កម្ពុជាខាតបង់រាប់រយលានដុល្លារ ក្នុងសេដ្ឋកិច្ចជាតិ ដោយសារតែការធ្លុះធ្លាយក្នុងវិស័យទេសចរណ៍
ថ្ងៃទី ០៦ ខែមេសា ឆ្នាំ២០១៩
រាជធានីភ្នំពេញ ៖ រដ្ឋមន្ត្រីទេសចរណ៍ លោក ថោង ខុន បានថ្លែងឲ្យដឹងថាដើម្បីភាពរីកចម្រើននៃវិស័យទេសចរណ៍នៅកម្ពុជា គឺទាមទារឲ្យគ្រប់ភាគីចូលរួមក្នុងការជំរុញការនាំចេញនឹងកន្លែង និងការកាត់បន្ថយការធ្លុះធ្លាយសេដ្ឋកិច្ចក្នុងវិស័យទេសចរណ៍ រួមចំណែករក្សាស្ថិរភាព និងកំណើនសេដ្ឋកិច្ចជាតិ ព្រោះការធ្លុះធ្លាយ គឺកើតឡើងដោយសារការនាំចូលវត្ថុធាតុដើមពីក្រៅប្រទេស មកកម្ពុជា ។
លោក ថោង ខុន រដ្ឋមន្ត្រីក្រសួងទេសចរណ៍ មានប្រសាសន៍បញ្ជាក់ថា «បើកម្ពុជាទប់ស្កាត់ ការធ្លុះធ្លោយក្នុងវិស័យទេសចរណ៍បាន១០% បន្ថែមទៀត កម្ពុជានឹងអាចចំណេញបានប្រមាណ ៤០០លានដុល្លារ ក្នុងសេដ្ឋកិច្ចជាតិ ខណៈបច្ចុប្បន្នយើងនៅមានការធ្លុះធ្លាយក្នុង វិស័យទេសចរណ៍ប្រមាណ ២៥% នៅឡើយ»។ ថ្លែងក្នុងពិធីបើកសន្និបាតផ្ទៃក្នុងក្រសួង ដើម្បីបូកសរុបការងារប្រចាំឆ្នាំ២០១៨ ត្រីមាសទី១ ឆ្នាំ២០១៩ និងលើកទិសដៅបន្តនៅត្រីមាសទី២ និងទី៣ ឆ្នាំ២០១៩ ដែលពិធីនេះធ្វើឡើងនៅទីស្ដីការក្រសួងទេសចរណ៍ រយៈពេល២ថ្ងៃ ចាប់ពីថ្ងៃទី០២-០៣ ខែមេសា ឆ្នាំ២០១៩ លោករដ្ឋមន្ត្រីបញ្ជាក់បន្ថែមថា ការធ្លុះធ្លាយទូទៅក្នុងវិស័យទេសចរណ៍នេះ នៅក្នុងប្រទេសអភិវឌ្ឍន៍ក៏នៅតែមានប្រមាណ ១៥% ដូចជា ការនាំចូលស្រាល្អៗជាដើម។
លោក ថោង ខុន មានប្រសាសន៍ពន្យល់ថា «ការធ្លុះធ្លាយថវិកាក្នុងវិស័យទេសចរណ៍នេះ មិនមែនកើតឡើងដោយសារអំពើពុករលួយ ឬការបាត់ថវិកាអ្វីនោះទេ គឺកើតឡើងដោយសារការនាំចូលវត្ថុធាតុដើមពីក្រៅប្រទេស ដើម្បីយកមកបម្រើដល់វិស័យទេសចរណ៍ ដូចជាការនាំស្រាល្អៗ បន្លែ សាច់ សូម្បីការទិញសង្ហារឹម និងការទិញដែកពីក្រៅប្រទេសយកមកធ្វើសណ្ឋាគារ ក៏គេចាត់ទុកជាការធ្លុះធ្លាយផងដែរ»។ ហេតុដូច្នេះហើយទើបឯកឧត្តមរដ្ឋមន្ត្រីដ៏មមាញឹករូបនេះ តែងតែដាស់តឿនដល់គ្រប់ភាគីពាក់ព័ន្ធទាំងអស់នៅក្នុងវិស័យទេសចរណ៍ ត្រូវរួមគ្នាជំរុញផែនការនេះឱ្យអស់ពីលទ្ធភាព ដើម្បីបង្កើនចំណូលពីវិស័យទេសចរណ៍ចាក់បញ្ចូលក្នុងសេដ្ឋកិច្ចជាតិឱ្យបានកាន់តែច្រើន ខណៈកម្ពុជារំពឹងទុកថា នឹងទទួលបានចំណូល ៥ពាន់លានដុល្លារ នៅឆ្នាំ២០២០ និងរំពឹងថានឹងបានប្រមាណ១០ពាន់លានដុល្លារ នៅឆ្នាំ២០៣០។ សូមជម្រាបថា វិស័យទេសចរណ៍ត្រូវបានរាជរដ្ឋាភិបាលកម្ពុជាចាត់ជា «មាសបៃតង» ដែលបាននាំថវិកាចាក់បញ្ចូលក្នុងសេដ្ឋកិច្ចជាតិប្រមាណ ៣,៦៣៨លានដុល្លារ នៅឆ្នាំ២០១៧ និងប្រមាណ ៤,៣៥៦លានដុល្លារ នៅឆ្នាំ២០១៨ កន្លងទៅ ។
ពាក់ព័ន្ធនឹងការនាំចេញនៅនឹងកន្លែង និងការកាត់បន្ថយការធ្លុះធ្លាយសេដ្ឋកិច្ចក្នុងវិស័យទេសចរណ៍នេះ លោក ថោង ខុន បានជំរុញឱ្យគ្រប់គោលដៅទេសចរណ៍ ត្រូវខិតខំអនុវត្តន៍ឱ្យមានប្រសិទ្ធភាពនូវអនុសាសន៍របស់សម្តេចតេជោនាយករដ្ឋមន្ត្រី គឺការរៀបចំឱ្យមានការអភិវឌ្ឍន៍ «ខ្សែក្រវាត់បៃតង» ការខិតខំផលិតនូវផលិតផលដែលមានគុណភាព និងសោភ័ណភាព ឆ្លើយតបនឹងតម្រូវការទីផ្សារទេសចរណ៍ជាតិ-អន្តរជាតិ ដែលរាប់តាំងពីគ្រឿងសង្ហារឹម ផលិតផល សិប្បកម្ម កសិកម្ម ម្ហូបអាហារបន្លែ សាច់ ផ្លែឈើ ផ្កាជាដើម ធ្វើយ៉ាងណាកាត់បន្ថយឱ្យបានច្រើនចំពោះការការនាំចូលពីខាងក្រៅ ។
យោងតាមព័ត៌មានពីហ្វេសប៊ុកផេករបស់ ក្រសួងទេសចរណ៍បានឲ្យដឹងថា វិស័យទេស ចរណ៍កម្ពុជា មានការរីកចម្រើនគួរកត់សម្គាល់ក្នុងទស្សវត្សចុងក្រោយនេះ ដោយឆ្នាំ២០១៨ កម្ពុជាទទួលទេសចរអន្តរជាតិបានប្រមាណ ៦,២លាននាក់ ក្នុងកំណើន ១០,៧% ដោយបាននាំមកនូវចំណូលជូនជាតិ ៤.៣៥៦លានដុល្លារអាមេរិក រួមចំណែក ១២,៧% នៃផលិតផលក្នុងស្រុកសរុប (GDP) និងបង្កើតការងារដោយផ្ទាល់ប្រមាណ ៦២ម៉ឺននាក់។ ជាក់ស្តែង ក្នុងរយៈពេល ០២ខែ ដើមឆ្នាំ២០១៩នេះ ទេសចរអន្តរជាតិមកទស្សនាកម្ពុជាមានចំនួន ១,២លាននាក់ ក្នុងកំណើន ៩,៣% ៕
អត្ថបទ ៖ ពេជ្រ គឹមស្រ៊ិន