ប្រជាពលរដ្ឋស្រុកមោងឫស្សី៖ អរគុណ សន្តិភាព ដែលបាន ធ្វើឲ្យពួកគាត់រស់រាន់មានជីវិត ជាលើកទី២ រហូតដល់ពេលនេះ ក្រោមការដឹកនាំ របស់គណបក្សប្រជាជនកម្ពុជា
បាត់ដំបង៖ ក្នុងពិធីប្រារព្វអនុស្សាវរិយ៍ខួប លើកទី៤១ ថ្ងៃជ័យជំនះ៧ មករា ១៩៧៩-៧ មករា ២០២០ នៅបរិវេណវត្តឯកសុវណ្ណ ហៅវត្តកូនក្អែក ក្នុងភូមិកូនក្អែក ឃុំរបស់មង្គល ស្រុកមោងឫស្សី ខេត្តបាត់ដំបង នាព្រឹកថ្ងៃទី១១ ខែមករា ឆ្នាំ២០២០ នេះ ប្រជាពលរដ្ឋ ដែលរស់នៅ ក្នុងស្រុកមោងឫស្សី ទាំងមូល បានសម្តែងនូវមតិរីករាយបំផុត ប្រកបដោយការជឿរជាក់ ក្រោមការដឹកនាំ របស់សម្តេចតេជោ ហ៊ុន សែន នាយរដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា។ ពិធីនេះស្ថិតក្រោមអធិបតីភាពលោក ពេជ្រ ម៉ាឡៃ ប្រធានក្រុមប្រឹក្សាស្រុកមោងឫស្សី និងលោក ទេព ហន អភិបាលនៃគណ:អភិបាលស្រុកមោងឫស្សី ព្រមទាំងមានការអញ្ជើញចូលពីលោកឧត្តមសេនីយ៍ត្រី ស្នងការរង ទទួលបន្ទុកជាអនុប្រធានក្រុមការងារថ្នាក់ជាតិ ចុះជួយឃុំរបស់មង្គល និងលោក លោកស្រី ជាសមាជិកក្រុមប្រឹក្សាស្រុក អភិបាលរងស្រុក អនុប្រធាន សមាជិក ក្រុមការងារថ្នាក់ជាតិ ចុះជួយឃុំរបស់មង្គល សមាជិកក្រុមប្រឹក្សាឃុំ អាជ្ញាធរមូលដ្ឋាន កងកម្លាំងប្រដាប់អាវុធ សិស្សានុសិស្ស និងប្រជាពលរដ្ឋយ៉ាងច្រើនកុះករ។
យោងតាមមតិ របស់បងប្អូនប្រជាពលរដ្ឋ និងសិស្សានុសិស្ស ដែលមកចូលរួម ក្នុងកម្មវិធី ខាងលើ បានលើកឡើងថា៖ពួកគាត់ សូមអរគុណសន្ដិភាព ដែលបាន ធ្វើឲ្យពួកគាត់រស់រាន់មានជីវិត ជាលើកទី២ រហូតដល់បច្ចុប្បន្ននេះ ក្រោមការដឹកនាំដ៏ឈ្លាសវៃ និងប៉ិនប្រសព្វរបស់សម្ដេចតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា ដែលសម្តេច បានដាក់ចេញនូវគោលនយោបាយ ឈ្នះ ឈ្នះ ធ្វើឱ្យកម្ពុជា មានសន្ដិភាពពេញលេញ និងមានការអភិវឌ្ឍ លើគ្រប់វិស័យ សន្ដិភាព ជាបេះដូង របស់ប្រជាជនកម្ពុជាពួកយើង ដូច្នេះយើងប្តេជ្ញា ត្រូវរួមគ្នាថែរក្សាសុខសន្ដិភាពនេះ ឱ្យបានគង់វង្សរហូតផងដែរ។
មានប្រសាសន៍ក្នុងពិធីនេះដែរលោក ទេព ហន អភិបាលនៃគណ:អភិបាលស្រុកមោងឫស្សី បានមានប្រសាសន៍លើកឡើងថា៖ ថ្ងៃទី៧ មករា ជាមាតាទី២ របស់យើង ដែលបានរំដោះប្រជាជនយើង ឱ្យរួចផុត ពីរបបប្រល័យពូជសាសន៍ នឹងនាំមកនូវការអភិវឌ្ឍ លើគ្រប់វិស័យ ជាស្នាដៃ របស់ថ្នាក់ដឹកនាំកំពូល របស់គណបក្សប្រជាជនកម្ពុជា ដែលមានសម្ដេចតេជោ ហ៊ុន សែន ជាប្រធាន ។
ជាមួយគ្នានេះ យើងទាំងអស់គ្នា សូមថ្លែងអំណរគុណសម្ដេចតេជោ ហ៊ុន សែន ដែលជាវីរៈជន ដ៏អង់អាចក្លាហានមួយរូប របស់ប្រជាជនកម្ពុជា ដែលតែងតែ នៅរួមសុខទុក្ខ ជាមួយប្រជាពលរដ្ឋ ជាប់ជានិច្ច ជាពិសេសដឹកនំាកម្ពុជា នាំមកនូវសន្ដិភាពយ៉ាងពិតប្រាកដ ហើយសន្ដិភាព ពិតជានាំមក នូវជោគជ័យ និងអភិវឌ្ឍលើគ្រប់វិស័យ ដែលធ្វើឱ្យយើងទាំងអស់គ្នា គ្រប់មជ្ឈដ្ឋាន ទាំងប្រជាជនក្នុង និងក្រៅស្រុក បាននិយាយថា អរគុណសន្ដិភាព អរគុណសម្ដេចតេជោ ដែលជាវីរៈជន ដ៏អង់អាចក្លាហាន របស់កម្ពុជាផងដែរ៕