Real គ្រោងចាយជិត ៦០០ លានដុល្លារ ប្រែក្លាយស្តាតឌីជីថលដំបូងគេក្នុងប្រវត្តិសាស្ត្រ
ថ្ងៃទី០៦ ខែមេសា ឆ្នាំ២០១៩ ម៉ោង11:45AM
Real Madrid នឹងចាប់ផ្តើមជាផ្លូវការនូវគម្រោងប្រែក្លាយ Santiago Bernabéu នៅចុងរដូវកាលនេះ ដើម្បីឲ្យក្លាយជាកីឡដ្ឋានឌីជីថលដំបូងគេបង្អស់ និង ល្អដាច់គេបំផុតលើផែនដី។ នេះបើតាម The Guardian បានចុះផ្សាយកាលពីថ្ងៃពុធ។
គម្រោងនេះត្រូវបានគេរំពឹងថានឹងបញ្ចប់នៅឆ្នាំ ២០២៣ ហើយនឹងត្រូវចំណាយទឹកប្រាក់ប្រមាណ ៥២៥ លានអឺរ៉ូ (៥៨៨ លានដុល្លារ)។
កីឡដ្ឋានទាំងមូលនឹងត្រូវស្រោបទៅដោយដែកអ៊ីណុក ខណៈដែលម្ចាស់ក្លឹបគឺលោក Florentino Perez ជឿថាស្តាតដ៏ទំនើបពុំធ្លាប់មាននេះ នឹងជួយបង្កើនចំណូលយ៉ាងហោច ១៦៨ លានដុល្លារ ប្រចាំឆ្នាំបន្ថែម។ នេះបើតាមវេបសាយអង់គ្លេស 90MIN។
ប្រភពខាងលើបន្ថែមថា ទឹកប្រាក់សរុបជិត ៦០០ លានដុល្លារសម្រាប់ប្រើដើម្បីកែលម្អស្តាតនេះ គឺជាប្រាក់កម្ចី ដែល Real Madrid នឹងសងវិញក្នុងរយៈពេលយូររហូតដល់ទៅ ៣៥ ឆ្នាំ។
លោក Perez បាននិយាយថា “ការកែប្រែ [កីឡដ្ឋានឲ្យក្លាយជាឌីជីថល] នេះគឺជាជំហាននៃការរាប់ដើម្បីចាប់ផ្ដើមការបង្កើតថ្មីនៃស្ថាបត្យកម្មពិតប្រាកដនៅក្នុងកីឡដ្ឋានរបស់យើង”។
ចង់ដឹងថាកីឡដ្ឋានឌីជីថលដំបូងបង្អស់នេះមានអ្វីអស្ចារ្យបំផុត សូមទស្សនាវីដេអូខាងក្រោម៖
អត្ថបទ ៖ ពេជ្រ គឹមស្រ៊ិន