លោកជា អូន៖ មិនអាចបិទជើងហោះហើរពីចិនទាំងមូលបានទេ ព្រោះបើបិទអាចធ្វើឲ្យប៉ះពាល់ដល់សេដ្ឋជាតិទាំងមូល
ភ្នំពេញ៖ មិនអាចបិទការហោះហើរពីចិន មកកម្ពុជា បានទេព្រោះកាលណាបិទអាចធ្វើឲ្យប៉ះពាល់ដល់សេដ្ឋជាតិទាំងមូល ។ ប៉ុន្តែទោះបីជាយ៉ាងណា លោកបញ្ជាក់ថា ចំពោះជើងហោះហើរ ពីក្រុងវូហាន មកកាន់កម្ពុជា គឺបានបិទតាំងពីថ្ងៃទី២៣ ខែមករា ឆ្នាំ២០២០មកម្ល៉េះ។ នេះបើយោងតាមការសា្រយបំភ្លឺពីលោក ជា អូន អ្នកនាំពាក្យរដ្ឋលេខាធិការដ្ឋាន នៃអាកាសចរស៊ីវិល។
ក្នុងខណៈពេលនេះ មានពលរដ្ឋជាច្រើនបានសំណូមពរឲ្យរដ្ឋាភិបាលបិទជើងហោះហើរទាំងមូលពីប្រទេសចិន មកកម្ពុជាក្រោយពីមន្រ្តីសុខាភិបាលកម្ពុជា បានរកឃើញករណីឆ្លងជំងឺប្រភេទថ្មីនេះ កាលពីថ្ងៃ២៧ មករា ទៅលើបុរសជនជាតិចិនម្នាក់ អាយុជាង៦០ឆ្នាំ ដែលធ្វើដំណើរមកពីក្រុងវូហាន ប្រទេសចិន ជាទីដែលនាំឲ្យកើតជំងឺកូរ៉ូណា ដើម្បីបង្កាជំងឺប្រភេទថ្មីនេះ។
បើតាមការអះអាង របស់នាយកដ្ឋានប្រយុទ្ធប្រឆាំងនឹងជំងឺឆ្លង CDC រហូតដល់ថ្ងៃត្រង់២៨ មករា ស្ថានភាពសុខភាពល្អបុរសនោះ គ្មានរោគសញ្ញាធ្ងន់ធ្ងរអ្វីទេ ។ ក្នុងនោះ ក៏បានរកឃើញអ្នកប៉ះពាល់ និងជិះយន្តហោះជាមួយអ្នកជំងឺ ដោយរហូតពេលនេះ ពុំមានអ្នកចេញរោគសញ្ញាអ្វីនៅឡើយ ។
ចំពោះព័ត៌មានថា មានជនជាតិចិនប្រមាណជា៣ពាន់នាក់ មកពីក្រុងវូហានដែលបានផ្ទុះជំងឺកូរ៉ូណា ចូលមកក្នុងខេត្តព្រះសីហនុ លោកថា ពិតជាមានប្រាកដមែន ប៉ុន្តែភាគីពាក់ព័ន្ធបានយកចិត្តទុកដាក់ដើម្បីតាមដានអំពីស្ថានភាពនៃវិរុសនេះ ពីពួកគេយ៉ាងយកចិត្តទុកដាក់បំផុត ៕