ក្នុង១ឆ្នាំៗមានសត្វឆ្កែជាង៣លានក្បាល ត្រូវបានសម្លាប់ធ្វើម្ហូមនៅកម្ពុជា !!
(ភ្នំពេញ)៖ មានហាងលក់សាច់ឆ្កែចំនួន១១០កន្លែង នៅភ្នំពេញ ក្នុងនោះហាងភាគច្រើនទើបតែចាប់ផ្តើមបើកក្នុងអំឡុងពេលពីរឆ្នាំចុងក្រោយប៉ុណ្ណោះ ដោយសារតែមុខរបរជួញដូរនេះមានការកើនឡើងជាបន្តបន្ទាប់។ នេះបើតាមការឲ្យដឹងពីអង្គការ FOUR PAWS។
អង្គការ FOUR PAWS បានបញ្ជាក់ថា ទោះបីជាមានជីវិតសត្វឆ្កែរហូតដល់ ៣លានក្បាល ត្រូវបានគេសម្លាប់ក្នុងមួយឆ្នាំៗក៏ដោយ ក៏ការជួញដូរសាច់ឆ្កែដ៏ឃោរឃៅនេះនៅកម្ពុជា ហាក់មានការអើពើយកចិត្តទុកដាក់តិចតួចប៉ុណ្ណោះ បើប្រៀបធៀបនឹងប្រទេសដែលនៅជិតខាងដូចជាវៀតណាមដើម។ យោងតាមការស្រាវជ្រាវលើទីផ្សាររបស់អង្គការ FOUR PAWS បានបង្ហាញនូវរបាយការណ៍គួរឲ្យភ្ជាក់ផ្អើលយ៉ាងខ្លាំង ខណៈដែលអ្នកឆ្លើយតបចំនួន ៥៣.៦% បានប្រាប់ថា ក្នុងជីវិតពួកគាត់ធ្លាប់បរិភោគសាច់ឆ្កែ (៧២.៤% ជាបុរស និង ៣៤.៨% ជាស្ត្រី)។
សត្វពាហនៈភាគច្រើនដែលត្រូវបានប្រើដើម្បីផ្គត់ផ្គង់អាជីវកម្មនៅអាស៊ីអាគ្នេយ៍ ត្រូវបានលួចយកពីគ្រួសារដែលចិញ្ចឹម ឬសត្វចិញ្ចឹមដែលវង្វេង។ បច្ចេកទេសសម្លាប់សត្វគឺព្រៃផ្សៃ សាហាវឃោរឃៅ និងគ្មានច្បាប់គ្រប់គ្រង រួមបញ្ចូលទាំងការពន្លិចក្នុងទឹក បាញ់កាំភ្លើងទាំងរស់ ចាក់ចំដើមទ្រូង វាយព្យួរ និងឆក់ខ្សែភ្លើងជាដើម។ អង្គការអន្តរជាតិដដែលនេះបានគូសបញ្ជាក់ថា ការធ្វើអាជីវកម្ម និងការប្រើប្រាស់សាច់ឆ្កែ និងឆ្មាមិនត្រឹមតែជាការគំរាមកំហែងដល់សុខុមាលភាពសត្វប៉ុណ្ណោះទេ ប៉ុន្តែវាក៏ជាការប៉ះពាល់ដល់សុខភាពសាធារណៈផងដែរ៕