Costa ជេរម៉ែអាជ្ញាកណ្ដាលត្រូវបណ្ដេញចេញ ទុកឲ្យ Suarez, Messi ស៊ុតចុងម៉ោងយកឈ្នះ២-០
ថ្ងៃទី ០៧ ខែមេសា ឆ្នាំ២០១៩ម៉ោង 11::05AM
Luis Suarez និង Lionel Messi បានស៊ុតបញ្ចូលទីចុងក្រោយជួយ Barcelona យកឈ្នះលើក្រុម Atletico Madrid កាលពីរាត្រីថ្ងៃសៅរ៍។
ជ័យជម្នះ ២-០ ធ្វើឲ្យក្រុម Catalans ដាច់ ១១ ពិន្ទុឈរនៅកំពូលតារាងនៃក្របខ័ណ្ឌ La Liga ដែលមានន័យថា ឈ្នះ៤ប្រកួតទៀតគឺគ្រប់គ្រាន់សម្រាប់ Barca ក្នុងការលើកពាន La Liga មុនបញ្ចប់រដូវកាល។
Diego Costa បានទទួលកាតក្រហម បណ្តេញចេញនៅនាទីទី ២៨ ដែលធ្វើឲ្យការប្រកួតត្រូវបាន Barcelona គ្របសង្កត់ប៉ុន្តែមិនអាចទម្លុះប្រព័ន្ធការពារដ៏រឹងមាំរបស់លោក Diego Simeone បានឡើយ ហើយត្រូវអូសបន្លាយដល់ជិតចប់ការប្រកួតទើប Barca រកឃើញជ័យជម្នះ។
អតីតខ្សែប្រយុទ្ធ Chelsea ទទួលបានកាតក្រហមភ្លាមៗក្រោយ Costa ជេរម៉ែលោកអាជ្ញាកណ្តាល Gil Manzano នៅនាទីទី២៨។ នេះជាការទទួលបានកាតក្រហមភ្លាមៗលើកទី២ហើយរបស់កីឡាករអេស្ប៉ាញនៅ La Liga និង លើកទី៣ក្នុងអាជីព។
Ole Gunnar Solskjaer និង ជំនួយការរបស់គាត់ លោក Mike Phelan ក៏ប្រទះឃើញនៅកៅអី VIP ទស្សនាការប្រកួតនេះផងដែរ មុនបើកទ្វារស្វាគមន៍ Barcelona នៅវគ្គ៨ក្រុម Champions League។
ការប្រកួតដែល Atletico ត្រូវការឈ្នះដាច់ខាត ប៉ុន្តែដោយមានគ្នា១០នាក់ លោក Solskjaer មិនអាចមើលទស្សនីយភាពដែលលោកចង់មើលឡើយ៕
អត្ថបទ ៖ ពេជ្រ គឹមស្រ៊ិន