ទុក្ខជាន់ទុក្ខ!! ធ្លាក់យន្តហោះបាញ់ទឹកពន្លត់ភ្លើងឆេះព្រៃនៅប្រទេសអូស្ត្រាលី ស្លាប់អ្នកពន្លត់អគ្គីភ័យអាមេរិក ៣នាក់
មន្រ្តីអូស្រ្តាលីបាននិយាយថា យន្តហោះទម្លាក់ទឹកដ៏ធំមួយគ្រឿងបានធ្លាក់ ខណៈដែលកំពុងប្រយុទ្ធប្រឆាំងនឹងភ្លើងឆេះព្រៃនៅភាគនិរតីនៃទីក្រុងស៊ីដនីកាលពីថ្ងៃព្រហស្បតិ៍ដោយបានសម្លាប់នាវិកអាមេរិកទាំង ៣ នាក់នៅលើយន្តហោះនោះ ។
ស្នងការសេវាពន្លត់អគ្គីភ័យរដ្ឋ New South Wales លោក Shane Fitzsimmons បាននិយាយថា អាជ្ញាធរបានបាត់ការទាក់ទងជាមួយយន្ដហោះ C-130 Hercules គ្រប់គ្រងដោយប្រទេសកាណាដាដែលកំពុងប្រតិបត្តិការនៅតំបន់ Snowy Monaro ភ្លាមៗមុនម៉ោង ១ និង ៣០ នាទីរសៀលថ្ងៃព្រហស្បតិ៍ ។
លោក Fitzsimmons បាននិយាយថា មនុស្សទាំង ៣ នាក់ដែលបានស្លាប់នៅក្នុងឧប្បត្តិហេតុនេះគឺជាប្រជាជននៃសហរដ្ឋអាមេរិកដែលជាប្រទេសមួយក្នុងចំណោមប្រទេសជាច្រើនដែលបានបញ្ជូនក្រុមអ្នកជំនាញពន្លត់អគ្គីភ័យដើម្បីជួយប្រយុទ្ធប្រឆាំងនឹងភ្លើងឆេះព្រៃដ៏សាហាវរបស់អូស្រ្តាលី ។
លោកបាននិយាយថា “ដួងចិត្តរបស់យើងនៅជាមួយអ្នកដែលកំពុងរងទុក្ខសម្រាប់ការបាត់បង់នូវនាវិកទាំងបីដ៏គួរឲ្យគោរពដែលបានចំណាយពេលវេលាជាច្រើនទសវត្សនៃជីវិតរបស់ពួកគេក្នុងការពន្លត់អគ្គីភ័យ និងការគ្រប់គ្រងភ្លើងឆេះ” ។
ឧប្បត្តិហេតុនេះបានបណ្តាលឲ្យចំនួនអ្នកស្លាប់នៅក្នុងភ្លើងឆេះព្រៃរបស់ប្រទេសអូស្រ្តាលីមានយ៉ាងហោចណាស់ ៣២ នាក់ចាប់តាំងពីវិបត្តិនេះបានចាប់ផ្តើមនៅក្នុងខែកញ្ញា ។
មូលហេតុនៃការធ្លាក់នេះមិនត្រូវបានគេដឹងភ្លាមៗនោះទេ ប៉ុន្តែលោក Fitzsimmons បាននិយាយនៅព្រឹកថ្ងៃព្រហស្បតិ៍ថា ខ្យល់បក់ខ្លាំងកំពុងធ្វើឲ្យការហោះហើររបស់យន្តហោះដ៏ធំនេះពិបាកខ្លាំង ។
លោក Fitzsimmons បាននិយាយថា ក្រុមហ៊ុនអាកាសចរណ៍ Coulson Aviation របស់ប្រទេសកាណាដាដែលជាម្ចាស់យន្តហោះក៏កំពុងប្រតិបត្តិការរបស់យន្តហោះធុនធំផ្សេងទៀតរបស់ខ្លួនប្រយុទ្ធប្រឆាំងនឹងភ្លើងឆេះនៅក្នុងរដ្ឋ New South Wales និងរដ្ឋ Victoria ផងដែរ ។
លោកបាននិយាយថា “យើងមានក្រុមពន្លត់អគ្គីភ័យ និងក្រុមនាវិកមួយចំនួនដែលស្ថិតនៅក្នុងតំបន់នោះ ហើយធ្វើការដើម្បីទប់ទល់ និងធ្វើការនៅជុំវិញភ្លើងឆេះនេះ” ។
អគ្គទេសាភិបាលរដ្ឋ New South Wales លោកស្រី Gladys Berejiklian បាននិយាយថា ការធ្លាក់នេះបានបង្ហាញពីការងារដ៏គ្រោះថ្នាក់ដែលត្រូវបានធ្វើឡើងដោយក្រុមពន្លត់អគ្គីភ័យ ខណៈដែលពួកគេបានព្យាយាមពន្លត់ភ្លើងឆេះព្រៃដ៏ធំនៅទូទាំងភាគអាគ្នេយ៍ប្រទេសអូស្ត្រាលី ៕ AFP