បុរសម្នាក់កើតវុីរ៉ុសកូរ៉ូណា បានដេកស្លាប់នៅមុខហាងនៅទីក្រុង វូហាន គ្មានអ្នកណាហ៊ានចូលទៅជិត
(វូហាន) ៖ បុរសវ័យចំណាសម្នាក់ ពាក់ម៉ាសមុខ នៅក្នុងដៃមានកាន់ថង់ប្លាស្ទិចមួយឥវ៉ាន់ក្នុងនោះ ត្រូវបានប្រទះឃើញដេក(សង្ស័យស្លាប់) នៅលើកម្រាលឥដ្ឋ មុខហាងលក់គ្រឿងសង្ហារិមដែលបិទទ្វារ
ក្នុងទីក្រុងវូហានប្រទេសចិន ដែលជាចំណុចដំបូង នៃការរីករាលដាល នៃនូវែលកូរ៉ូណាវីរុស នេះបើតាមទីភ្នាក់ងារសារព័ត៌មាន AFP បានចុះផ្សាយនៅថ្ងៃទី៣១ មករា ២០២០នេះ ។
អ្នកសារព័ត៌មាន AFP បានឃើញបុរសខាងលើ នៅព្រឹកថ្ងៃព្រហស្បតិ៍ម្សិលមិញនេះ គេឃើញអ្នកដំណើរឆ្លងកាត់ មានតិចតួចដែរ ប៉ុន្តែពួកគេ មិនហ៊ានចូលទៅជិតគាត់ឡើយ ។
មិនយូរប៉ុន្មាន មានរថយន្តសង្គ្រោះបន្ទាន់បានដឹកប៉ូលិសមកជាមួយបុគ្គលិកពេទ្យក្នុងឈុតការពាររាងកាយពេញពណ៌ខៀវ ដោយយកភួយពណ៌ខៀវមួយ មករុំខ្លួនរបស់គាត់ លើកដាក់រថយន្តសង្គ្រោះ បើកចាកចេញទៅ ហើយប៉ូលីសបានដាក់ស្លាកហាមឃាត់មួយ ដើម្បីកំណត់កន្លែងកើតហេតុ ។អ្នកព័ត៌មាន មិនអាចកំណត់ថា តើបុរសមានអាយុប្រហែល៦០ឆ្នាំនោះ បានស្លាប់ ឫក៏គ្រាន់តែ បានឆ្លងវីរុសដែលចេញរោគសញ្ញានៃជំងឺ យ៉ាងណានោះទេ ។
AFP បានទាក់ទងប៉ូលីស និងមន្ត្រីសុខាភិបាលក្នុងតំបន់នោះដែរ ប៉ុន្តែមិនអាចទទួលបានព័ត៌មានលំអិត អំពីករណីរបស់គាត់ទេ ។នៅកន្លែងកើតហេតុ អ្នកឈរមើលខ្លះ បានបង្ហាញពីការភ័យខ្លាច ដែលកំពុងតែរាលដាលពាសពេញទីក្រុងវូហាន ។ ស្ត្រីម្នាក់ស្លៀកសម្លៀកបំពាក់ពណ៌ផ្កាឈូកដែលឈរមើលក្បែរនោះមានពាក់ម៉ាសផង បាននិយាយថា នាងជឿជាក់ថា គាត់បានស្លាប់ដោយសារវីរុសនេះ ។ នាងនិយាយថា “វាគួរឱ្យខ្លាចណាស់” ។ សព្វថ្ងៃមនុស្សជាច្រើនបានស្លាប់ហើយ ។វូហានជាទីក្រុងឧស្សាហកម្ម ដែលមានប្រជាជនចំនួន១១លានស្ថិតនៅ គឺជាចំណុចកណ្តាល នៃការផ្ទុះឡើង នៃវីរុសថ្មីនេះ ដែលត្រូវបានគេជឿជាក់ថា បានឆ្លងចេញពីសត្វព្រៃទៅមនុស្ស នៅផ្សារមួយក្នុងទីក្រុងនេះ ។
រហូតមកដល់ពេលនេះ មេរោគ novel coronavirus បានសម្លាប់មនុស្សយ៉ាងហោចណាស់ ២១៣នាក់ហើយ និងឆ្លងជិត ១ម៉ឺននាក់ នៅក្នុងប្រទេសចិន ។ដោយសារ វីរុសបានរាលដាល ដល់ប្រទេសដទៃទៀត អង្គការសុខភាពពិភពលោក បានប្រកាសថា វិបត្តិនេះជាភាពអាសន្ន ផ្នែកសុខភាព លើពិភពលោក ។
លោក Tedros Adhanom Ghebreyesus ប្រធានអង្គការសុខភាពពិភពលោក បានប្រាប់អ្នកសារព័ត៌មានពីទីក្រុងហ្សឺណែវ ប្រទេសស្វីសថា ការព្រួយបារម្ភដ៏ធំរបស់យើង គឺសក្តានុពលនៃមេរោគ (កូរ៉ូណា) ដែលរាលដាលទៅកាន់ប្រទេសដែលមានប្រព័ន្ធសុខាភិបាលទន់ខ្សោយ។
លោកបានបន្តថា ប្រទេសទាំងអស់ត្រូវចូលរួមចាប់ពីពេលនេះ ដើម្បីទប់ស្កាត់ការរីករាលដាលនៃជំងឺនេះទៅមុខទៀត។ លោកបញ្ជាក់ថា៖ «យើងអាចចូលរួមបញ្ឈប់វាទាំងអស់គ្នាបាន»៕