MMA ​មិន​ពេញ​និយម​នៅខ្មែរ តែ​ រិន សារ័ត្ន​ ដក់ចិត្តស្រលាញ់តាំងពី២០១៣

ថ្ងៃទី០៦ ខែមេសា ឆ្នាំ២០១៩ ម៉ោង 01:00PM

កាល​ប៉ុន្មាន​ឆ្នាំ​មុន​​ក្បាច់​គុន​ចម្រុះ​ ឬ MMA មិន​សូវ​ជា​ពេញ​និយម​នៅ​​កម្ពុជា​ទេ ​ប៉ុន្តែ​ ​​មួយ​រយៈ​ចុង​ក្រោយ​​មាន​​ភាព​ផុលផុស​គួរ​សម​ដោយ​​មាន​ការ​បង្កើត​​ក្លឹប​​ MMA និង​ ​មាន​កីឡាករ​ចេញ​ទៅ​ប្រកួត​​ជា​លក្ខណៈ​អន្តរជាតិ​ញឹក​ញាប់​ជា​ពិសេស​សង្វៀន​​លំដាប់​ពិភព​លោក One Championship។ ហេតុ​អ្វី​បាន​ជា​ រិន សារ័ត្ន ​ចាប់​អាជីព​ជា​​កីឡាករ​គុន​ចម្រុះ​ ​តាំង​ពី​ដើម​​មក​ មិន​ព្រម​ចាប់​យក​ប្រដាល់?

អ្នក​លេង​គុន​ចម្រុះ​វ័យ​​ ​២៥​ ឆ្នាំ​​​បាន​​បង្ហើប​យ៉ាង​ដូច្នេះ ​៖«​ខ្ញុំ​​​ចាប់​អារម្មណ៍​ក្បាច់​គុន​ចម្រុះ​ដំបូង​​ពេល​ ​ស៊ីធីអិន​រៀប​ចំ​ការ​ប្រកួត​គុន​ចម្រុះ​ដំបូង​ នៅ​ឆ្នាំ​ ២០១៣​ ​ហើយ​គេ​​ក៏​ត្រូវ​ការ​ជ្រើស​រើស​កីឡាករ​ឲ្យ​ប្រកួត។​ ​​ដោយ​សារ​ខ្ញុំ​ស្រលាញ់​គុន​ចម្រុះ​ ទើប​ខ្ញុំ​​ទៅ​ទាក់ទង​​លោក​ គ្រូ​ ម៉ា សេរី ​និង​លោក​ ម៉ា ស៊ីថេត​ ​ដើម្បី​បាន​​ហ្វឹកហាត់​​និង​​ ​​​ចង់​​ឡើង​ប្រកួត​។​ ​ពេល​ពួក​គាត់​យល់​​ព្រម​ ​​ខ្ញុំ​ហ្វឹកហាត់​​ជា​មួយ​គ្រូ​​ចំនួន​ ៦ រូប​​មាន​ ​គ្រូ​ប្រដាល់​​​គុន​ខ្មែរ ​យូដូ ​និង គ្រូ​​MMA មក​ពី​បរទេស​។» ​​អ្នក​លេង​គុន​ចម្រុះ​ដដែល​នេះ​​គូស​បញ្ជាក់​​ទៀត​ ការ​រៀប​ចំ​របស់​ស៊ីធីអិន​ ជា​អ្នក​ជំរុញ​ឲ្យ​រូប​គេ​កាន់​តែ​ចូល​ចិត្ត​គុន​ចម្រុះ​ និង​ ​​​ឈាន​ដល់​​ការ​ប្រកួត​ជា​លក្ខណៈ​អន្តរជាតិ​តំណាង​ឲ្យ​កម្ពុជា​​រហូត​ដល់​សព្វថ្ងៃ។​

