រកឃើញឆ្លងវីរុសកូរ៉ូណាបន្តទៀតនៅលើនាវាកម្សាន្តផ្ទុកអ្នកដំណើរ ៣,៧០០នាក់ បានកើនដល់ ៦១ករណី
(ជប៉ុន)៖ មនុស្សសរុបចំនួន ៦១នាក់ ក្នុងចំណោមអ្នករួមដំណើរជាង ៣,៧០០នាក់ លើនាវាទេសចរណ៍ Diamond Princess ដែលចតនៅជិតយូកូហាម៉ាបានធ្វើតេស្តវិជ្ជមានវីរុសកូរ៉ូណា ខណៈក្រសួងសុខាភិបាលជប៉ុនប្រកាសថា គិតនៅត្រឹមថ្ងៃសុក្រ ទី០៧ ខែកុម្ភៈ ពួកគេបានរកឃើញករណី ៤១ បន្ថែមទៀត។ អ្នកដែលរកឃើញថាមានឆ្លងរោគត្រូវបានគេបញ្ជូនទៅមន្ទីរពេទ្យទីក្រុងតូក្យូ កាណាហ្គាវ៉ា ឈីបា សៃតាម៉ា និង ហ្សីហ្សូកា ដើម្បីព្យាបាល។ ករណីថ្មីទាំង ៤១ រួមមានជនជាតិជប៉ុន ២១នាក់, អាមេរិក ៨នាក់, អូស្ត្រាលី ៥នាក់, កាណាដា ៥នាក់, អាហ្សង់ទីន ១នាក់ និងអង់គ្លេស ១នាក់។ រំលឹកដែរថា អ្នកនៅលើនាវាទាំងអស់ត្រូវនៅនៅលើទីនោះរយៈពេល ២សប្ដាហ៍ ដើម្បីធ្វើតេស្តតាមដាន។
តាមអាយុអ្នកជំងឺ ៣នាក់ មានអាយុចន្លោះពី ២០ ទៅ ៣៩ឆ្នាំ, មាន ៣នាក់ មានអាយុ ៥០ឆ្នាំ, ៨នាក់មានអាយុ ៦០ឆ្នាំ, ២១នាក់ មានអាយុ ៧០ឆ្នាំ និង ៦នាក់មានអាយុ ៨០ឆ្នាំ ជាសំណាងគ្មាននរណាម្នាក់ស្ថិតក្នុងស្ថានភាពធ្ងន់ធ្ងរទេ។ អ្នកដំណើរ និងនាវិកចំនួន ៣.៦៥០នាក់ ដែលនៅសេសសល់ ត្រូវប្រឈមនឹងភាពឯកោនៅលើនាវាបន្ដទៀត ខណៈដែលប្រទេសជប៉ុនព្យាយាមធ្វើសកម្មភាពទប់ស្កាត់ការរីករាលដាលនៃមេរោគឆ្លងថ្មីនេះ។ អ្នកដែលមានផ្ទុកវីរុសភាគច្រើនមានរោគសញ្ញាដូចជំងឺផ្តាសាយ ឬមានទំនាក់ទំនងជិតស្និទ្ធជាមួយអ្នកដំណើរដែលឆ្លងមេរោគ។ នាយករដ្ឋមន្រ្តីលោក ស៊ីនហ្សូ អាបេ បាននិយាយកាលពីថ្ងៃព្រហស្បតិ៍ថា លោកនឹងហាមឃាត់ការចូលរបស់ជនបរទេសទាំងអស់នៅលើនាវាទេសចរណ៍ដែលឆ្លងរោគនោះ មិនឱ្យចូលមកដល់ក្នុងដីគោកជប៉ុននោះទេ៕