មិនប្រហែសទេ! កម្ពុជា ផ្អាកជើងហោះហើរបណ្តោះអាសន្ន ពីទីក្រុងហ្វូហាន ក្រោយផ្ទុះកូរ៉ូណាវីរុសប្រភេទថ្មីនៅចិន

បើយោងតាមលោក ជា អូន អ្នកនាំពាក្យរដ្ឋលេខាធិការដ្ឋាននៃអាកាសចរស៊ីវិលកម្ពុជា បានផ្តល់កិច្ចសម្ភាសន៍ដល់វិទ្យុបារាំងថា ជើងហោះហើរពីទីក្រុងហ្វូហាន ខេត្តហ៊ឺប៉ី នៃប្រទេសចិន ត្រូវបានផ្អាកជាបណ្តោះអាសន្ន នារយៈពេលប៉ុន្មានថ្ងៃមកនេះ បន្ទាប់ពីមានករណីជំងឺរលាកសួតប្រភេទថ្មី។

ដោយសារមេរោគមិនស្គាល់អត្តសញ្ញាណនេះ បានបន្តរាតត្បាតនៅក្នុងប្រទេសចិន និងឆ្លងចេញទៅប្រទេសដទៃកាន់តែច្រើនទៀត អាជ្ញាធរចិនបានសម្រេចបិទចរាចរណ៍និងសកម្មភាពនានាក្នុងទីក្រុងអ៊ូហាន ដែលមានប្រជាជន១១លាននាក់នេះ កាលពីថ្ងៃព្រហស្បតិ៍ទី២៣ ខែមករា នេះ។

សូមបញ្ជាក់ថា គិតត្រឹមថ្ងៃទី២៥ ខែ​មករា នេះ អ្នកឆ្លងជំងឺ​មាន​ដល់​ទៅជាង១៣០០នាក់ ខណៈចំនួនអ្នកស្លាប់កើន​ដល់៤១នាក់ ដែលស្ថិតនៅ​ក្នុង​ប្រទេសចិនទាំងអស់។ ក្រៅពីប្រទេស៤នៅអាស៊ានមានដូចជា ថៃ វៀតណាម សិង្ហបុរី ម៉ាឡេស៊ី និង​ចិន ព្រមទាំងប្រទេស តំបន់ផ្សេងទៀតដែលរកឃើញវត្តមានកូរ៉ូណាវីរុសរួមមាន ហុងកុង បារាំង តៃវ៉ាន់ ម៉ាកាវ ជប៉ុន កូរ៉េខាងត្បូង សហរដ្ឋអាមេរិក អូស្ត្រាលី និង​នេប៉ាល់៕

ដោយ៖ ស៊ាងម៉ី

អត្ថបទដែលជាប់ទាក់ទង

This will close in 5 seconds