មន្ត្រីមន្ទីរការងារខេត្តប៉ៃលិន ចុះពិនិត្យការដ្ឋានសំណង់ ដើម្បីសុវត្ថិភាពកម្មករ និងសុខភាពការងារ ជៀសវាងកើតហានីភ័យការងារដោយប្រការណាមួយ
(ប៉ៃលិន)៖ ដើម្បីគ្រប់គ្រងសុវត្ថិភាព នៅក្នុងការដ្ឋានសំណង់ ឱ្យមានប្រសិទ្ធភាព នាថ្ងៃទី១០ ខែមករា ឆ្នាំ២០២០ លោក អ៊ុ ដារី អនុប្រធានមន្ទីរការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ខេត្តប៉ៃលិន បានដឹកនាំក្រុមការងារមន្ទីរ ចុះពិនិត្យមើលការដ្ឋានសំណង់ នានា ដែលកំពុងដំណើរការ និងមានកម្មករ ស្នាក់នៅ ស្ថិតក្នុងភូមិផ្សារព្រំ ឃុំស្ទឹងកាច់ ស្រុកសាលាក្រៅ ក្នុងគោលបំណង ដើម្បីសុវត្ថិភាពកម្មករ និងអនាម័យ ជៀសវាងកើតហានីភ័យការងារ បន្ទាប់ពីមានការបាក់រលំអគារ កំពស់៦ជាន់នៅខេត្តកែបរួចមក ។
លោក អ៊ុ ដារី អនុប្រធានមន្ទីរការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ខេត្តប៉ៃលិន បានមានប្រសាសន៍ឲ្យដឹងថា៖ យោងតាមសេចក្តីណែនាំ របស់រដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ និងមានការចង្អុលបង្ហាញពីគណៈអភិបាលខេត្ត ផងនោះ លោកប្រធានមន្ទីរការងារខេត្ត បានចាត់ឲ្យលោក ចុះពិនិត្យមើលនៅតាមការដ្ឋានសំណង់នានា ដែលកំពុងដំណើរការសាងសង ក្នុងនោះក៍ពិនិត្យមើលពីការស្នាក់នៅ របស់កម្មករ ក្នុងការដ្ឋានផងដែរ ។
លោកបន្តថា ជាការពិតណាស់ការគ្រប់គ្រងសុវត្ថិភាពការងារនៅក្នុងវិស័យសំណង់ ជាបញ្ហាប្រឈមរួមរបស់ប្រទេសកំពុងអភិវឌ្ឍ ដែលមានការខ្វះខាតក្របខ័ណ្ឌច្បាប់ លិខិតបទដ្ឋានគតិយុត្ត បច្ចេកទេស និងធនធានមនុស្ស ។
លោកក៍បានបញ្ជាក់ដែរថា៖ គម្រោងសំណង់មួយ មានច្រើនដំណាក់កាល ដែលទាមទារ ឱ្យនិយោជក អ្នករចនាប្លង់នៃសហគ្រាស គ្រឹះស្ថាន ឬក្រុមហ៊ុន និងអ្នកទទួលខុសត្រូវ ការដ្ឋានសំណង់ ចាំបាច់រៀបចំ នូវផែនការសុវត្ថិភាព និងសុខភាពការងារ ឱ្យច្បាស់លាស់ មុនពេលចាប់ផ្តើម សាងសង់ ដើម្បីការពារកម្មករនិយោជិត និងកាត់បន្ថយគ្រោះថ្នាក់ការងារ នៅកន្លែងធ្វើការ ហើយចំពោះផែនការសុវត្ថិភាព និងសុខភាពការងារ គួរបញ្ចូល លក្ខខណ្ឌតម្រូវ ផ្នែកច្បាប់ និងស្តង់ដាសុវត្ថិភាពការងារ ។ លោក បានបន្តទៀតថា៖ “ដើម្បីគ្រប់គ្រងសុវត្ថិភាព នៅក្នុងការដ្ឋានសំណង់ឱ្យមានប្រសិទ្ធភាព យើងត្រូវផ្តោតលើវិធានការណ៍សំខាន់ៗចំនួន ០៣គឺ៖
១- វិធានការណ៍ការពារកម្លាំងពលកម្ម ឬកម្មករនិយោជិត ដែលត្រូវបានការពារតាមរយៈជំហាននៃការគ្រប់គ្រងសុវត្ថិភាព និងសុខភាពការងារ។
២- វិធានការណ៍ការពារសម្ភារដែលមានន័យថា រាល់ការប្រើប្រាស់សារធាតុគ្រោះថ្នាក់ ផលិតផលដែលមានគ្រោះថ្នាក់ និងសម្ភារផ្សេងទៀតនៅក្នុងការដ្ឋានសំណង់ ចាំបាច់ត្រូវវាយតម្លៃ និងត្រួតពិនិត្យបានច្បាស់លាស់។
៣- វិធានការណ៍ការពារបរិក្ខាគាំទ្រ ឬគ្រោងអគារសម្រាប់ការដ្ឋានសំណង់ ដែលសំដៅការប្រើប្រាស់គ្រឿងចក្រ ម៉ាស៊ីនស្ទូចវិលធំ គ្រោងអគារ រន្ទាជាដើម ចាំបាច់ត្រូវស្ថិតនៅក្នុងស្ថានភាពល្អ និងត្រួតពិនិត្យជាទៀងទាត់មុនពេលប្រើប្រាស់ដោយអ្នកជំនាញដែលមានបច្ចេកទេសសំណង់ត្រឹមត្រូវផងដែរ ។
ជាចុងក្រោយគ្រប់ការដ្ឋានសំណង់ទាំងអស់ ដែលមន្ត្រីនៃមន្ទីរការងារ ចុះពិនិត្យ គឺមានការសហការគ្នាល្អ ជាមួយក្រុមការងារមន្ទីរ និងចូលរួមក្នុងការអនុវត្តន៍ សេចក្តីណែនាំ ដែលក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានចេញផងដែរ៕ដោយ សេង សុវណ្ណារិទ្ធ