ករណីអគ្គីភ័យនៅក្នុងប្រទេសកូរ៉េខាងត្បូងមិនមានខ្មែរយើង ឬក៏ជនជាតិបរទេសណាម្នាក់ទេ
ថ្ងៃទី០៦ ខែមេសា ឆ្នាំ២០១៩ ម៉ោង 08:24 PM
កូរ៉េខាងត្បូង៖ ករណីអគ្គីភ័យនៅក្នុងប្រទេសកូរ៉េខាងត្បូង គឺមិនមានខ្មែរយើង ឬក៏ជនជាតិបរទេសណាម្នាក់ បានរងគ្រោះថ្នាក់នោះទេ ។ តាមការបញ្ជាក់លោកឡុង ឌីម៉ង ឯកអគ្គរាជទូតប្រចាំប្រទេសកូរ៉េខាងត្បូងប្រាប់ភ្នាក់ងារសារព័ត៌មាននាថ្ងៃទី០៦ ខែមេសា ឆ្នាំ២០១៩ នេះ ។
គួររំលឹកទៀតថា កាលពីម៉ោង០៧ និង១៧នាទីយប់(ម៉ោងក្នុងស្រុក)ថ្ងៃទី០៤ ខែមេសា ឆ្នាំ២០១៩ មានអគ្គីភ័យមួយបានឆាបឆេះ នៅទីក្រុងGoseong ដែលបណ្តាលមកពីការទុស្សេខ្សែភ្លើង ហើយក្រោយមកក៏មានខ្យល់បោកបក់យ៉ាងខ្លាំង ដែលធ្វើអោយភ្លើងឆេះរាលយ៉ាងលឿន និងគ្រប់គ្រងលែងបាន។
បន្ទាប់ពីមិនអាចទប់ស្កាត់អគ្គីភ័យបាន នៅព្រឹកទី០៥ ខែមេសា ឆ្នាំ២០១៩ លោកម៉ូន ចេអ៊ីន បានចុះទៅដល់កន្លែងកើតដែលមានអគ្គីភ័យឆាបឆេះ ហើយរដ្ឋាភិបាលកូរ៉េ បានដាក់ទីក្រុងGoseong ជាតំបន់គ្រោះថា្នក់ និងបានប្រកាសអាសន្នភ្លាមៗ។ រដ្ឋាភិបាលកូរ៉េខាងត្បូង បានដាក់ឲ្យចល័តប្រើប្រាស់រថយន្តពន្លត់អគ្គីភ័យប្រមាណ៩០០គ្រឿង កងកម្លាំងពន្លត់អគ្គីភ័យ ១៣០០០នាក់ ឧទ្ធម្ភាគចក្រប្រមាណ៣៥គ្រឿង និងកងទាហានចល័តចំនួន១៦៥០០នាក់ ទៅកន្លែងកើតហេតុ ដើម្បីបញ្ចៀសការរាលដាលកាន់តែខ្លាំងបន្ថែមទៀត។
ហើយខណៈនេះអគ្គីភ័យបានរលត់ជាស្ថាពរនៅថ្ងៃ០៥ ខែមេសា ឆ្នាំ២០១៩ វេលាម៉ោងប្រមាណជា១១ព្រឹក ។ ហេតុការណ៍ នេះបានបណ្តាលឱ្យមានមនុស្ស២នាក់បាត់បង់ជីវិត រងរបួស១១នាក់ អគារតូចធំ និងផ្ទះសម្បែងជាង៤០០ខ្នង និងព្រៃឈើជាង៥០០ហិកតា ត្រូវបានបំផ្លាញដោយអគ្គីភ័យនេះ ហើយប្រជាជនប្រមាណជាង២៤០០នាក់ត្រូវបានជម្លៀសទៅកាន់ទីក្រុងសុវត្ថិ ក្បែរ Sokcho Gangneung និង Donghae ។
អត្ថបទ៖ សីហា