ប្រសាសន៍សំខាន់ៗរបស់ សម្តេចតេជោ ហ៊ុន សែន អញ្ជើញទៅកាន់ខេត្តព្រះសីហនុ ដើម្បីស្វាគមន៍ដល់អ្នកដំណើរនៅលើនាវាទេសចរណ៍ WESTERDAM
នៅព្រឹកថ្ងៃទី១៤ ខែកុម្ភៈ ឆ្នាំ២០២០ ដែលចំថ្ងៃនៃក្តីស្រឡាញ់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញទៅកាន់ខេត្តព្រះសីហនុ និងបានជួបស្វាគមន៍ដោយផ្ទាល់ជាមួយអ្នកដំណើរនៅលើនាវាទេសចរណ៍ Westerdam នៅឯកំពង់ផែក្រុងព្រះសីហនុ និងបានជូនផ្កាដល់អ្នកទេសចរផងដែរ។
នៅក្នុងឱកាសនោះផងដែរ សម្តេចតេជោ ហ៊ុន សែន ក៏បានថ្លែងសារទៅកាន់ជនរួមជាតិខ្មែរ ពាក់ព័ន្ធនឹងកិច្ចការជួយរបស់កម្ពុជាលើកប៉ាល់ខ្នាតយក្សរបស់អាមេរិកមួយនេះ ដោយក្នុងឱកាសនោះសម្តេចបានតេជោនាយករដ្ឋមន្ត្រីបានប្រកាសទទួលស្វាគមន៍គមន៍ភ្ញៀវទេសចរទាំងអស់ដោយក្តីរីករាយ មុនការផ្ទេរតាមយន្តហោះទៅប្រទេសរៀងៗខ្លួនវិញ។
ថ្លែងនៅក្នុងពិធីទទួលភ្ញៀវទេសចរចម្រុះជាតិសាសន៍ទាំងអស់នោះ សម្តេចតេជោ ហ៊ុន សែនបានប្រកាសអនុញ្ញាតឲ្យភ្ញៀវចាកចេញពីលើនាវា Westerdam ហើយអាចមកទស្សនកិច្ចនៅខេត្តព្រះសីហនុ និងសៀបរាម តាមដែលអាចធ្វើទៅបាន។ បន្ថែមពីលើនេះទៀត សម្ដេចតេជោនាយករដ្ឋមន្ត្រីក៏បានណែនាំឲ្យម្ចាស់ សណ្ឋាគារនិងភោជនីយដ្ឋានទាំងអស់ មិនត្រូវមានការរើសអើង ណាមួយចំពោះពួកគេនោះទេ ។ សម្តេចតេជោនាយករដ្ឋមន្ត្រី ក៏បានប្រកាសស្វាគមន៍ នាវាខ្នាតយក្សរបស់អាមេរិកនេះជាបន្ត បើចង់ចូលចតនៅពេលក្រោយទៀត ហើយបើភ្ញៀវទេសចរចង់ នៅកម្ពុជា១ខែទៀត ក៏គ្មានបញ្ហាអ្វីដែរ។
សម្តេចតេជោនាយករដ្ឋមន្ត្រី ក៏បានជូនពរដល់ភ្ញៀវទេចរទាំងអស់អាចធ្វើដំណើរដោយសប្បាយរីករាយ
និងជួបតែសេចក្តីសុខ សេចក្តីចម្រើនគ្រប់ៗគ្នា៕