អង្គការសុខភាពពិភពលោក បានបញ្ជាក់ជាថ្មីថាគ្មានថ្នាំព្យាបាលមេរោគកូរ៉ូណាថ្មី ឱ្យបានជាសះស្បើយ នៅឡើយទេ!
ថ្ងៃពុធ ទី៥កុម្ភៈ អង្គការសុខភាពពិភពលោក បានបញ្ជាក់ជាថ្មីថា «គ្មានថ្នាំព្យាបាលមេរោគកូរ៉ូណាថ្មី ឱ្យបានជាសះស្បើយ នៅឡើយទេ!»។ ការអះអាងរបស់អង្គការសុខភាពពិភពលោកនេះ គឺជាការឆ្លើយតបនឹងបណ្តាញព័ត៌មានអន្តរជាតិជាច្រើន ដែលធ្លាប់ចុះផ្សាយព័ត៌មានមិនពិតថា មានករណីព្យាបាលមានប្រសិទ្ធភាពនិងជាសះស្បើយ ជាដើម។ គិតត្រឹមថ្ងៃពុធទី៥កុម្ភៈ នៅស្រុកចិន មានចំនួនអ្នកស្លាប់ប្រមាណជា៥០០នាក់ហើយអ្នកឆ្លងកូរ៉ូណាវីរុសថ្មី បានកើនឡើងដល់ទៅជាង២ម៉ឺន៤ពាន់នាក់។
«គ្មានថ្នាំព្យាបាលមេរោគកូរ៉ូណាថ្មី ឱ្យបានជាសះស្បើយនៅឡើយទេ ក្នុងខណៈពេលនេះ!» នេះគឺជាកាអះអាងរបស់អង្គការសុខភាពពិភពលោក ដែលត្រូវចុះផ្សាយដោយភ្នាក់ Reuters និង AFP។ ជាការឆ្លើយតបទៅនឹងបណ្តាញផ្សព្វផ្សាយជាច្រើននៃប្រទេសផ្សេងៗគ្នា ដែលបញ្ជាក់ថា គេរកឃើញវិធីព្យាបាលអ្នកឆ្លងមេរោគកូរ៉ូណាថ្មី បានជាសះស្បើយ។ ឧទាហរណ៍ ទូរទស្សន៍ CGTN បានផ្សាយដោយដកស្រង់សម្តីរបស់ក្រុមអ្នកស្រាវជ្រាវនៅសកលវិទ្យាល័យមួយ ក្នុងខេត្ត Zheijian ថាបានរកឃើញរបៀបព្យាបាលប្រឆាំងវីរុសកូរ៉ូណាថ្មី យ៉ាងមានប្រសិទ្ធភាព។ ទូរទស្សន៍ Sky News របស់អង់គ្លេស ក៏ធ្លាប់បានផ្សាយដែរថា អ្នកស្រាវជ្រាវបានរកឃើញមធ្យោបាយយ៉ាងប្រសើរក្នុងការផលិតវ៉ាក់សាំង។ នៅស្រុកថៃវិញ រដ្ឋមន្ត្រីសុខាភិបាលថៃ បានប្រកាសប្រាប់អ្នកកាសែតថា ពេទ្យថៃរកឃើញរបៀបវិធីផ្សំថ្នាំព្យបាលអ្នកជំងឺចិនម្នាក់ បានជាសះស្បើយ។