ជំនួយការផ្ទាល់សម្តេចតេជោ ហ៊ុន សែន នាំយកថវិកា១៥ម៉ឺនដុល្លារ ប្រគល់ជូនគ្រួសារសពជនរងគ្រោះ៣នាក់នៅខេត្តរតនគិរី ដែលស្លាប់ក្នុងឧបទ្ទវហេតុបាក់រលំអគារនៅខេត្តកែប
(រតនគិរី)៖ លោក សេង ទៀង ជំនួយការផ្ទាល់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា នាព្រឹកថ្ងៃទី១៣ ខែមករា ឆ្នាំ២០២០នេះ បាននាំយកថវិកាចំនួន១៥ម៉ឺនដុល្លារ ដែលទទួលបានពីការបរិច្ចាកពីសប្បុរសជនទៅ ផ្តល់ជូនគ្រួសារសព៣នាក់នៅខេត្តរតនគិរី ដែលរងគ្រោះក្នុងឧបទ្ទវហេតុបាក់រលំអគារកម្ពស់៦ជាន់ នៅខេត្តកែប កាលពីល្ងាចថ្ងៃទី០៣ ខែមករា ឆ្នាំ២០២០កន្លងទៅ។
ក្នុងឱកាសនោះលោក សេង ទៀង បានពាំនាំនូវប្រសាសន៍ផ្តាំផ្ញើសាកសួរសុខទុក្ខ ពីសំណាក់សម្តេចតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ដែលបានយកចិត្តទុកដាក់អំពាវនាវដល់សប្បុរសជន និងគិតគូរចំពោះប្រជាពលរដ្ឋដែលរងគ្រោះ ដោយអគារបាក់រលំនៅខេត្តកែប កាលល្ងាចពីថ្ងៃទី០៣ ខែមិថុនា ឆ្នាំ២០២០កន្លងទៅនេះ។ លោក សេង ទៀង បានឱ្យដឹងថា ឪពុកម្តាយគ្រួសារសពដែលទទួលបានថវិកាមានកូន និងចៅស្លាប់ចំនួន៣នាក់ ដែលមានកូនប្រុសម្នាក់ អាយុ១៧ឆ្នាំ និងកូនស្រីម្នាក់អាយុ ២៦ឆ្នាំ (ប្តីស្លាប់ត្រូវបានឱពុកម្តាយយកទៅធ្វើបុណ្យនៅស្រុកកំណើត) ចៅម្នាក់ អាយុ៨ខែ ដែលត្រូវបានទទួលថវិកា១៥ម៉ឺនដុល្លារផងដែរ។
សូមរំលឹកថា ករណីបាក់រលំអគារកម្ពស់ ៦ជាន់ នៅក្នុងខេត្តកែប បានបណ្តាលឱ្យមនុស្សរងគ្រោះនិងបាត់បង់ជីវិតសរុប ៥៩នាក់ (ស្រី២២នាក់) ក្នុងនោះបាត់បង់ជីវិតចំនួន៣៦នាក់ (ស្រី១៤នាក់) ក្នុងចំណោមជនរងគ្រោះទាំងនេះ មានក្មេងចំនួន០៦នាក់ (ក្មេងស្រី២នាក់) និងរងរបួសចំនួន២៣នាក់ (ស្រី០៨នាក់)៕