលាយឡំគ្នាអស់ជាច្រើន ។លុះដល់ពេលស្រវឹង ក៏នឹកមកផ្ទះវិញ ស្រាប់តែមិនឃើញប្រពន្ធ និងកូននោះទេ រូបគេក៏ដើររក តែមិនឃើញ។ ហើយការដើររកនោះដល់ម៉ោង១២យប់ រូបគេក៏មកផ្ទះម្ដាយក្មេក តែត្រូវម្ដាយក្មេកបិទភ្លើង បិទទ្វារ ទើបគេចូលទៅក្នុងមិនកើត ក៏សម្រេចចិត្តឡើងលើដំបូលផ្ទះ រហូតដល់ម៉ោងកើតហេតុក៏មានប្រជាពលរដ្ឋរាយការណ៍មកសមត្ថកិច្ចប៉ុស្តិ៍នគរបាលរដ្ឋបាលស្ទឹងមានជ័យទី២ ថា មានមនុស្សឡើងលើផ្ទះ៕
ប្រភព៖ kohsantepheap