ម៉ាឡេស៊ី៖ស្វាមីរបស់ស្ត្រីជនជាតិអាមេរិក ដែលចាកចេញពីនាវា Westerdam ក៏មានចេញរោគសញ្ញាដូចប្រពន្ធដែរ តែលទ្ធផលតេស្តឃើញ ” អវិជ្ជមាន” គ្មានផ្ទុកមេរោគ Covid-19 នោះទេ
គូស្វាមីជនជាតិអាមេរិក ២នាក់ដែលបានចាកចេញពីនាវាយក្ស Westerdam ត្រូវបានអាជ្ញាធរម៉ាឡេស៊ី ធ្វើការឃាត់ទុកក្រោយរកឃើញរោគសញ្ញានៃវ៉ីរួស COVID-19 តែដោយសារប្រតិកម្មពី កម្ពុជា ក៏ដូចជាគណៈគ្រប់គ្រងនាវា Westerdam ពេលនេះភាគី ម៉ាឡេស៊ី បានសម្រេចចិត្តធ្វើតេស្តម្តងទៀតលើអ្នកទាំង២។ តាមការចុះផ្សាយរបស់កាសែត channelnewsasia និងកាសែត CNBC នៅព្រឹកថ្ងៃទី ១៦ កុម្ភៈ នេះបានអោយដឹងថា ម៉ាឡេស៊ី កំពុងរង់ចាំលទ្ធផល តេស្តលើស្ត្រី វ័យ ៨៣ឆ្នាំ រូបនោះ ខណៈពេលដែល ស្វាមីរបស់ស្ត្រីរូបនេះ ត្រូវបានគេរកឃើញរោគសញ្ញាដូចគ្នា ប៉ុន្តែលទ្ធផលតេស្ត ចេញមកគឺអវិជ្ជមាន ពោលគឺគ្មានផ្ទុកមេរោគ Covid-19 នោះទេ។
គួរបញ្ជាក់ផងដែរថា នាវា Westerdam ត្រូវបានរដ្ឋាភិបាលកម្ពុជា អនុញ្ញាតអោយធ្វើការចូលចត ក្រោយពេលដែលប្រទេសនិងកោះចំនួន៥ បានបដិសេធ ព្រោះខ្លាចឆ្លងជំងឺ Covid-19។ ក្រោយធ្វើការចូលចតរួច មន្ត្រីសុខាភិបាលកម្ពុជា បានសហការជាមួយអង្គការសុខភាពពិភពលោក WHO និងអង្គការ USCDC របស់អាមេរិក តាមស្តង់ដារបច្ចេកទេស និងនិយត័កម្មសុខភាព របស់អង្គការសុខភាពពិភពលោក៕