ក្មេងស្រីសិស្សវិទ្យាល័យផ្សារដើមថ្កូវដែលត្រូវក្រុមក្មេងស្រី ៤នាក់វាយ ត្រូវបានម្ចាស់ហាងពេជ្រ ដាណា ផ្តល់អំណោយលើកទឹកចិត្ត
(ភ្នំពេញ)៖ លោកស្រី ទ្រី ដាណា ម្ចាស់ហាងពេជ្រ ដាណា នៅក្នុងរាជធានីភ្នំពេញ បានជួបផ្ទាល់ជាមួយក្មេងស្រីសិស្សវិទ្យាល័យផ្សារដើមថ្កូវ និងឪពុកម្តាយ ហើយបានលើកទឹកចិត្តឲ្យក្មេងស្រីរងគ្រោះ ដែលត្រូវបានក្រុមក្មេងស្រី ៤នាក់ ព្រួតគ្នាវាយ ត្រូវតែរឹងមាំ និងខិតខខំប្រឹងប្រែងរៀនសូត្រ។ លោកស្រី ទ្រី ដាណា បានផ្តល់ខ្សែកពេជ្រ និងម៉ូតូថ្មីមួយគ្រឿង ដល់ក្មេងស្រីរងគ្រោះ។
ក្រោយទទួលបានអំណោយខាងលើ កាលពីថ្ងៃអាទិត្យ ទី១៩ ខែមករា ឆ្នាំ២០២០ លោក ឈិន សោភណ្ឌ ឪពុកក្មេងស្រីរងគ្រោះ បានបង្ហោះសារលើហ្វេសប៊ុកថា «សូមថ្លែងអំណរគុណដល់ម្ចាស់ហាងពេជ្រទ្រីដាណា ដែលផ្តល់អំណោយដល់កូនស្រីមរកត ខ្ញុំគ្មានអ្វីក្រៅពីម្រាមដៃដប់ អគុណដល់ទឹកចិត្តថ្លៃថ្លារបស់បងឡើយ និងសូមជូនពរបងស្រី និងក្រុមគ្រួសារអោយជួបសុភមង្គល នឹងជោគជ័យគ្រប់កាលៈទេសៈ»។ សូមបញ្ជាក់ថា លោកស្រី ទ្រី ដាណា គឺជាម្ចាស់ហាងពេជ្រ ដាណា នៅព្រែកព្នៅ ក្នុងរាជធានីភ្នំពេញ និងជាអគ្គនាយិកា ក្រុមហ៊ុន ដាណា ទ្រី ខេមបូឌា ត្រេនឌីង ខូអិលធីឌី ដែលនាំចូល និងចែកចាយផ្ដាច់មុខនូវផលិតផលកែសម្ផស្ស NNP។
ក្មេងស្រីរងគ្រោះ មរកត អាយុ ១៤ឆ្នាំ រៀនថ្នាក់ទី៨ នៅវិទ្យាល័យផ្សារដើមថ្កូវ ខណ្ឌចំការមន រាជធានីភ្នំពេញ ត្រូវបានក្រុមក្មេងស្រីទំនើងមួយក្រុម មានគ្នា ៤នាក់ ព្រួតគ្នាវាយទាត់ធាក់ក្នុងថ្នាក់រៀន ហើយថតវិដេអូ។ វិដេអូនោះ ត្រូវបានបង្ហោះតាមហ្វេសប៊ុក នៅថ្ងៃទី១៦ ខែមករា ឆ្នាំ២០២០។ ភ្លាមៗ ក្រុមក្មេងស្រីទំនើង ៤នាក់ ត្រូវបានប៉ូលិសចាប់ខ្លួន ហើយនៅថ្ងៃទី១៧មករា ឆ្នាំ២០២០ ក៏មានការសម្របសម្រួល ដោះស្រាយនៅស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ដោយក្រុមក្មេងស្រីទំនើងទាំង ៤នាក់ បានសំពះសុំទោស ហើយប៉ូលិសបានថតវិដេអូពីការសុំទោសនោះ បង្ហោះតាមហ្វេសប៊ុក។ ក្រុមក្មេងស្រីទំនើង ក៏បានផ្តល់សំណង ២០០០ ដុល្លារដល់ក្មេងស្រីរងគ្រោះ។
ប៉ុន្តែនៅព្រលប់ថ្ងៃទី១៧មករា ឆ្នាំ២០២០ ក្មេងស្រីរងគ្រោះ នៅតែមិនស្ងប់ចិត្ត ហើយបានសំពះសុំអន្តរាគមន៍ពីសម្តេចតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ដោយស្នើសុំឲ្យតុលាការ ចាត់ការលើក្រុមក្មេងស្រីទាំងនោះ។
នៅថ្ងៃទី១៨ ខែមករា ឆ្នាំ២០២០ លោក ឈិន សោភណ្ឌ បានប្រកាសស្នើសុំក្រសួងមានសមត្ថកិច្ច និងតុលាការ ចាត់វិធានការផ្លូវច្បាប់លើក្រុមក្មេងស្រី ទាំង ៤នាក់ ដោយសារតែកូនស្រីលោក តក់ស្លុត ហើយមហាជនមួយចំនួន ក៏មិនអស់ចិត្ត នឹងចំណាត់ការសម្របសម្រួលក្រៅប្រព័ន្ធច្បាប់របស់ប៉ូលិស៕