ឯកឧត្តម គួច ចំរើន៖ មានមនុស្ស ចំនួន ២០ នាក់ នៅលើកប៉ាល់មានសុខភាពមិនប្រក្រតី (មានវិដេអូ)
ភ្នំពេញ ៖ អភិបាលខេត្តព្រះសីហនុ លោក គួច ចំរើន បានលើកឡើងថា ការសុំចុះចតនាវា MS westerdam របស់អាមេរិក នៅកំពង់ស្វយ័តក្រុងព្រះសីហនុ នៅព្រឹកថ្ងៃទី១៣ ខែកុម្ភៈ ឆ្នាំ ២០២០នេះ គឺមានអ្នកទេសចរណ៍បរទេស២០នាក់ កំពុងមានស្ថានភាពសុខភាពមិនប្រក្រតី ។លោក គួច ចំរើន បានប្រាប់ក្រុមអ្នកសារព័ត៌មានថា “២០នាក់នេះ មិនទាន់អាចបញ្ជាក់ យ៉ាងម៉េចនៅឡើយទេ ។ ២០នាក់ មានបញ្ហាមិនប្រក្រតីដូចជាឈឺក្រពះ។ ពួកគាត់មានសុខភាពមិនល្អ មិនមែនមានសញ្ញា នៃកូរ៉ូណាទេ តែគឺពួកគាត់មានសុខភាពមិនប្រក្រតី” ។
លោកថា បន្ទាប់ពីទទួលបានព័ត៌មានពីអ្នកនៅលើវានានេះ បានដាក់សង្ស័យហើយ គឺរដ្ឋមន្រ្តីពាក់ព័ន្ធ បានបញ្ជូនក្រុមគ្រូពេទ្យខ្មែរ ឲ្យឡើងទៅលើនាវា ដើម្បីយកសំណាកពួកគាត់ មកពិនិត្យនៅវិទ្យាស្ថានប៉ាស្ទ័រ និងបញ្ជូនមន្រ្តីនគរបាល ទៅរៀបចំបទដ្ឋាន វីសា និងឯកសាររដ្ឋបាល អន្តោប្រវេសន៍មួយចំនួនដែរ។
លោកអភិបាលខេត្តរៀបរាប់បន្តថា តាមគម្រោងមិនមានអ្នកណា ស្នាក់នៅព្រះសីហនុទេ ។ អ្នកនៅលើកប៉ាល់មិនចុះទាំងអស់ទេ ចុះតែទេសចរណ៍មួយចំនួនប៉ុណ្ណោះ ដែលបានទិញសំបុត្រយន្តហោះរួចហើយ ដើម្បីបន្តដំណើរទៅកាន់ប្រទេសរបស់ពួកគេវិញ ប្រហែលជា៥០០នាក់ ។
បើតាម លោក គួច ចំរើន តាមស្ថិតិមិនមានជនជាតិចិនមកពីវូហានទេ មានតែចិនម្នាក់ជាអាណិកជនបរទេស ។
សូមបញ្ជាក់ថា អ្នកទេសចរបរទេស ធ្វើដំណើរតាមនាវារបស់អាមេរិក សរុបទាំងអស់២២០០នាក់ ក្រោយពីបានធ្វើដំណើរកំសាន្តមាន៥ប្រទេស បានបដិសេធមិនឲ្យចូលចត គឺមានតែកម្ពុជាប៉ុណ្ណោះ បានឲ្យចូលចតនៅព្រឹកនេះ៕
សូមទស្សនាវិដេអូខាងក្រោម៖
ខេត្តព្រះសីហនុ-ឯកឧត្តមគួច ចំរើនអភិបាលខេត្តព្រះសីហនុ ផ្តល់បទសម្ភាសន៍ជូនបណ្តាញផ្សព្វផ្សាយពីវត្តមានអ្នកទេសចរណ៍បរទេសដែលមកតាមនាវាទេសចរណ៍លំដាប់អន្តរជាតិមួយគ្រឿងរបស់សហរដ្ឋអាមេរិកឈ្មោះ MS Westerdam ក្រោយរាជរដ្ឋាភិបាលកម្ពុជា អនុញ្ញាតអោយចូលចតនៅកំពង់ផែក្រុងព្រះសីហនុ ថ្ងៃ១៣កុម្ភៈ២០២០នេះ ។
Posted by Huy Bunleng News on Wednesday, February 12, 2020