អភិបាលខេត្តប៉ៃលិន៖ មន្រ្តីជំនាញ ដែលពាក់ព័ន្ធទាំងអស់ ត្រូវរួមសហការគ្នាទប់ស្កាត់រាល់ អំពើជួញដូរមនុស្ស ជាពិសេសស្ត្រី និងកុមារ
ខេត្តប៉ៃលិន៖ នៅក្នុងពិធីអញ្ជើញជួបសំណេះសំណាល និងសួរសុខទុក្ខ ក្មេងស្រីរងគ្រោះចំនួន៣នាក់ ដែលបានចាញ់បោកជនខិលខូច យកទៅលក់នៅប្រទេសថៃ នាពេលកន្លងមក ហើយបានមកស្នាក់នៅមណ្ទលគ្រួសារកម្ពុជា សាខាខេត្តប៉ៃលិន ស្ថិតក្នុងភូមិចំការការហ្វេ សង្កាត់ទូលល្វា ក្រុងប៉ៃលិន នារសៀលថ្ងៃទី៣០ ខែមករា ឆ្នាំ២០២០ លោក ផាន់ ចាន់ធុល អភិបាលខេត្តប៉ៃលិន បានមានប្រសាសន៍ ដោយជំរុញ ដល់មន្ត្រីជំនាញពាក់ព័ន្ធទាំងអស់ ត្រូវរួមសហការគ្នា ទប់ស្កាត់រាល់ អំពើជួញដូរមនុស្ស ជាពិសេសស្ត្រី និងកុមារ បន្ថែមទៀត ព្រោះនេះជាបទល្មើសឆ្លងដែន ដែលរាជរដ្ឋាភិបាល កំពុងយកចិត្តទុកដាក់បំផុត។
បើលោកស្រី ចន្ទ ថាវី ប្រធានមន្ទីរកិច្ចការនារីខេត្តប៉ៃលិន បានឱ្យដឹងថា៖ ក្មេងស្រីរងគ្រោះទាំង ០៣នាក់នេះ ត្រូវបានជនខិលខូចលួងលោម យកទៅលក់ ឱ្យថៅកែនៅប្រទេសថៃ ដោយឆ្លងកាត់ តាមច្រកស្រុកកំរៀង ហើយត្រូវបានសមត្ថកិច្ច ស្រុកកំរៀងឃាត់ខ្លួន បន្ទាប់មកសមត្ថកិច្ច ស្រុកកំរៀង ក៍បានប្រគល់ជនរងគ្រោះ អោយមកស្នាក់នៅមណ្ឌលគ្រួសារកម្ពុជា សាខាខេត្តប៉ៃលិន ដើម្បីធ្វើការប្រគល់ជនរងគ្រោះទាំងនោះ ឲ្យឱពុកម្តាយ យកត្រលប់ទៅផ្ទះរៀងៗខ្លួនវិញផងដែរ។
មានប្រសាសន៍ក្នុងពិធីនេះដែរលោក ផាន់ ចាន់ធុល អភិបាលខេត្តប៉ៃលិន បានលើកឡើងថា៖ អំពើជួញដូរមនុស្ស និងអំពើធ្វើអាជីវកម្មផ្លូវភេទ គឺជាបរិបទសាកល ដែលនៅតែបន្ត កើតមាន អាស្រ័យដោយកត្តាសំខាន់៣ គឺការអប់រំសង្គម ការអនុវត្ត ច្បាប់ នឹងការឆក់ឳកាស ពីជនល្មើស ដូច្នោះមន្រ្តីជំនាញ ដែលពាក់ព័ន្ធទាំងអស់ ត្រូវរួមសហការគ្នា ទប់ស្កាត់ ឲ្យបានដាច់ខាត នៅគ្រប់រូបភាព គ្រប់ទីកន្លែង ចំពោះការឆបោក ដែលឈានដល់ ការប្រព្រឹត្តបទល្មើស ជួញដូរមនុស្ស ជាពិសេសស្ត្រី និងកុមារ ហើយធ្វើយ៉ាងណា ត្រូវចាត់វិធានការ ស៊ើបអង្កេតស្រាវជ្រាវ និងបង្ក្រាប ឲ្យបានទាន់ពេលវេលា ។ លោកអភិបាលខេត្ត ក៍បានណែនាំដល់ក្មួយស្រីទាំង៣នាក់ ដែលបានរំដោះរួចផុតពីការបោកប្រាស់របស់ជនខិលខូច ហើយពេលត្រលប់ទៅស្រុកកំណើតវិញ ត្រូវមានការប្រុងប្រយ័ត្ន កុំឱ្យចាញ់បោកគេទៀត និងត្រូវ ខិតខំរៀន សូត្រយកចំនេះជំនាញ តាមរយៈការគាំទ្រពីមន្ទីរកិច្ចការនារីខេត្ត មន្ទីរសង្គមកិច្ចអតីតយុទ្ធជន និងយុវនិតិសម្បទាខេត្ត និងអង្គការឧបត្ថម្ភគ្រួសារកម្ពុជា ដែលជាគ្រូបង្គោល ដើម្បីយកចំនេះដឹង ជំនាញយកទៅអនុវត្ត ប្រកបមុខរបរចិញ្ជឹមជីវិត និងបង្កើនសេដ្ឋកិច្ចគ្រួសារទាំងមូលអោយបានការរីកចំរើនជាបន្តបន្ទាប់។
សូមបញ្ជាក់ថា៖ ក្មេងស្រីរងគ្រោះទាំង ០៣ នាក់ រួមមាន៖ ទី១/ឈ្មោះ ឈភ ភេទស្រីអាយុ១៨ ឆ្នាំ រស់នៅភូមិព្រៃទប់ ឃុំបឹងសាលាខាងជើង ស្រុកកំពងត្រាច ខេត្តកំពត ទី២/ឈ្មោះ ភគរ ភេទស្រីអាយុ ១៨ ឆ្នាំ រស់នៅភូមិព្រៃទប់ ឃុំបឹងសាលាខាងជើង ស្រុងកំពងត្រាច ខេត្តកំពត និងទី០៣ ឈ្មោះ ធសន ភេទស្រីអាយុ ១៤ ឆ្នាំរស់នៅភូមិស្វាយ ឃុំបឹងរាំង ស្រុកកំរៀង ខេត្តបាត់ដំបង៕