ការពាររដ្ឋធម្មនុញ្ញ ការពាររាជរដ្ឋាភិបាលស្របច្បាប់នោះយើងនឹងទទួលនូវសុខសន្តិភាព និងការអភិវឌ្ឍបន្ថែមទៀត

ថ្ងៃទី០៧ ខែមេសា ឆ្នាំ២០១៩​ ម៉ោង 09:39 AM

(ភ្នំពេញ) ៖ លោកឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត អគ្គបញ្ជាការរងនៃកងយោធពលខេមរភូមិន្ទ និងជាមេបញ្ជាការកងទ័ពជើងគោក តំណាងដ៏ខ្ពង់ខ្ពស់របស់លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន និងលោកស្រី ថ្ងៃទី០៦ ខែមេសា ឆ្នាំ២០១៩បានអញ្ជើញចុះសួរសុខទុកុ្ខបងប្អូន នាយទាហាន ពលទាហាន យោធិនពិការ និវត្តិជន និងគ្រួសារកងទ័ព កងពលតូចថ្មើ ជើងលេខ៥៣ ហើយអមដំណើរនាឱកាសនោះ រួមមាន លោក វង្ស ប៊ុនឥន្ទ្រាវុធ អគ្គនាយកនៃអគ្គនាយកដ្ឋានរតនាគារជាតិ លោក ផាន់ ចាន់ធុល អភិបាលខេត្តប៉ៃលិន លោកអភិបាលរងខេត្តបាត់ដំបង និងប្រតិភូពាក់ព័ន្ធ ជាច្រើនរូបទៀតផងដែរ។

មានប្រសាសន៍ស្វាគមន៍នៅក្នុងអង្គពិធីនាឱកាសនោះ លោកឧត្តមសេនីយ៍ទោ ជា ភួងភិរម្យ មេបញ្ជាការកងពលតូចថ្មើរជើងលេខ៥៣ បានសំដែងនូវការដឹងគុណ និងចងចាំជានិច្ចចំពោះគុណូបការៈដ៏ថ្លៃថ្លារបស់លោកនាយករដ្ឋមន្ដ្រី ហ៊ុន សែន និងលោកស្រី ព្រមទាំងថ្លែងអំណរគុណដល់លោក ហ៊ុន ម៉ាណែត តំណាងដ៏ខ្ពង់ខ្ពស់លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន លោកស្រី និងលោកអគ្គនាយក នៃអគ្គនាយកដ្ឋានរតនាគារជាតិ ដែលបានដឹកនាំគណៈប្រតិភូសម្ព័ន្ធមេត្រីភាព ដែលតែងតែជួយឧបត្ថម្ភទាំងស្មារតី និងសំភារៈដល់កងពលតូចថ្មើរជើងលេខ៥៣ ចំណុះឱ្យយោធភូមិភាគទី៥ ជារៀងរហូតមក។

លោក វង្ស ប៊ុនឥន្ទ្រាវុធ អគ្គនាយករតនាគារជាតិ បានមានប្រសាសន៍ឱ្យដឹងថា៖ ប្រមាណ១០ឆ្នាំកន្លងមកហើយ ក្នុងនាមសមរភូមិក្រោយជួយ សមរភូមិមុខ អង្គភាពលោក និងធនាគារវឌ្ឍនៈតែងតែជួយជាប្រចាំរាល់ពេលមានតម្រូវការ ព្រោះកងទ័ពគឺជាអ្នកធានាឲ្យយើងបានសុខសន្តិភាព ទើបយើងអាចមានសេដ្ឋកិច្ចដំណើរការ ក្រុមហ៊ុនឯកជនរកស៊ីបានចូលចំណូលជាថវិការដ្ឋបានល្អប្រសើររហូតដល់សព្វថ្ងៃដោយគ្មានការភ័យខ្លាចអ្វីឡើយ ហើយប្រាក់បៀវត្សរ៍កងកម្លាំងប្រដាប់អាវុធ គ្រប់មន្ត្រីរាជការ កម្មករ កម្មការនីទាំងអស់ ត្រូវបានដំឡើងជារៀងរាល់ឆ្នាំ ដែលបានធ្វើការប្រៀបធៀបជាមួយបរទេសកម្ពុជាមានប្រាក់បៀវត្សរ៍ខ្ពស់ស្ថិតនៅក្នុងលំដាប់លេខ៥ គឺបើកបៀវត្សរ៍ ២សប្តាហ៍ម្តងរៀងរាល់ខែ។

លោកឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត បានមានប្រសាសន៍លើកឡើងថា រាជរដ្ឋាភិបាល ក្រោមការដឹកនាំ របស់លោកនាយករដ្ឋមន្ដ្រី ហ៊ុន សែន បានជំរុញ យ៉ាងខ្លាំងប្រព័ន្ធផ្លូវតាមខ្សែក្រវ៉ាត់ព្រំដែនប្រទេសកម្ពុជា សំខាន់គឺផ្នែកខាងពាយ័ព្យប្រទេស ដែលមានផ្លូវក្រាលកៅស៊ូស្ទើរទាំងស្រុងចាប់ពីមាត់សមុទ្រខេត្តកោះកុងឆ្លងកាត់ខេត្តពោធិ៍សាត់ បាត់ដំបង ប៉ៃលិន បន្ទាយមានជ័យ ឧត្តរមានជ័យ និងមុំបីតំបន់ខេត្តព្រះវិហារ ហើយកំពុងឆ្ពោះបន្តទៅព្រំដែនឡាវ បន្តទៀត ដែលជាផ្នែកសំខាន់ក្នុងកិច្ចការការពារប្រទេស ដឹកជញ្ជូនកសិផលបានឆាប់រហ័ស សេដ្ឋកិច្ចដើរលឿន មានការអភិវឌ្ឍខ្ពស់ ដែលពីមុនមក តំបន់ទាំងនោះសុទ្ធតែជាព្រៃគ្មានមនុស្ស គ្មានផ្លូវដែលអាចឲ្យយើងចូលទៅដល់។

លោក ហ៊ុន ម៉ាណែត បានមានប្រសាសន៍បញ្ជាក់បន្ថែមថា ការបន្តប្រពៃណី ចំណងសម្ព័ន្ធសាមគ្គីភាព មេត្រីភាពរវាងអង្គភាពស៊ីវិល និងអង្គភាពទ័ព គឺជាការសំខាន់ណាស់ ក្នុងការពង្រឹងទំនាក់ទំនងរវាងសមរភូមិមុខ និងសមរភូមិក្រោយ ប្រសិនបើគ្មានអ្នក សមរភូមិមុខខិតខំ ការពារព្រំដែនទេ នោះក៏អ្នកសមរភូមិក្រោយមិនអាចនៅសុខ គេងលក់ស្រួល អត់បារម្ភពី សន្តិសុខ និងបូរណភាពទឹកដីនោះឡើយ។

ជាក់ស្តែងកន្លងមក អគ្គនាយកដ្ឋានរតនាគារជាតិ និងសប្បុរសជននានា តែងតែបានចុះជួបសំណេះសំណាលសួរសុខទុក្ខ និងបានជួយឧបត្ថម្ភដល់កងទ័ព និងគ្រួសារទ័ពនូវសម្ភារៈបរិក្ខា អគារស្នាក់នៅ អគារប័ណ្ណាល័យ ឧបករណ៍ ផ្សេងៗ និងគ្រឿង ឧបភោគ បរិភោគដល់ កងពលតូចថ្មើជើងលេខ៥៣ ជាបន្តបន្ទាប់។

លោកឧត្តមសេនីយ៍ឯក ក៍បានមានប្រសាសន៍បន្តថា បងប្អូនប្រជាពលរដ្ឋទាំងអស់គ្នា ពិតជាសំណាងណាស់ដែលមាន “អគ្គមហារដ្ឋបុរស” ដូចជាលោកនាយករដ្ឋមន្រ្តី ហ៊ុន សែន កើតចេញមកពីប្រជាជន ជានិច្ចជាកាល នៅជាមួយប្រជាជន ផ្សារភ្ជាប់ខ្លួន ជាមួយប្រជាជន យកចិត្តទុកដាក់ ជាមួយប្រជាជន និងកងកម្លាំងប្រដាប់អាវុធ ទាំងនេះសុទ្ធតែជាសំណាង របស់យើង ដូចនេះមិនត្រូវឱ្យសំណាងទាំងនេះ បាត់ទៅវិញនោះទេគឺយើងទាំងអស់គ្នា ត្រូវតែការពារលោកនាយករដ្ឋមន្រ្តី ការពារសមទ្ធិផល ដែលលោកនាយករដ្ឋមន្រ្តី បានកសាង ឡើងការពាររដ្ឋធម្មនុញ្ញ ការពាររាជរដ្ឋាភិបាល ស្របច្បាប់នោះយើង នឹងទទួលបាននូវសុខសន្តិភាព និងការអភិវឌ្ឍបន្ថែមទៀតហើយបើមានលោកនាយករដ្ឋមន្រ្តី ហ៊ុន សែន ដឹកនាំប្រទេសជាតិ យើងសង្ឃឹមថា ប្រទេសជាតិនឹងបន្តទទួលបាននូវសុខស្ថេរភាព ដោយចីរភាពយូរអង្វែង និងទទួលបាននូវការអភិវឌ្ឍ កាន់តែល្អប្រសើរបន្ថែមទៀត។

នៅក្នុងឱកាសនេះដែរ លោកឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត បាននាំមកនូវគ្រឿងឧបភោគ បរិភោគ និងថវិកាមួយចំនួនដែលជាអំណោយដ៏ខ្ពង់ខ្ពស់របស់លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន និងលោកស្រី ប៊ុន រ៉ានី ដើម្បីឧបត្ថមជូនកងពលតូចថ្មើជើងលេខ៥៣ ចំណុះឱ្យយោធភូមិភាគទី៥៕

អត្ថបទ រតនៈ

អត្ថបទដែលជាប់ទាក់ទង

This will close in 5 seconds