វីរុសកូរ៉ូណា បានឆ្លងរីករាលដាលទៅដល់អឺរ៉ុប នៃប្រទេសស៊ុយអែត និងអេស្ប៉ាញហើយ
(អឺរ៉ុប)៖ ប្រទេសស៊ុយអែត និងអេស្ប៉ាញបានទទួលស្គាល់ពីករណីឆ្លងវីរុសកូរ៉ូណា ជាលើកដំបូងនៅក្នុងប្រទេសអឺរ៉ុបទាំងពីរនេះ ខណៈចំនួនអ្នកឆ្លងនៅក្រៅប្រទេសចិន បានកើនដល់ ១២៤ករណី។ នេះបើតាមការចេញផ្សាយដោយសារព័ត៌មាន Bloomberg នៅព្រឹកថ្ងៃសៅរ៍ ទី០១ ខែកុម្ភៈ ឆ្នាំ២០២០។
បើតាមទីភ្នាក់ងារសុខាភិបាលសាធារណៈស៊ុយអែត អ្នកជំងឺនៃវីរុសកូរ៉ូណាខាងលើ គឺជាស្ត្រីម្នាក់រស់នៅក្នុងតំបន់ ចុងខូភីង (Jonkoping) ភាគខាងត្បូងប្រទេសស៊ុយអែត ដែលធ្លាប់បានធ្វើដំណើរទៅកាន់ទីក្រុងវូហាន (Wuhan) ប្រទេសចិន។ ស្ត្រីរូបនេះទទួលបានការពិនិត្យសុខភាព ក្រោយត្រឡប់មកដល់ស៊ុយអែតវិញ នៅថ្ងៃទី២៤ ខែមករា កន្លងទៅ។
ដោយឡែកនៅថ្ងៃសុក្រុសប្ដាហ៍នេះដែរ (ម៉ោងនៅក្នុងតំបន់) អាជ្ញាធរសុខាភិបាលអេស្ប៉ាញ ក៏បានរាយការណ៍ពីករណីឆ្លងដំបូង នៃវីរុសកូរ៉ូណាផងដែរ បន្ទាប់ពីបុរសម្នាក់ត្រូវបានគេធ្វើរោគវិនិច្ឆ័យនៅឯតំបន់ ឡាហ្គោមែរ៉ា (La Gomera) នៃកោះ Canaries ហើយអ្នកជំងឺរូបនេះស្ថិតនៅក្នុងចំណោមមនុស្ស ០៥នាក់ ដែលកំពុងត្រូវបានតាមដានពិនិត្យ និងដាក់ឱ្យនៅឆ្ងាយពីគេឯង ដោយសារតែពួកគេធ្លាប់បានទាក់ទង ជាមួយបុរសជនជាតិអាល្លឺម៉ង់ម្នាក់មានផ្ទុកវីរុសកូរ៉ូណា។
គួរជម្រាបថា ចំនួនអ្នកស្លាប់ដោយសារវីរុសកូរ៉ូណាថ្មីបានកើនឡើងដល់ ២៥៩នាក់ហើយ និងបានឆ្លងដល់មនុស្ស ១១,៨២១នាក់នៅប្រទេសចិន និង ១២៤ករណីទៀតនៅទូទាំងពិភពលោក។ ខាងក្រោមនេះគឺជាតួលេខនៃចំនួនអ្នកស្លាប់ និងឆ្លងវីរុសកូរ៉ូណាថ្មី ព្រមទាំងប្រទេស និងតំបន់នានាទូទាំងពិភពលោក ដែលមានវត្តមានវីរុសដ៏កាចសាហាវនេះ។