មិនយូរប៉ុន្មាន ស្ពានថ្មថ្មីឆ្លងស្ទឹងសង្កែ ទល់មុខសាលាខេត្តបាត់ដំបង និងចេញជារូបរាង ខណៈរដ្ឋបាលខេត្ត យកលំនាំដើម តាមស្ពានថ្មចាស់ដដែល

បាត់ដំបង៖ នៅក្នុងពិធីក្រុងពាលី និងបញ្ចុះបឋមសិលា ដើម្បីបួងសួងសុំក្តីសុខ មុននឹងផ្តើមសាងសង់ស្ពានថ្មថ្មី ឆ្លងស្ទឹងសង្កែ នាថ្ងៃទី១២ ខែមករា ឆ្នាំ២០២០ លោក ងួន រតនៈ អភិបាល នៃគណៈអភិបាលខេត្តបាត់ដំបង បានលើកឡើងថា៖ ការសាងសង់ស្ពានថ្មថ្មីនេះ គឺយើងយកតាមលំនាំដើម ស្ពានថ្មចាស់ ដែលស្ថិតនៅប៉ែកខាងត្បូង ផ្នែកខាងលើស្ពានថ្មចាស់ ដោយគម្លាត៦ម៉ែត្រ ពីស្ពានថ្មចាស់ផងដែរ ។ ពិធីនេះក៍មានការអញ្ជើញ ចូលរួមជាអធិបតីភាពលោក ខាន់ ម៉ាណេរ រដ្ឋលេខាធិការក្រសួងសាធារណការ និងដឹកជញ្ជូន លោក អ៊ុយ រី ប្រធានក្រុមប្រឹក្សាខេត្ត លោក ងួន រតនៈ អភិបាល នៃគណៈអភិបាលខេត្តបាត់ដំបង ព្រមទាំង លោក លោកស្រីសមាជិកក្រុមប្រឹក្សាខេត្ត សប្បុរសជន ថ្នាក់ដឹកនាំខេត្ត មន្ទីរ អង្គភាពជុំវិញខេត្ត ជាច្រើននាក់។
បើតាមលោក ងួន រតនៈ អភិបាល នៃគណៈអភិបាលខេត្តបាត់ដំបង មានប្រសាសន៍ឲ្យដឹងថា៖ ការសាងសង់ស្ពានថ្មថ្មី បន្ថែមនេះ ដោយបច្ចុប្បន្នពិនិត្យឃើញថា កំណើន នៃប្រជាពលរដ្ឋ ធ្វើដំណើរកាន់តែកើនឡើង និងមានការលំបាក ក្នុងការធ្វើចរាចរណ៍ និងការកកស្ទះចរាចរណ៍ ជាពិសេសនៅពេលមាន ពិធីបុណ្យប្រពៃណីជាតិផ្សេងៗ នៅក្នុងក្រុងបាត់ដំបង ទើបសម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ និងជាប្រធានក្រុមការងារថ្នាក់ជាតិ ចុះមូលដ្ឋានខេត្តបាត់ដំបង បានខិតខំកៀរគរសប្បុរសជន ទាំងក្នុង និងក្រៅប្រទេស ដើម្បីចូលរួមសាងសង់ស្ពាន បេតុងថ្មីឆ្លងកាត់ស្ទឹងសង្កែ នៅក្បែរស្ពានថ្មចាស់នេះ ដែលការសាងសង់នេះ គឺចំណាយថវិកាចូលរួម ពីបណ្តាសប្បុរសជន ហើយចំពោះស្ពានថ្មថ្មី ដែលកំពុងក្រុងពាលី នាពេលនេះ មានប្រវែងបណ្តោយ១០០ម៉ែត្រ និងទទឹង៨ម៉ែត្រ ជាប្រភេទបេតុង ដែលយកលំនាំដើមតាមតាមស្ពានថ្មចាស់ និងសាងសង់ នៅប៉ែកខាងត្បូង(ប៉ែកខាងលើ) ដោយគម្លាត៦ម៉ែត្រ ពីស្ពានថ្មចាស់ ដែលមានទីតាំងស្ថិតនៅភូមិកម្មករ សង្កាត់ស្វាយប៉ោ ក្រុងបាត់ដំបង ខេត្តបាត់ដំបង។
បើយោងតាមអ្នកបច្ចេកទេស បានឲ្យដឹងថា៖ ការសាងសង់ស្ពានថ្មថ្មីបន្ថែម នៅប៉ែកខាងត្បូង ផ្នែកខាងលើ នៃស្ពានថ្មចាស់នេះ គឺមានផលប្រយោជន៍សំខាន់មួយ គឺអាចជួយពាំងកម្លាំងទឹក ឬសំរាមផ្សេងៗ ក្នុងការរុញច្រាន ទៅលើស្ពានថ្មចាស់ ផុតពីការបាក់ស្រុត ពេលដែលមានជំនន់ស្ទឹងសង្កែ ហក់ឡើងខ្លាំងម្តងៗ ដោយសារ តែស្ពានថ្មចាស់ ពិតជាមានសភាពទ្រុឌទ្រោមខ្លាំង រង់ចាំធ្វើការជួសជុល នៅពេលក្រោយ និងដើម្បីបញ្ចៀស ក្នុងការកកស្ទះចរាចរណ៍ នៅក្នុងពិធីបុណ្យប្រពៃណីជាតិ ចូលមកដល់ម្តងៗ ។
សូមបញ្ជាក់ថា៖ កន្លងមករដ្ឋបាលខេត្តបាត់ដំបង បានចេញសេចក្ដីប្រកាសថា នឹងរុះរើស្ពានចាស់ រួចសាងសង់ស្ពានថ្មីជំនួសវិញ ក៍ស្រាប់តែមានប្រតិកម្ម នៅលើបណ្តាញសង្គមហ្វេប៊ុកជាច្រើន ទើបមានការសម្រេចចិត្ត ទុកស្ពានថ្មចាស់ដដែល ព្រមទាំងធ្វើការជួសជុលនៅពេលក្រោយឡើងវិញ។បើទោះបីជាបែបណាក៏ដោយ ស្ពានថ្មថ្មី ដែលនឹងចេញ ជារូបរាងក្នុងពេលដ៏ខ្លីខាងមុខនេះ និងមានការអបអរសាទរ ពីមហាជនផងដែរ ៕

អត្ថបទដែលជាប់ទាក់ទង

This will close in 5 seconds

Open