សូមសរសើរ ! ស្លឹកខ្ទឹម៣ខាំ ត្រូវមន្ត្រីកាំកុងត្រូលដកហូតយកទៅកម្ទេចចោល ក្រោយរកឃើញសារធាតុគីមីហាមឃាត់
យោងតាមគណនីហ្វេសប៊ុកផេករបស់អគ្គនាយកដ្ឋានកាំកុងត្រូល Camcontrol Directorate-General ដែលបានបង្ហោះ កាលពី១៦ម៉ោងមុនថា « ស្លឹកខ្ទឹមដែលមានផ្ទុកសារធាតុគីមីហាមឃាត់ ចំនួន 0.៣ គីឡូក្រាម ត្រូវបានមន្ត្រីសាខាកាំកុងត្រូល រកឃើញ និងដកហូត នៅក្នុងផ្សារស្រុកបាលុង ខេត្តរតនគិរី។
នៅថ្ងៃព្រហស្បតិ៍ ៥រោច ខែមាឃ ឆ្នាំកុរ ឯកស័ក ព.ស.២៥៦៣ ត្រូវនឹងថ្ងៃទី១៣ ខែកុម្ភៈ ឆ្នាំ២០២០ មន្ត្រីសាខាកាំកុងត្រូលខេត្តរតនគិរី ដោយមានការសហការពីមន្រ្តីមន្ទីរពាណិជ្ជកម្ម អាជ្ញាធរដែនដី និងគណៈកម្មការផ្សារ បានបន្តចុះផ្សព្វផ្សាយអំពីគុណភាព សុវត្ថិភាពម្ហូបអាហារ ត្រួតពិនិត្យផលិតផលម្ហូបអាហារ និងទំនិញវេចខ្ចប់ស្រាប់ នៅផ្សារបាលុង ក្រុងបាលុង ខេត្តរតនគិរី។
ក្នុងសកម្មភាពនេះ មន្ត្រីជំនាញបានធ្វើតេស្តបឋម ដើម្បីរកសារធាតុគីមីហាមឃាត់ ទៅលើផលិតផលម្ហូបអាហារដែលដាក់តាំងលក់ក្នុងផ្សារបានចំនួន៤៤គំរូ។ ជាមួយគ្នានោះ មន្ត្រីជំនាញ បានធ្វើការត្រួតពិនិត្យរកភាពមិនអនុលោមនៅលើសំបកវេចខ្ចប់ផលិតផលម្ហូបអាហារផងដែរ ។
ជាលទ្ធផល មន្ត្រីជំនាញបានរកឃើញសំណល់ថ្នាំកសិកម្មចំនួន 0.៣ គីឡូក្រាម នៅក្នុងស្លឹកខ្ទឹម។ បន្ទាប់មកមន្ត្រីជំនាញ បានធ្វើកំណត់ហេតុដកហូតស្លឹកខ្ទឹមទាំងនោះយកទៅរក្សាទុក ដើម្បីធ្វើការកម្ទេចចោល និងបានធ្វើការណែនាំដល់អាជីវករដទៃ អោយយល់ដឹង និងអនុវត្តទៅតាមច្បាប់ ស្តីពីការគ្រប់គ្រងគុណភាព សុវត្ថិភាព លើផលិតផល ទំនិញ និងសេវា ជៀសវាងបង្កផលប៉ះពាល់ដល់សុខភាពប្រជាពលរដ្ឋ នឹងអាចប្រឈមចំពោះមុខច្បាប់ថែមទៀត»៕