ក្រសួងសេដ្ឋកិច្ច ទម្លាក់ការព្យាករកំណើនសេដ្ឋកិច្ចកម្ពុជា២០២០ មកនៅជុំវិញ ៦% ក្រោយមានកត្តាប្រឈមថ្មីពីវីរុសកូរ៉ូណា

(ភ្នំពេញ)៖ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ នៅថ្ងៃថ្ងៃទី ៣០ មករានេះ បានចេញរបាយការណ៍ពីស្ថានភាព និងទស្សនវិស័យសេដ្ឋកិច្ចកម្ពុជា ដោយបានធ្វើការព្យាករទម្លាក់កំណើនសេដ្ឋកិច្ចកម្ពុជា នៅឆ្នាំ២០២០នេះ ថា នឹងមាននៅត្រឹមតែក្នុងរង្វង់ ៦% ប៉ុណ្ណោះ ខណៈដែលកាលពីមុនបានព្យាករថា អាចនឹងមាន ៦,៥%។ ការកែប្រែការព្យាកររបស់ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុនេះ គឺធ្វើឡើងបន្ទាប់ពីមើលឃើញពីកត្តាប្រឈមថ្មីមួយ ដែលបានកើតឡើងនៅប៉ុន្មានខែចុងក្រោយនេះ ពិសេស គឺការផ្ទុះឡើងនៃវីរុសកូរ៉ូណានៅប្រទេសចិន។

តាមរបាយការណ៍ របស់ ក្រសួង សេដ្ឋកិច្ច និងហិរញ្ញវត្ថុ បាន ចាត់ទុក ការរីករាល ដាល នៃវីរុស កូរ៉ូណា ដែលបាន កើតចេញពីប្រទេសចិន នឹងបន្ត រីករាលដាល ទៅកាន់ប្រទេស ជាច្រើន រួមមាន ទាំងកម្ពុជាផងដែរនោះ ថាគឺជា ហានិភ័យ មួយសម្រាប់ កំណើន សេដ្ឋកិច្ច កម្ពុជា នៅឆ្នាំ២០២០នេះ បន្ទាប់ពី ហានិភ័យ ភាពតានតឹង នៃបញ្ហា ភូមិសាស្ត្រ នយោបាយ, ភាពតានតឹង នៃទំនាក់ទំនង ពាណិជ្ជកម្ម រវាង អាមេរិក ប្រទេសជាដៃគូ, ការប្រែប្រួលអាកាសធាតុ, ភាពមិនប្រាកប្រជា នៃប្រព័ន្ធអនុគ្រោះពន្ធ EBA, ការថមថយ នៃកំណើនសេដ្ឋកិច្ច ពិភពលោក និង ការកើនឡើង គោលនយោបាយ គាំពារនិយមជាដើម។

បើតាម ការអះអាង របស់ឯកឧត្តម វង្សី វិស្សុត រដ្ឋលេខាធិការប្រចាំការ នៃក្រសួង សេដ្ឋកិច្ច និងហិរញ្ញវត្ថុ បាន បញ្ជាក់ថា សម្រាប់ ឆ្នាំ ២០២០នេះ សេដ្ឋកិច្ច កម្ពុជា បាននិងកំពុង ប្រឈម នូវ ហានិភ័យ កាន់តែធំជាងមុន ខណៈដែលភាពមិនច្បាស់លាស់ ក៏មាន កាន់តែធំជាងមុនដែរ។ ពិសេស គឺ ទាក់ទង នឹង ការផ្ទុះឡើង នៃវីរុសកូរ៉ូណា ប្រភេទ ថ្មី នៅប្រទេសចិន ដែលវាបាននិងកំពុង ធ្វើឲ្យ វិស័យមួយចំនួន របស់កម្ពុជា ដូចជាទេសចរណ៍ គឺកំពុងប្រឈម នឹងបញ្ហាកាន់តែខ្លាំង ហើយមិនមែន តែកម្ពុជា ទេ ដែលត្រូវរងគ្រោះនឹងបញ្ហានេះ ប្រទេសជាច្រើន ទៀត នៅលើសកលលោក គឺជួបប្រទះដូចគ្នាដែរ។