ដ្បិត​ចាប់​ផ្ដើម​ហ្វឹកហាត់​ក្បាច់​គុន​ចម្រុះ​​​​អំឡុង​ ស៊ីធីអិន​ រៀប​ចំ​ការ​ប្រកួត​នៅ​ឆ្នាំ​ ២០១៣ និង ២០១៤​ តែ​ សារ័ត្ន ​ក៏​​បាន​បែរ​ទៅ​​ហាត់​ប្រដាល់​នៅ​ក្លឹប​មួយ​នៅ​ប្រទេស​ថៃ​ក្រោយ​​ស្ថានីយ​ទូរទស្សន៍​ក្នុង​ស្រុក​​មួយ​នេះ​ផ្អាក​ការ​ប្រកួត​ ជើង​ឯក​ក្បាច់​គុន​ចម្រុះ។​ ​សារ័ត្ន ​នៅ​ចាំ​ថា​រូប​គេ​ធ្លាប់​ប្រកួត​ប្រដាល់​បាន​ចំនួន​ ៣២ ដង ដែល​ក្នុង​នោះ​​ឈ្នះ ​២៥ ដង។​ ​បែប​ណា​ក៏​ដោយ​ ក្ដី​ស្រលាញ់​​គុន​ចម្រុះ​មិន​អាច​កាត់​ផ្ដាច់​បាន​នោះ​ទេ​ ពោល​ ​​​​អ្នក​លេង​គុន​ចម្រុះ​មកពី​ខេត្ត​ព្រៃ​វែង​រូប​នេះ​​នៅ​តែ​ចិញ្ចឹម​ចិត្ត​ហាត់​​ក្បាច់​ចម្រុះ​នេះ​ដដែល។​ ​​នៅ​ឆ្នាំ​ ២០១៧ ​​គេ​បាន​ស្គាល់​ លោក ហ៊ុន ច័ន្ទរាជ្យ ដែល​គ្រូ​បង្វឹក​ក្បាច់​គុន​ចម្រុះ​​នៅ​ក្លិប​ Cambodian Top Team ​បច្ចុប្បន្ន។ ​រហូត​ដល់​ឆ្នាំ​ ​២០១៨​ ទើប​អ្នក​លេង​គុន​ចម្រុះ​មាន​បទ​ពិសោធន៍​ច្រើន​នៅ​សង្វៀន​ One Championship រូប​​នេះ​​​ចូល​ហ្វឹកហាត់​ និង ស្នាក់​នៅ​ជា​មួយ​លោក ហ៊ុន​ ច័ន្ទរាជ្យ ​រហូត​ដល់​បច្ចុប្បន្ន។   កីឡាករ​ដែល​ប្រកួត​គុន​ចម្រុះ​​ផ្លូវ​​ការ​បាន​ ១០ ​ដង​រូប​នេះ​បាន​សង្កត់​ធ្ងន់​​ទៀត​ថា​ ៖«​ខ្ញុំ​ស្រលាញ់​វា​ ​ហើយ​វា​ជា​ក្បាច់​គុន​​លំបាក​​មួយ​ ហើយ​យើង​ហ្វឹកហាត់​ត្រូវ​តែ​មាន​គ្រូ។​

ចំណែក​​​ការ​ប្រកួត​នៅ​សង្វៀន​​កម្រិត​​ពិភព​លោក​ One Championship ​វិញ​ ​កូន​សិស្ស​លោក ហ៊ុន ច័ន្ទរាជ្យ​ ​ឡើង​ប្រកួត​បាន​ចំនួន​ ៦ ដង​ ​​ដោយ​ឈ្នះ​ ២ ​ដង​ និង​ ចាញ់​ ​៤ ដង។ ​​ការ​ប្រកួត​លើក​ចុង​ក្រោយ​នៅ​សង្វៀន​ ​ONE: REIN Of Valor សារ័ត្ន​ ​​ចាញ់​កីឡាករ​សញ្ជាតិ​អាមេរិក​ Tial Thang ​នៅ​ទឹក​ទី៣៕

អត្ថបទដែលជាប់ទាក់ទង

This will close in 5 seconds