នុះវីវរហើយអ្នកដែលចង់ល្បីហួស!!រដ្ឋមន្រ្តីសុខាភិបាល ស្នើឱ្យអាជ្ញាធរចាត់វិធានចំពោះអ្នកផ្សាយព័ត៌មានមិនពិត អំពីជំងឺរលាកផ្លូវដង្ហើមថ្មី
(ភ្នំពេញ)៖ លោក ម៉ម ប៊ុនហេង រដ្ឋមន្រ្តីក្រសួងសុខាភិបាលកម្ពុជា ស្នើដល់អាជ្ញាធរមានសមត្ថកិច្ច គួរចាត់វិធានការតាមផ្លូវច្បាប់ចំពោះអ្នកផ្សាយ ព័ត៌មានបំផ្លើសការពិតនៅលើបណ្តាញទំនាក់ទំនងសង្គម អំពីជំងឺរលាកផ្លូវដង្ហើមប្រភេទថ្មីកូរ៉ូណា ដែលទង្វើនេះធ្វើឲ្យប្រជាពលរដ្ឋមានការភ័យខ្លាច។លោកបាននិយាយថា៖«ខ្ញុំយល់ថាគាត់មានចេតនាបំភ័យប្រជាជនពិតប្រាកដ ត្រូវអាជ្ញាធរមានវិធានការតាមផ្លូវច្បាប់»។
សូមបញ្ជាក់ថា នៅព្រឹកថ្ងៃទី២៩ ខែមករា ឆ្នាំ២០២០ មានការផ្សព្វផ្សាយនៅលើបណ្តាញទំនាក់ទំនងសង្គមថា មានអ្នកជំងឺជនជាតិចិនម្នាក់ផ្ទុកវីរុសកូរ៉ូណា ត្រូវបានគេយកទៅព្យាបាលនៅមន្ទីរពេទ្យរុស្ស៉ី បណ្តាលឱ្យមានការភ្ញាក់ផ្អើលយ៉ាងខ្លាំង ស្របពេលដែលរាជរដ្ឋាភិបាលកម្ពុជា កំពុងចាត់វិធានការចំពោះអ្នកអ្នកប្រឌិតព័ត៌មានអំពីជំងឺរលាកផ្លូវដង្ហើមថ្មី ដែលចែកចាយតាមបណ្តាញសង្គមថា ម្តងនៅខេត្តនេះម្តងនៅខេត្តនោះបណ្តាលឱ្យការច្រួលច្របល់។
ពាក់ព័ន្ធនឹងករណីនេះប្រធានមន្ទីរពេទ្យរុស្ស៉ី និងលោកអភិបាលខណ្ឌបឹងកេងកង នៅវេលាថ្ងៃត្រង់ទី២៩ ខែមករា ឆ្នាំ២០២០នេះបានធ្វើសន្និសីទសារព័ត៌មាន ដោយបញ្ជាក់ថា មិនមានករណីអ្នកជំងឺកូរ៉ូណា នៅក្នុងមន្ទីរពេទ្យរុស្ស៉ីនោះទេ ពោលគឺមិនដូចពាក្យចចាមអារ៉ាមផ្សាយតាមបណ្តាញសង្គមនោះឡើយ។
អ្នកនាំពាក្យរដ្ឋបាលរាជធានីភ្នំពេញ លោក ម៉េត មាសភក្តី បានបញ្ជាក់ឱ្យដឹងថា រហូតមកដល់ពេលនេះ ពុំទាន់រកឃើញករណីជំងឺរលាកផ្លូវដង្ហើមថ្មីកូរ៉ូណា (Coronavirus) នៅក្នុងមន្ទីរពេទ្យរុស្ស៉ី ក៏ដូចជានៅទូទាំងរាជធានីភ្នំពេញ ដូចពាក្យចចាមអារ៉ាមតាមបណ្តាញសង្គមនោះឡើយ។
ពាក់ព័ន្ធនឹងការចែកចាយដំណឹងមិនពិតនេះអំពីជំងឺរលាកផ្លូវដង្ហើមប្រភេទថ្មីនេះ រដ្ឋមន្រ្តីក្រសួងសុខាភិបាល លោក ម៉ម ប៊ុនហេង ក៏បានច្រានចោលនូវការចុះផ្សព្វផ្សាយថា មានករណីជំងឺផ្លូវដង្ហើមថ្មី២ករណីនៅលើខ្លួនជនជាតិចិន២នាក់ ក្នុងទឹកដីខេត្តកោះកុងផងដែរ។
រហូតមកដល់ពេលនេះ តាមការបញ្ជាក់របស់រដ្ឋមន្រ្តីសុខាភិបាល កម្ពុជាទើបនឹងមានករណីជំងឺរលាកផ្លូវដង្ហើមថ្មីកូរ៉ូណា ១ករណីតែប៉ុណ្ណោះ។ មេរោគនេះ ត្រូវបានរកឃើញនៅលើខ្លួនជនជាតិចិនម្នាក់ អាយុ៦០ឆ្នាំ ដែលធ្វើដំណើរពីក្រុងវូហាន ខេត្តហួប៉ី ប្រទេសចិន ចូលមកដល់ខេត្តព្រះសីហនុ នៅថ្ងៃទី២៣ ខែមករា ឆ្នាំ២០២០។ ជនជាតិចិនរូបនោះ មកជាមួយក្រុមគ្រួសារ៣នាក់ទៀត ប៉ុន្តែក្រុមគ្រួសាររបស់គាត់ រហូតមកដល់ពេលនេះ ពុំទាន់រកឃើញថាបានឆ្លងជំងឺកាចសាហាវនេះឡើយ។ពាក់ព័ន្ធនឹង ស្ថានភាពជំងឺជនជាតិចិនខាងលើនេះវិញ រហូតមកទល់ពេលនេះ ស្ថានភាពជំងឺពុំមានលក្ខណៈធ្ងន់ធ្ងរឡើយ ហើយកំពុងវិលទៅរកភាពប្រសើរឡើង៕