ក្រុមហ៊ុនឡាន Nissan ប្រកាសពីការផ្អាកការផលិត នៅឯរោងចក្រក្នុងប្រទេសជប៉ុន ដោយសារតែវីរុសកូរ៉ូណា
(តូក្យូ)៖ ក្រុមហ៊ុនផលិតរថយន្ដ Nissan បានប្រកាសថា នឹងផ្អាកការផលិតរបស់ខ្លួន នៅឯរោងចក្រ នៅលើកោះ Kyushu ស្ថិតនៅភាគនិរតី ប្រទេស ជប៉ុន ដោយសារតែការខ្វះខាតគ្រឿងបន្លាស់ផ្គត់ផ្គង់មកពីចិន បង្កឡើងដោយការរីករាលដាលនៃវីរុសកូរ៉ូណាថ្មី។ នេះបើតាមការដកស្រង់ចេញផ្សាយ ពីទីភ្នាក់ងារព័ត៌មាន Reuters នៅថ្ងៃអង្គារ ទី១១ ខែកុម្ភៈ ឆ្នាំ២០២០។
នៅក្នុងសេចក្ដីថ្លែងការណ៍ចេញផ្សាយ នៅថ្ងៃចន្ទសប្ដាហ៍នេះ Nissan ដែលនឹងក្លាយជាក្រុមហ៊ុនផលិតរថយន្ដដំបូងគេបំផុត ដែលនឹងផ្អាកការផលិត នៅក្នុងប្រទេសជប៉ុន ដោយសារតែវីរុសកូរ៉ូណា ក៏បានបញ្ជាក់ដែរថា ផលិតកម្មរបស់ខ្លួននឹងទទួលរងផលប៉ះពាល់ ចាប់ពីថ្ងៃសុក្រសប្ដាហ៍នេះ រហូតដល់ថ្ងៃទី១៧ ខែកុម្ភៈនេះ បណ្ដាលមកពីការខ្វះខាតគ្រឿងបន្លាស់ផ្គត់ផ្គង់មកពីចិន ហើយបើតាមសារព័ត៌មាន Nikkei ការផ្អាកការផលិតជាបណ្ដោះអាសន្ន នេះទៀតសោត អាចនឹងធ្វើឱ្យប៉ះពាល់ដល់ការផលិតរថយន្ដប្រមាណ ៣,០០០គ្រឿង។
គួរបញ្ជាក់ថា បើតាមសេចក្ដីថ្លែងការណ៍របស់ Nissan ខែ្សចង្វាក់ផលិតកម្មចំនួនពីរ នៅឯរោងចក្រ នៅលើកោះ Kyushu នឹងត្រូវបញ្ឈប់សកម្មភាព ជាបណ្ដោះអាសន្ន នៅថ្ងៃទី១៤ ខែកុម្ភៈ ខណៈខ្សែចង្វាក់ផលិតកម្មមួយទៀតដ៏សំខាន់បំផុតសម្រាប់ការនាំចេញរថយន្ដ នឹងត្រូវផ្អាកនៅថ្ងៃទី១៧ ខែកុម្ភៈ ។ បន្ថែមពីលើនេះ ក្រុមហ៊ុនផលិតរថយន្ដជប៉ុនមួយនេះ ក៏បានឱ្យដឹងដែរថា ខ្លួនកំពុងរៀបចំបើកដំណើរការឡើងវិញនូវការផលិត នៅក្នុងប្រទេសចិន នៅថ្ងៃទី១៧ ខែកុម្ភៈ នៅតាមរោងចក្រដូចជា នៅក្នុងខេត្ត ក្វាងទុង, ទីក្រុង Dalian និងខេត្ត Liaoning ស្របពេលរោងចក្រដទៃទៀត មិនទាន់មានការ កំណត់កាលបិរច្ឆេទនោះទេ។
ក្រៅពី Nissan ក្រុមហ៊ុនផលិតរថយន្ដកូរ៉េខាងត្បូង Hyundai និង Renault ក៏បានប្រកាសបិទរោងចក្រផលិតជាបណ្ដោះអាសន្នផងដែរ ដោយអះអាង ដូចគ្នាថាដោយសារតែកង្វះខាតបរិក្ខាផ្គត់ផ្គង់មកពីចិន៕