វិសាខា​ប្រកាសគាំទ្រ​ការបញ្ចប់អាជីពកីឡាកររបស់​បឹងកេត និង​ស្នើ​ FFC បើក​យុទ្ធនាការ​ពិនិត្យ​ទឹក​នោម​កីឡាករ​

បាល់ទាត់៖ បន្ទាប់ពី​ក្លឹប​បឹងកេត​បាន​ប្រកាស​បញ្ចប់​កិច្ចសន្យាជាមួយ​កីឡាករ ម៉ាត់ យ៉ា​ម៉ី​ន ភ្លាមៗ​ក្រោយ​ផ្ទុះ​ព័ត៌មាន​ពាក់ព័ន្ធ​ករណី​ប្រើ​គ្រឿងញៀន ក្លឹប​វិសាខា​ក៏​បាន​ចេញ​ថ្លែងការណ៍​គាំទ្រ​ចំណាត់​ការ​នេះ​ដែរ ព្រមទាំង​បាន​ស្នើ​ទៅ​សហព័ន្ធ​កីឡាបាល់ទាត់​កម្ពុជា និង​គណៈកម្មការ​ប្រកួត​បាល់ទាត់​ជាតិ​កម្ពុជា ដែល​ជា​អាណា​ព្យា​បាល​បើក​យុទ្ធនាការ​ត្រួតពិនិត្យ​កីឡាករ​ទាំងអស់ ដើម្បី​ធានា​ភាព​ស្អាតស្អំ​ក្នុង​បាល់ទាត់​ទៀត​ផង។

គួរ​ដឹង​ថា ម្សិលមិញ​នេះ​ក្លឹប​បឹងកេត​បាន​ប្រកាស​ព័ត៌មាន​ដ៏​រសើប ជុំវិញ​ការ​បញ្ចប់​កិច្ចសន្យាកីឡាករ ម៉ាត់ យ៉ា​ម៉ី​ន ក្រោម​ហេតុ​ខ្សែបម្រើ​-​ការពារ​រូប​នេះ បាន​ប្រព្រឹត្តិ​ខុស​ក្រមសីលធម៌​ពី​កីឡាករ​អាជីព ដើម្បី​ភាព​គំរូ​កុំ​ឲ្យ​កើត​មាន​​លើ​កីឡាករ​ដទៃ។ សេចក្ដីប្រកាស​នេះ​បាន​ធ្វើ​ឡើង​ ក្រោយ​បែក​ធ្លាយ​រូបភាព​ប៉ុន្មាន​សន្លឹក​របស់​កីឡាករ ម៉ាត់ យ៉ា​ម៉ី​ន ត្រូវ​បាន​កម្លាំង​សមត្ថកិច្ច​របស់​ស្នងការដ្ឋាន​នគរបាល​រាជធានី​ភ្នំពេញ បាន​ធ្វើ​ការ​ឃាត់ខ្លួន​ក្នុង​ប្រតិបត្តិការ​បង្ក្រាប​គ្រឿងញៀន ក្នុង​មជ្ឈមណ្ឌល​កម្សាន្ត​មួយ​កន្លែង​កាលពី​ថ្មី​។ ជាមួយ​ការអនុវត្ត​វិធានការ​ក្ដៅ​នេះ​ដែរ ត្រូវ​បាន​ក្លឹប​វិសាខា​ប្រកាស​គាំទ្រក្នុងនាម​គ្រួសារ​បាល់ទាត់​ជាតិ​តែមួយ ដើម្បី​លុបបំបាត់​គ្រឿងញៀន​ក្នុង​កីឡា និង​សង្គម។ លើស​ពី​នេះ​វិសាខា​ក៏បាន​ស្នើ​សហព័ន្ធ​កីឡាបាល់ទាត់​កម្ពុជា និង​គណៈកម្មការ​ប្រកួត​បាល់ទាត់​ជាតិ​កម្ពុជា ដោយ​សង្ឃឹម​ឆ្នាំនេះ ឬ​ថ្ងៃ​អនាគតនឹង​មាន​ការ​ធ្វើ​តេស្ដ​ទឹកនោម​កីឡាករ​ក្នុង​លី​គ​ទាំងអស់ ដើម្បី​បញ្ជាក់​នូវ​ភាព​ស្អាតស្អំ​ក្នុង​វិស័យ​កីឡា​ដ៏​ពេញ​និយម​មួយ​នេះ និង​ជំរុញ​ការអភិវឌ្ឍន៍​វិស័យ​កីឡាឆ្ពោះ​ទៅ​រក​វឌ្ឍនភាព​រីក​ចម្រើន​បន្ថែម​ទៀត៕

អត្ថបទដែលជាប់ទាក់ទង

This will close in 5 seconds