កញ្ញា ពេជ្រ សូលីកាមានរឿងទាំង៤ផ្ទួនៗគ្នា នេះធ្វើអោយមានការផ្ទុះកក្រើកពេញផ្ទៃប្រទេស
តារាចម្រៀង ពេជ្រ សូលីកា បានជួបរឿងអាស្រូវជាបន្តបន្ទាបប់ក្នុងរយៈពេលយ៉ាងខ្លី គិតត្រឹមចុងឆ្នាំ ២០១៩ និង ដើមឆ្នាំ ២០២០ ។ រឿងអាស្រូវនីមួយៗសុទ្ធតែត្រូវបានមហាជនតាមដានយ៉ាងខ្លាំង រហូតធ្វើឱ្យក្លាយជាព័ត៌មានផ្ទុះកក្រើកពេញប្រទេស ។ យ៉ាងណាក្ដីម្ចាស់បទ «តាមដាន» នៅតែបង្ហាញភាពរឹងមាំដើម្បីជម្នះនូវព្យុះភ្លៀងទាំងនោះ ប៉ុន្តែរឿងហេតុកើតឡើងមួយទៀត ពិតជាស្មានមិនដល់កើតឡើងនៅព្រឹកថ្ងៃទី ១៣ ខែមករា ២០២០ ក្រោយម្ដាយតារាចម្រៀងរូបនេះបានក្លាយជាឃាតករសម្លាប់មនុស្ស ។ រឿងរ៉ាវទាំងនោះដូចតទៅ៖
១. ភ្ជាប់ពាក្យជាមួយសង្សារចាស់របស់មិត្តភក្ដិស្និទ្ធស្នាល
កាលពីខែសីហា ឆ្នាំ២០១៩ កញ្ញា ពេជ្រ សូលីកា បានទម្លាយដំណឹងភ្ជាប់ពាក្យ ជាមួយនឹងគូដណ្ដឹង បានធ្វើឱ្យមហាជនមានការចាប់អារម្មណ៍ជាខ្លាំង ។ ប៉ុន្តែអ្វីដែលធ្វើឱ្យដំណឹងភ្ជាប់ពាក្យនេះផ្ទុះកក្រើកពេញបណ្ដាញសង្គមនោះ ដោយសារគូដណ្ដឹងរបស់នាង គឺជាអតីតសង្សារចាស់របស់អ្នកនាង ថៃ នារីសុជាតា ខណៈនាង និង សូលីកា ធ្លាប់ជាមិត្តសម្លាញ់នឹងគ្នាជាង១០ ឆ្នាំមកហើយ ។ រឿងរ៉ាវកាន់តែសុះសាយពេញផ្ទៃប្រទេសបន្ទាប់ពីអតីត Freshly girl ថៃ នារីសុជាតា និង តារាសម្ដែង បេនីយាំង Live ផ្ទាល់បកស្រាយរឿង ពេជ្រ សូលីកា គ្មានសល់ពីដំណើររឿងរ៉ាវជាច្រើន រហូតឈានដល់ការស្រឡាញ់គ្នារវាង ពេជ្រ សូលីកា និងលោក ហានគូដណ្ដឹងរបស់នាងពេលបច្ចុប្បន្ន ។
រឿងរ៉ាវនេះត្រូវបាន ពេជ្រ សូលីកា ចេញមុខបកស្រាយផងដែរ ដោយកាលនោះនាង បានបញ្ជាក់ថា ក្នុងអំឡុងពេលទាក់ទងជាមួយលោក ហាន នោះនាងមិនដឹងថាបុរសសង្ហារូបនេះជាអតីតគូស្នេហ៍របស់អ្នកនាងថៃ នារីសុជាតា នោះទេ ។ បន្ទាប់ពីការបកស្រាយ ពេជ្រ សូលីកា ថែមទាំងរកមេធាវីដាក់ពាក្យបណ្ដឹងចំពោះការបរិហារកេរ្តិ៍នេះទៀតផង ។
២. បែកធ្លាយ ពេជ្រ សូលីកា មានកូនស្រីមុខមាត់ដូចគ្នាបេះបិទ
ក្រោយពីផ្ទុះរឿងអាស្រូវជាមួយមិត្តសម្លាញ់ ថៃ នារីសុជាតា មិនទាន់ស្ងប់ស្ងាត់ស្រួលបួលផង ស្រាប់តែត្រូវបានគេទម្លាយក្មេងស្រីម្នាក់ដែលមានឈ្មោះថា ម៉ី ជីង មានមុខមាត់ស្អាត Cute ដូចកញ្ញា ពេជ្រ សូលីកា ខ្លាំង ហើយត្រូវបានមហាជនសង្ស័យថា ក្មេងស្រីនោះជាកូនរបស់នាង ។ តាមប្រភពដដែលនោះបានទម្លាយទៀតថា ក្មេងស្រីតូចគួរឱ្យស្រឡាញ់នោះ គឺជាតំណក់ឈាមរួមគ្នារវាង ពេជ្រ សូលីកា ជាមួយឧត្ដមសេនីយ៍ទោម្នាក់ ដែលជាស្នងការស្រាវជ្រាវ និងបង្រ្កាបបទល្មើសកងរាជអាវុធហត្ថលើផ្ទៃប្រទេស។
