លោក ពេជ្រ ស្រស់ ចុះចែកម៉ាស់ដល់បងប្អូនកម្មករ-កម្មការនី នៅរោងចក្រ សាន ចូវ ក្នុងរាជធានីភ្នំពេញ
(ភ្នំពេញ)៖លោក ពេជ្រ ស្រស់ ដែលជាប្រធានគណបក្សយុវជនកម្ពុជា និងជាសមាជិកឧត្តមក្រុមប្រឹក្សាពិគ្រោះ និងផ្ដល់យោបល់នៅព្រឹកថ្ងៃទី២៨ ខែមករា ឆ្នាំ២០២០នេះ បានចុះផ្ទាល់ដើម្បីចែកម៉ាសជូនដល់កម្មករកម្មការិនីដែលកំពុងបម្រើការងារនៅរោងចក្រ សាន ចូវ ក្នុងភូមិទួលពង្រ ក្នុងទីក្រុងភ្នំពេញ ។
ប្រធានគណបក្សយុវជនកម្ពុជារូបនេះ បានសរសេរនៅលើបណ្ដាញសង្គមហ្វេសប៊ុករបស់ខ្លួនថា
«នៅព្រឹកនេះ ខ្ញុំបានចុះចែកម៉ាស់ដល់បងប្អូនកម្មករ កម្មការនី នៅរោងចក្រសាន ចូវ ក្នុងភូមិទួលពង្រ ភ្នំពេញ ។ ខ្ញុំសង្កេតឃើញថាបងប្អូនកម្មករ កម្មការនីមិនទាន់ដឹងច្បាស់អំពីមេរោគថ្មីដ៏កាចសាហាវឈ្មោះ Corona នៅឡើយនោះទេ»។
ជាមួយគ្នានោះលោកក៏បានអំពាវនាវដល់គណៈគ្រប់គ្រងរោងចក្រកាត់ដេរទាំងអស់ និងសហជីពព្រមទាំងក្រសួងការងារ អោយជួយផ្សព្វផ្សាយអំពីវិធីបង្ការមេរោគថ្មីកុំឲ្យឆ្លងដល់ពួកគាត់ផងដែរ។
សូមជំរាបថា ក្រសួងសុខាភិបាល បានចេញសេចក្តីប្រកាសផ្លូវការថា គិតត្រឹមល្ងាចថ្ងៃទី២៧ ខែមករា ឆ្នាំ២០២០ ថាក្រសួងសុខាភិបាល បានរកឃើញករណីជំងឺផ្លូវដង្ហើមថ្មី ដែលបង្កឡើងដោយវីរុសកូរ៉ូណា នៅលើជនជាតិចិនម្នាក់ ដែលចាកចេញពីទីក្រុង វូហាន ប្រទេសចិន ចូលមកកាន់ប្រទេសកម្ពុជា តាមអាកាសយានដ្ឋានអន្តរជាតិព្រះសីហនុ៕
សកម្មភាពចែកម៉ាស់ដល់បងប្អូនកម្មករ កម្មការនី ២៨/០១/២០២០
Posted by Pich Sros – ពេជ្រ ស្រស់ on Monday, January 27, 2020