កម្ពុជាខ្ចីលុយកូរ៉េខាងត្បូង៧០០លានដុល្លារទៀត សំរាប់អនុវត្តគម្រោងអភិវឌ្ឍន៍ចំនួន ១០ នៅកម្ពុជា
កូរ៉េខាងត្បូងនឹងផ្ដល់ប្រាក់កម្ចីអនុគ្រោះចំនួន ៧០០ លានដុល្លារអាមេរិកដើម្បីអនុវត្តគម្រោងអភិវឌ្ឍន៍ចំនួន ១០ ក្នុងប្រទេសកម្ពុជា នេះបើយោងតាមប្រសាសន៍របស់សម្ដេចអគ្គមហាសេនាបតីតេជោហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា នៅក្នុងពិធីជួបសំណេះសំណាល និងសួរសុខទុក្ខជាមួយបងប្អូនប្រជាពលរដ្ឋ និងសិស្ស និស្សិតខ្មែរ ដែលកំពុងរស់នៅ និង បន្ត ការ សិក្សានៅប្រទេសកូរ៉េកាលពីរសៀលថ្ងៃទី៣ ខែកុម្ភៈ កន្លងទៅនេះ។
នៅក្នុងនោះផងដែរសម្តេចនាយករដមន្រ្តី បានមានប្រសាសន៍ថា ប្រទេសកូរ៉េខាងត្បូងបានយល់ព្រមជាមួយនឹងសំណើរបស់កម្ពុជាក្នុងការផ្តល់ប្រាក់កម្ចីអនុគ្រោះដល់កម្ពុជាចំនួន ៧០០ លានដុល្លារសម្រាប់ការអនុវត្តគម្រោងអភិវឌ្ឍន៍ចំនួន ១០ ។ ហើយក្នុងឆ្នាំនេះប្រទេសកូរ៉េខាងត្បូងក៏បានសន្យាផ្ដល់ជំនួយឥតសំណងដល់កម្ពុជាចំនួន ២៤ លានដុល្លារអាមេរិកផងដែរ។ យ៉ាងណាមិញគិតត្រឹមខែវិច្ឆិកាឆ្នាំ ២០១៩ មក កម្ពុជាបានខ្ចីប្រាក់ពីកូរ៉េខាងត្បូងចំនួន ៨៨៩ លានដុល្លារអាមេរិក ដែលក្នុងនោះមានតែ ៤៤២ លានដុល្លារប៉ុណ្ណោះដែលត្រូវបានប្រើប្រាស់។
សូមបញ្ជាក់ផងដែរថា ចាប់ពីឆ្នាំ ១៩៩៦ ដល់ឆ្នាំ ២០១៨ ប្រទេសកូរ៉េខាងត្បូងបានផ្តល់ជំនួយឥតសំណងដល់ប្រទេសកម្ពុជាជាង ៣០០ លានដុល្លារ។ ដោយឡែកទាក់ទងនឹងពាណិជ្ជកម្មទ្វេភាគីសម្ដេចបាន បញ្ជាក់ថា យោងតាមស្ថិតិកូរ៉េ ពាណិជ្ជកម្មទ្វេភាគីរវាងប្រទេសទាំងពីរបានឈានដល់ ១,៣០២ ពាន់លានដុល្លារអាមេរិកកាលពីឆ្នាំមុន៕