អស់ក្តីបារម្មណ៍រឿងចោរទៀតហើយ!! ភូមិព្រះដាក់ ជាភូមិទី១ ក្នុងប្រទេសកម្ពុជាអនុវត្តជាផ្លូវការ «ផ្ទះ១ អំពូល១»
តាមទំព័រហ្វេសប៊ុកផ្លូវការរបស់លោក ឃឹម ហ្វីណង់ អភិបាលស្រុកបន្ទាយស្រី បានឱ្យដឹងថាពេលនេះ ម៉ោងនេះ ភូមិព្រះដាក់ បានអនុវត្តយុទ្ធនាការ «ផ្ទះ១ អំពូល១ហើយ» ។
លោកបានសរសេរថា៖ «សូមស្វាគមន៍សាធារណៈជនចំពោះការមកដល់ភូមិព្រះដាក់, ភូមិសាកល្បងនៃយុទ្ធនាការ “ផ្ទះ១ អំពូល១”។ សង្ឃឹមថាយើងទាំងអស់គ្នានឹងចូលរួមថែរក្សាដើម្បីភាពយូរអង្វែងនៃផលប្រយោជន៍រួមនៅក្នុងសហគមន៍របស់យើង» ។
លោកអភិបាលស្រុកវ័យក្មេងរូបនេះធ្លាប់បានលើកឡើងថា ៖ «ទៅលើកត្តាអំណោយផលនៃទីតាំងភូមិសាស្ត្រ ប្រជាសាស្ត្រ និងដើម្បីជម្រុញអោយគម្រោងសាកល្បងមានសន្ទុះលឿន ខ្ញុំបានសម្រចនឹងឲ្យដាក់បំពាក់អំពូលសូឡាប្រើប្រាស់ដោយពន្លឺព្រះអាទិត្យចំនួន៥១៨ឈុត នៅតាមផ្ទះទាំង៥១៨ខ្នង នៅក្នុងភូមិព្រះដាក់ទាំងមូល (ដែលជាភូមិ ដែលធំជាងគេនៅក្នុងស្រុកបន្ទាយស្រី) ក្រោមការឧបត្ថម្ភទាំងស្រុងពីសប្បុរសជនដំបូង ដែលគាំទ្រនិងឲ្យតម្លៃទៅលើយុទ្ធនាការនេះ» ៕