សិស្សសាលាអន្តរទ្វីបអាមេរិកាំង ដែលវាយសិស្សសាលាដូចគ្នាបណ្តាលឱ្យស្លាប់ ត្រូវតុលាការឃុំខ្លួន
(ភ្នំពេញ)៖ ចៅក្រមស៊ើបសួរសាលាដំបូងរាជធានីភ្នំពេញ លោក អ៊ុក សុវណ្ណារិទ្ធ បានបង្គាប់ឱ្យឃុំខ្លួនយុវសិស្ស នី លីស៊ាង អាយុ១៥ឆ្នាំ ជាសិស្សសាលាអន្តរទ្វីបអាមេរិកាំង AIS ដាក់ពន្ធនាគាររាជធានីភ្នំពេញ (PJ) ជាបណ្តោះអាសន្នហើយ ករណីវាយសិស្សសាលាដូចគ្នាបណ្តាលឱ្យស្លាប់។
យុវសិស្សខាងលើនេះ ត្រូវបានលោក សេង ហៀង ព្រះរាជអាជ្ញារងអមសាលាដំបូងរាជធានីភ្នំពេញ នៅព្រឹកថ្ងៃទី២១ ខែមករា ឆ្នាំ២០២០ បានចោទប្រកាន់ពីបទ ហិង្សាដោយចេតនាមានស្ថានទម្ងន់ទោស បណ្តាលឱ្យមរណភាពជនរងគ្រោះ តាមបញ្ញត្តិមាត្រា២២៤ នៃក្រមព្រហ្មទណ្ឌ។
យុវជនខាងលើនេះ ត្រូវបានសមត្ថកិច្ចនគបាលបញ្ជូនទៅកាន់សាលាដំបូងរាជធានីភ្នំពេញ កាលពីរសៀលថ្ងៃទី២០ ខែមករា ឆ្នាំ២០២០ ដើម្បីចាត់ការតាមនីតិវិធី ពាក់ពន្ធ័ករណីហិង្សាបណ្តាលស្លាប់យុវសិស្សដូចគ្នា។
យុវសិស្សរងគ្រោះឈ្មោះ សំ សន្ធិវង្ស ភេទប្រុស អាយុ១៤ឆ្នាំ រៀនថ្នាក់ទី៩(ឃ) នៃសាលាអន្តរទ្វីប អាមេរិចកាំង ត្រូវបានជនសង្ស័យខាងលើវាយរហូតដល់ស្លាប់ ពេលបញ្ជូលមកដល់មន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀត។ ហេតុការណ៍ភ្ញាក់ផ្អើលនេះ បានកេីតឡេីងកាលពីវេលាម៉ោង ៤៖៤០នាទីរសៀល ថ្ងៃទី១៨ ខែមករា ឆ្នាំ២០២០ នៅចំណុចផ្លូវ១៨៧ ជាប់របងសាលាអន្តរទ្វីបអាមេរិកាំង សង្កាត់ទំនប់ទឹក ខណ្ឌបឹងកេងកង រាជធានីភ្នំពេញ។
ប្រភពពីមិត្តភ័ក្ត្របានឲ្យដឹងថា នៅមុនកើតហេតុ ជនរងគ្រោះ និងជនសង្ស័យខាងលេីមានទំនាស់ពាក្យសម្តីជាមួយគ្នា ដោយប្រើពាក្យសម្តី «អាមឹង» ហើយក៏បានណាត់គ្នាវាយមួយទល់មួយ នៅផ្លូវ៤០២ ក្នុងសង្កាត់ទំនប់ទឹក ខណ្ឌបឹងកេងកង ចៃដន្យជនរងគ្រោះត្រូវដៃដល់វាយដួលសន្លប់ ហើយត្រូវមិត្តភ័ក្ត្ររួមថ្នាក់ដឹកយកទៅសង្គ្រោះនៅមន្ទីរពេទ្យរុស្សុី។ ប៉ុន្តែត្រូវបានគ្រូពេទ្យប្រាប់ថា ជនរងគ្រោះបានស្លាប់បាត់បង់ជីវិតទៅហើយ។ ភ្លាមៗជនដៃដល់ក៏បានរត់គេចខ្លួនផងដែរ។
ក្រោយពីកេីតហេតុមានករណីខាងលេីនេះ កម្លាំងសមត្ថកិច្ចប៉ុស្តិ៍បានសហការជាមួយកម្លាំងសមត្ថកិច្ចខណ្ឌ បានចុះមកដល់កន្លែងកើតហេតុ និងបានធ្វើការស្រាវជ្រាវរហូតឈានដល់ការឃាត់ខ្លួនបានជនដៃដល់ខាងលើបាននៅផ្ទះជនសង្ស័យតែម្តង៕