សាលាដំបូងរាជធានីភ្នំពេញ នឹងបើកសវនាការជាសាធារណៈ ដើម្បីជំនះជម្រះលើសំណុំរឿងលោក កឹម សុខា ជាប់ចោទពីបទសន្និដ្ឋានភាពជាមួយបរទេស
(ភ្នំពេញ)៖ នៅថ្ងៃទី១៥ មករា ២០២០ វេលាម៉ោង ០៨ និង៣០នាទីព្រឹក សាលាដំបូងរាជធានីភ្នំពេញ នឹងបើកសវនាការជាសាធារណៈ នៅសាលសវនាការទី១ ដើម្បីជំនះជម្រះលើសំណុំរឿងព្រហ្មទណ្ឌលេខ ៤៧៧៧ ចុះថ្ងៃទី០៣ ធ្នូ ២០១៩ ដែលមានជនជាប់ចោទឈ្មោះ កឹម សុខា ភេទប្រុស កើតថ្ងៃទី២៧ មិថុនា ១៩៥៣ ជាប់ចោទពីបទសន្និដ្ឋានភាពជាមួយបរទេស តាមមាត្រា៤៤៣ នៃក្រមព្រហ្មទណ្ឌ។ នៅបើយោងតាមសេចក្តីជូនដំណឹងរបស់សាលាដំបូងរាជធានីភ្នំពេញ កាលពីថ្ងៃទី០៩ មករា ២០២០។
សូមបញ្ជាក់ថា សាវនាការនៅថ្ងៃទី ១៥ មករានេះ លោក កឹមសុខា នឹងចូលរួមដោយផ្ទាល់តាមតម្រូវការរបស់តុលាការ។ ចំណែកក្រុមមេធាវីវិញបានអះអាងថាបានត្រៀមខ្លួនរួចរាល់អស់ហើយ ដើម្បីតតាំងរកយុត្តិធម៌ជូនលោកកឹមសុខា។
គិតមកដល់ពេលនេះប្រទេសប្រជាធិបតេយ្យធំៗចំនួន ៤ រួមមានសហរដ្ឋអាមេរិក ប្រទេសកាណាដា ណូវែលសេឡង់ និងប្រទេសស៊ុយអែត សុទ្ធតែបញ្ជាក់ជំហររបស់ខ្លួនថានឹងតាមដានសវនាការនៅថ្ងៃទី១៥ មករា ខាងមុខនេះ៕
ដោយ៖ ស៊ាងម៉ី