សម្តីចាក់ដោត៖ លោក ពេជ្រ ស្រស់ ១៤ កុម្ភៈ ផ្គាប់ចិត្តគេ១ថ្ងៃ អស់តម្លៃខ្លួនមួយជីវិត
(ភ្នំពេញ)៖«Valentine’s Day» ឬ «ថ្ងៃបុណ្យនៃសេចក្តីស្រលាញ់» ដែលយុវវ័យមួយចំនួនហៅថា «ថ្ងៃបុណ្យសង្សារ» ជាថ្ងៃដែលរៀបចំ ដើម្បីរំលឹកដល់សេចក្តីស្រលាញ់របស់បព្វជិតជនជាតិរ៉ូមុំាង ដែលសុខចិត្តលះបង់ជីវិត ដើម្បីការពារសេចក្តីស្រឡាញ់នោះ។
ជារៀងរាល់ឆ្នាំតែងតែប្រារព្ធធ្វើនៅជុំវិញពិភពលោកក្នុងនោះកម្ពុជាក៏មានប្រារព្វធ្វើឡើងនឹងគេដែរ ប៉ុន្តែអ្វីដែលជាការព្រួយបារម្ភនោះគឺ មានយុវវ័យកម្ពុជាមួយចំនួនតូចបានយល់ច្រឡំថាថ្ងៃទី១៤ កុម្ភៈ ជាថ្ងៃបុណ្យ ឬជាថ្ងៃណាត់ជួបគ្នារវាងគូរស្នេហ៍។ ទិវានេះពុំមែនជាប្រពៃណីរបស់ជនជាតិខ្មិខ្មែរយើងទេ។ យុវជនមួយចំនួនតូចភ្លើតភ្លើន ភ្លេចការសិក្សា បាត់បង់សេចក្តីថ្លៃថ្នូរ បុគ្គល និងក្រុមគ្រួសារ ប្រាសចាក វប្បធម៌ និងប្រពៃណីជាតិរបស់ខ្មែរ។
ដោយសារតែមើលឃើញនូវបញ្ហារបស់យុវជនបែបនេះ លោក ពេជ្រ ស្រស់ ប្រធានគណបក្សយុវជនកម្ពុជា បានបញ្ចេញទស្សនះក្រើនរំលឹកដល់យុវជនលើបណ្ដាញសង្គមហ្វេសប៊ុកថា៖
១៤ កុម្ភៈ ជឿចិត្តឲ្យជាក់ កុំទៅផ្តេសផ្តាស បើគេយល់យើងគឺមិនរំលងប្រពៃណីនោះទេ…..ផ្គាប់ចិត្តគេ ១ថ្ងៃ អស់តម្លៃខ្លួន
មួយជីវិត ត្រូវចាំណា កូនណាពេជ្រ ស្រស់ ៕
បច្ចុប្បន្នបុណ្យនេះ កំពុងចាក់ឫសក្នុងដួងចិត្តរបស់ប្រជាជននៅក្នុងប្រទេសកម្ពុជា ជាពិសេសនៅក្នុងស្រទាប់យុវវ័យ។ «Valentine’s Day» ត្រូវបានគេប្រារព្ធឡើង នៅក្នុងថ្ងៃទី ១៤ ខែកុម្ភៈរៀងរាល់ឆ្នាំ ហើយឲ្យតែដល់ថ្ងៃនេះ ពួកគេតែងតែទិញអំណោយ ផ្កាកូឡាប ជូនអ្នកដែលខ្លួនស្រឡាញ់ ហើយយុវវ័យខ្លះអាចផុងខ្លួនលះបង់ខ្លួនប្រាណ ដើម្បីបង្ហាញពី ក្តីស្រឡាញ់ ចំពោះសង្សាររបស់ខ្លួនទៀតផង។
ដោយ៖ ស៊ាងម៉ី