ភរិយាលោក ហ៊ុន ម៉ាណែត ចុះប្រគល់អណ្តូងទឹកស្អាតចំនួន១០ ដាក់អោយប្រជាពលរដ្ឋអាស្រ័យផលចំនួន ៣០០គ្រួសារនៅខេត្តពោធិ៍សាត់
(ពោធិ៍សាត់)៖ លោកស្រី ពេជ ចន្ទមុន្នី ដែលជាភរិយាលោក ហ៊ុន ម៉ាណែត និងក្រុមការងារ បានអញ្ជើញចុះប្រគល់អណ្តូងទឹកស្អាតជូនប្រជាពលរដ្ឋអាស្រ័យផលចំនួន ៣០០គ្រួសារទៀតនៅឃុំសំរោង ស្រុកក្រវ៉ាញ ខេត្តពោធិ៍សាត់ នៅព្រឹកថ្ងៃទី១២ ខែមករា ឆ្នាំ២០១៩។
ប្រជាពលរដ្ឋនៅក្នុងឃុំសំរោង ស្រុកក្រវ៉ាញ ខេត្តពោធិ៍សាត់នេះ គឺទទួលបានអណ្តូងទឹកស្អាតចំនួន១០អណ្តូង ដែលជាអំណោយមូលនិធិដ៏ថ្លៃថ្លារបស់លោកតា ហ៊ុន នាង និងលោកយាយ ឌី ប៉ុក ដែលជាឪពុកម្តាយបង្កើតរបស់សម្តេចតេជោ ហ៊ុន សែន ចំនួន៨អណ្តូង និងអំណោយមូលនិធិរបស់អ្នកឧកញ៉ាព្រឹទ្ធមហាឧបាសិកាធម្មញ្ញាណវិវឌ្ឍនា ប៊ុន ស៊ាងលី និងឧបាសក លីន គ្រី ឪពុកម្តាយបង្កើតរបស់សម្តេចកិត្តិព្រឹទ្ធបណ្ឌិតប៊ុន រ៉ានី ហ៊ុន សែន ចំនួន២អណ្តូង។
ក្នុងពិធីជួបសំណេះសំណាលជាមួយបងប្អូនប្រជាពលរដ្ឋដែលទទួលអាស្រ័យផលអណ្ដូងទឹកស្អាតទាំងអស់នេះ លោកស្រី ពេជ ចន្ទមុន្នី ភរិយាលោក ហ៊ុន ម៉ាណែត បាននាំនូវការសាកសួរសុខទុក្ខពីសំណាក់សម្តេចតេជោ ហ៊ុន សែន និងសម្ដេចគតិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ដែលសម្ដេចទាំងពីរតែងតែគិតគូរពីសុខទុក្ខបងប្អូនប្រជាពលរដ្ឋគ្រប់ទីកន្លែង។ លោកស្រីក៏បានជំរាបជូនបហរជាពលរដ្ឋអំពីសកម្មភាពនៃការសាងសង់អណ្ដូងទឹកស្អាតនេះគឺធ្វើយ៉ាងណាដើម្បីបំពេញតម្រូវការខ្វះខាតរបស់បងប្អូនប្រជាពលរដ្ឋនារដូវប្រាំងដែលចូលមកដល់ពេលនេះ ជាពិសេសបំពេញតម្រូវការនៃការខ្វះខាតទឹកនៅតាមទីជនបទ។
លោកស្រីក៏បានផ្តាំផ្ញើអោយបងប្អូនប្រជាពរដ្ឋចូលរួមថែរក្សាអណ្ដូងទឹកស្អាតឱ្យបានល្អនិងធ្វើយ៉ាងណាថែរក្សាសុខភាពរបស់ខ្លួនតាមរយៈការហូបស្អាត ការផឹកស្អាត ដើម្បីសុខភាពល្អ និងជីវិតរស់នៅកាន់តែមានភាពល្អប្រសើរ៕