យ៉ាងណាក្ដីបន្ទាប់ពីបែកធ្លាយមុខមាត់ក្មេងស្រីដែលដូចខ្លួនខ្លាំង កញ្ញា ពេជ្រ សូលីកា បានបំភ្លឺថាក្មេងស្រីនោះ គឺជាប្អូនបង្កើតរបស់នាង ។ ពេជ្រ សូលីកា និយាយថាបងប្អូនបង្កើតមានមុខមាត់ដូចគ្នា មិនមែនជារឿងចម្លែកនោះទេ។
៣. មានផ្ទៃពោះមុនរៀបការជាមួយគូដណ្ដឹង
ស្រាប់តែផ្ទុះព័ត៌មានជាថ្មីបន្ទាប់ពីគូដណ្ដឹងរបស់កញ្ញា ពេជ្រ សូលីកា ផ្ទាល់ទម្លាយការឆ្លុះអេកូបង្ហាញថា នាងកំពុងតែមានផ្ទៃពោះហើយ ។ រឿងរ៉ាវមានផ្ទៃពោះមុនរៀបការនេះក្លាយជាព្យុះបោកបក់ចូលក្នុងជីវិតនាងសារជាថ្មី ដោយមានមហាជនមួយចំនួនបានបង្ហាញក្ដីហួសចិត្តដែលនាងបណ្ដោយឱ្យមានផ្ទៃពោះមុនរៀបការបែបនេះ ។
ពាក្យរិះគន់តិទៀនកាន់តែខ្លាំងរហូតដល់តួស្រីក្នុងបទ «បង្ខំចិត្តបែក» បានបង្ហោះសារមួយតបទៅអ្នកទាំងនោះវិញថា ៖ «ថ្ងៃសប្បាយ ថ្ងៃលាភ ខន្តីជាមួយពពួកចាំជាន់ពន្លិចគេ ចាំមើលតែគេខុស តែមិនដែលបើកភ្នែកមើលពីខ្លួនឯង ល្អគ្រប់១០សិនទៅ ឈរឆ្លុះកញ្ចក់មើលខ្លួនឯងថា ល្អលើសគេកម្រិតណា កុំរបៀបចេះតែសរសេរ មានមាត់ចេះតែនិយាយ មានខួរកុំចេះតែគិត រឿងគ្មានប្រយោជន៍ពេក»។
ទោះបីជាយ៉ាងនេះក្ដីក៏មានអ្នកគាំទ្រជាច្រើនបានចូលរួមអបអរសាទរចំពោះដំណឹងមានផ្ទៃពោះរបស់នាងផងដែរ ដោយពួកគេយល់ឃើញថាថ្វីដ្បិតតែ ពេជ្រ សូលីកា មិនទាន់រៀបការមែនតែនាងបានភ្ជាប់ពាក្យរួចទៅហើយគង់តែក្លាយជាស្វាមីភរិយានឹងគ្នាដដែល ។
៤. ម្ដាយក្លាយជាឃាតកសម្លាប់គូស្នេហ៍ភេទដូចគ្នា
កាន់តែផ្ទុះកក្រើកទូទាំងប្រទេសជាថ្មីម្ដងទៀត បន្ទាប់ធ្លាយព័ត៌មានករណីឃាតកម្មសម្លាប់ស្ត្រីវ័យ៥០ឆ្នាំ នៅបុរីមួយកន្លែង ក្នុងសង្កាត់ចាក់អង្រែក្រោម ខណ្ឌមានជ័យ ត្រូវបានសមត្ថកិច្ចវែកមុខឃាតក ដែលត្រូវជាម្ដាយបង្កើតរបស់កញ្ញា ពេជ្រ សូលីកា ។
ជនសង្ស័យឈ្មោះ ស៊ិន ស្រីនាង ភេទស្រី អាយុ ៤៥ ឆ្នាំ បានសារភាពខ្លួនពិតជាបានសម្លាប់ជនរងគ្រោះឈ្មោះ ងិន សុខលី ភេទស្រី អាយុ៥០ឆ្នាំ ដោយសង្កត់ដៃ សង្កត់ជើង និងយកខ្នើយផ្ទប់ដង្ហើមស្របពេលជនរងគ្រោះស្ថិតក្នុងស្ថានភាពស្រវឹង ។ ជំហានដំបូងក្នុងការស្រាវជ្រាវករណីឃាតកម្មដ៏សាហាវនេះ គឺត្រូវបានសមត្ថកិច្ចបំភ្លឺថាបណ្ដាលមកពីស្នេហារកាំរកូសស្រលាញ់ភេទដូចគ្នា (ស្រីស្រឡាញ់ស្រី) ។ ក្រោយពីសម្លាប់បានសម្រេចជនសង្ស័យក៏បានដោះយកគ្រឿងអលង្ការមួយចំនួនដូចជា ខ្សែដៃ ចិញ្ចៀនជាដើម ។
ករណីឃាតកម្មដោយឃាតករជានារី ហើយត្រូវជាម្ដាយរបស់តារាចម្រៀងល្បីលំដាប់ប្រទេស ត្រូវបានសារព័ត៌មានក្នុងស្រុកចុះផ្សាយព្រោងព្រាត ហើយវាបានក្លាយជាព័ត៌មានដ៏កក្រើកបំផុតនៅដើមឆ្នាំ ២០២០នេះ ៕