ឯកឧត្តម វង្សី វិស្សុត បាន គូសបញ្ជាក់ ពី ការប៉ះពាល់ របស់ វីរុស កូរ៉ូណា មកលើ សេដ្ឋកិច្ច របស់កម្ពុជា យ៉ាងដូច្នេះថា «វីរុសនេះ វាប៉ះចិន ហើយចិន ជាដៃគូសេដ្ឋកិច្ចកម្ពុជា ធំណាស់។ ឥឡូវ គ្រាន់តែទេសចរណ៍ គ្រាន់តែចិន មានបញ្ហា អូតែលយើងមួយចំនួន ដែលគេ Booking (កក់) ពេញ ចិនមកចូលឆ្នាំចិន ហ្នឹង ពិបាកបណ្ដោយឥឡូវហ្នឹង គេ Canceled (លុបចោល) ច្រើនមែនទែន។ ហើយកាលណា ទេសចរណ៍ថយ ដឹកជញ្ជូនថយ ហូបចុកថយ អូតែលថយ វាមានន័យតែអញ្ចឹង ហើយ Constructions (សំណង់) ក៏ថយដែរ ពេលហ្នឹង»។

ទោះយ៉ាងណា ឯកឧត្តម វង្សី វិស្សុត បាន អះអាងថា មូលដ្ឋាន សេដ្ឋកិច្ច របស់កម្ពុជា មាន ភាពរឹងមាំ ការគ្រប់គ្រង ហិរញ្ញវត្ថុសាធារណៈល្អ និងមាន ទុនបម្រុងអន្តរជាតិប្រមាណជាង ១៧ ពាន់លាន ដុល្លារអាមេរិក ព្រមជាមួយនឹងគោលនយោបាយ គ្រប់ជ្រុងជ្រោយ និងមានវិធានការណ៍សេដ្ឋកិច្ច មួយចំនួនទៀត ដូច្នេះ បើ មានការអនុវត្ត ឲ្យប្រកបដោយប្រសិទ្ធភាព នោះកំណើន សេដ្ឋកិច្ច កម្ពុជា នឹង មិនមានការធ្លាក់ខ្លាំងនោះទេ។ ដោយមើលឃើញ ពី ហានិភ័យ ដែលបាន កើតឡើងនេះ ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ក៏បាន គិតគូររៀបចំពី ក្របខណ្ឌ ម៉ាក្រូ សេដ្ឋកិច្ច និង កញ្ចប់ថវិកាសារពើពន្ធ ឆ្នាំ២០២០។ ក្នុងនោះដែរ រាជរដ្ឋាភិបាល នឹងខិតខំ ទប់ទល់នឹង កត្តាប្រឈម ទាំងនោះ និងបន្តអនុវត្ត នូវគោលនយោបាយ និងយុទ្ធសាស្ត្រ អភិវឌ្ឍន៍ជាតិ របស់រដ្ឋាភិបាល បន្តទៀត ដើម្បីប្រើប្រាស់ ធនធាន ដែលមាន ចាក់គ្រឹះ នៅពេល ណា វិបត្តិធ្ងន់ធ្ងរ ឬមួយការគៀបសង្កត់ ណាមួយថយចុះទៅវិញ នោះសេដ្ឋកិច្ច កម្ពុជា នឹង ងើបឡើងខ្លាំងតែម្ដង។ ឯកឧត្តម វង្សី វិស្សុត បាន សង្កត់ធ្ងន់ថា កម្ពុជា គួរប្រើប្រាស់ ការគំរាម កំហែង ឬហានិភ័យ ឬការកើត ឡើងនៃវិបត្តិណាមួយ មកធ្វើជាឱកាស ដើម្បី ធ្វើកំណែទម្រង់ និងអនុវត្ត គោលនយោបាយ ដែលរាជរដ្ឋាភិបាល ដែលបាន ដាក់ចេញ ឲ្យមានប្រសិទ្ធភាព ដែលទៅថ្ងៃមុខ វានឹងក្លាយជា កម្លាំងសេដ្ឋកិច្ច មួយ អាចរុញកំណើន រយៈពេលវែង។

បើតាម ការព្យាកររបស់ស្ថាប័ន អន្តរជាតិធំៗ ដូចជា World Bank, ADB និង IMF (នៅមុនពេល មានផ្ទុះវីរុស កូរ៉ូណាឡើង ) បាន ឲ្យដឹងថា កំណើន សេដ្ឋកិច្ចកម្ពុជា នៅឆ្នាំនេះ អាចនឹង មាន ៦,៨ ទៅ៦,៩%៕

អត្ថបទដែលជាប់ទាក់ទង

This will close in 5 seconds