ផ្ទះចំនួន ៣ខ្នង ដែលជាអំណោយរបស់សម្តេចតេជោ សែន ត្រូវបានប្រគល់ ជូនគ្រួសារអតីតយុទ្ធជនកម្ពុជាក្នុងខេត្តប៉ៃលិន

(ប៉ៃលិន)៖ បន្ទាប់ពីអញ្ជើញជាគណៈអធិបតីប្រកាស់ ប្រធាន អនុប្រធានសមាគមអតីតយុទ្ធជនកម្ពុជា រួចមកនៅព្រឹកថ្ងៃទី១០ ខែមករា ឆ្នាំ២០២០ លោក គន់ គីម ទេសរដ្ឋមន្ត្រីទទួលបន្ទុកអគ្គលេខាធិការសមាគមអតីតយុទ្ធជនកម្ពុជា និងជនពិការ តំណាងដ៏ខ្ពង់ខ្ពស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា អមដំណើរដោយ ឯកឧត្តមឧត្តមសេនីយ៍ឯក ឯក សំអូន មេបញ្ជាការយោធភូមិភាគទី០៥ និងជាសមាជិកគណៈអចិន្រ្តៃយ៍ គណកម្មាធិការកណ្តាលសមាគមអតីតយុទ្ធកម្ពុជា និងលោក ផាន់ ចាន់ធុល អភិបាលខេត្តប៉ៃលិន បានអញ្ជើញចុះសួសុខទុក្ខ និងប្រគល់ផ្ទះចំនួន ០៣ ខ្នង ជូនដល់អតីតយុទ្ធជនចំនួន ០៣គ្រួសារ ស្ថិតនៅភូមិក្ងោក ឃុំស្ទឹងកាច់ ស្រុកសាលាក្រៅ ខេត្តប៉ៃលិន។

ថ្លែងក្នុងពិធីប្រគល់ផ្ទះនេះដែរលោក គន់ គីម ទេសរដ្ឋមន្ត្រីទទួលបន្ទុកអគ្គលេខាធិការសមាគមអតីតយុទ្ធជនកម្ពុជា និងជនពិការ បានមានប្រសាសន៍លើកឡើងថា៖ រាជរដ្ឋាភិបាលកម្ពុជា ក្រោមការដឹកនាំរបស់សម្ដេចតេជោ ហ៊ុន សែន ជានិច្ចជាកាលតែងតែគិតគូពីសុខទុក្ខ និងការលំបាករបស់បងប្អូនអតីតយុទ្ធជន ដោយបានផ្តល់ដីសម្បទាន សម្រាប់សាងសង់លំនៅដ្ឋាន និងបង្កបង្កើនផលដល់សមាជិកអតីតយុទ្ធជន ដែលមានជីវភាពខ្វះខាត ព្រមទាំងបានដំឡើងប្រាក់គោលរបបផ្សេងៗ ដូចគ្នានឹងមន្រ្តីរាជការ ដែលកំពុងបម្រើការងារផងដែរ។

លោកទេសរដ្ឋមន្ត្រី បានមានប្រសាសន៍បញ្ជាក់ថា៖ តាមរយៈស្មារតីនៃការទទួលខុសត្រូវ និងយកចិត្តទុកដាក់នេះ            សម្តេចតេជោ សែន បានជួយសាងសង់ផ្ទះសម្បែង និងផ្តល់ដីបង្កបង្កើនផល ព្រមទាំងការឧបត្ថម្ភថវិកា ស្បៀង អាហារផ្សេងៗ ជាបន្តបន្ទាប់ ដើម្បីឱ្យអតីតយុទ្ធជន មានលទ្ធភាពបន្តការងារប្រកបមុខរបរចិញ្ចឹមជីវិត តាមលទ្ធភាពរៀងៗខ្លួន ព្រោះថាពួកគាត់បានចូលរួមធ្វើពលីកម្មបូជាសាច់ស្រស់ឈាមស្រស់ លះបង់កម្លំាងកាយចិត្ត និងក្តីសុខផ្ទាល់ខ្លួន ដើម្បីការពារជាតិមាតុភូមិ ក្នុងសម័យសង្រ្គាម ហើយដណ្តើមយកសន្តិភាពជូនដល់ប្រជាជាតិខ្មែរទាំងមូល ដូច្នេះអតីតយុទ្ធជនកម្ពុជា ក៍ដូចប្រជាពលរដ្ឋកម្ពុជាទាំងអស់ ត្រូវចូលរួមថែរក្សាសន្តិភាព ដើម្បីការរស់នៅមានភាពសុខសាន្ត និងផ្តល់ឱកាសឲ្យសង្គមជាតិ ទទួលបានការអភិវឌ្ឍ និងប្រជាពលរដ្ឋមានជីវភាពធូរធារ។

សូមបញ្ជាក់ថា៖ ផ្ទះចំនួន ៣ខ្នង ដែលជាអំណោយរបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្តី ត្រូវបានប្រគល់ជូនគ្រួសារអតីតយុទ្ធជនកម្ពុជាក្នុងខេត្តប៉ៃលិន ចំនួន ៣គ្រួសារ ដែលក្នុងមួយគ្រួសារៗទទួលបានផ្ទះ ១មួយខ្នង និងថវិកា ចំនួន ៥០ម៉ឺនរៀល ព្រមទាំងសំភារៈរួមមាន៖ អង្គ ៥០គីឡូ មី១កេះ ទឹកត្រី ១យួ ត្រីខ ១យួ ទឹកសាអីវ ១យួ ភួយ ១ ម៉ុង ១ កន្ទេល ១ ទឹកបរិសុទ្ធចំនួន ៣កេះ និងទឹកដោះគោ ១យួរផងដែរ៕

អត្ថបទដែលជាប់ទាក់ទង

This will close in 5 seconds