បុគ្គលិកណាហ្គា បន្តប្រមូលផ្តុំតវ៉ា ដោយមិនទាន់ទទួលការសម្របសម្រួល !!
(ភ្នំពេញ)៖ បុគ្គលិកណាហ្គាវើលប្រមាណជា ១ពាន់នាក់ នៅព្រឹកថ្ងៃទី១០ ខែមករា ឆ្នាំ២០២០នេះ បន្តចេញមកតវ៉ា ដើម្បីទាមទារឱ្យខាងក្រុមហ៊ុនបំពេញតាមលក្ខខណ្ឌរបស់ពួកគេ បន្ទាប់ពីមិនព្រមទទួលយកការសម្របសម្រួលរបស់ក្រុមហ៊ុន និងអាជ្ញាធរកាលពីថ្ងៃម្សិលមិញ។
ណាហ្គាវើល ដែលមានថៅកែជាជនជាតិម៉ាឡេស៊ី គឺជាក្រុមហ៊ុនបម្រើសេវាកម្មសណ្ឋាគារ និងកាស៊ីណូដ៏ធំមួយនៅក្នុងរាជធានីភ្នំពេញ។ បន្ទាប់ពីបានរកស៊ីនៅកម្ពុជាតាំងពីចុងទសវត្សរ៍ឆ្នាំ១៩៩០មកនោះ ក្រុមហ៊ុននេះបានទទួលការរីកចម្រើនជាខ្លាំង។
នៅថ្ងៃទី០៩ ខែមករា ឆ្នាំ២០២០ ម្សិលមិញនេះ បុគ្គលិករបស់ក្រុមហ៊ុនណាហ្គាវើលទាំងផ្នែកសណ្ឋាគារ និងកាស៊ីណូ ប្រមាណជា ១ពាន់នាក់ បានជួបជុំគ្នាតវ៉ា ដោយទាមទារនូវលក្ខខណ្ឌមួយចំនួនមានដូចជា៖ ឱ្យក្រុមហ៊ុនទទួលយកប្រធានសហជីពម្នាក់ ឈ្មោះ ឈឹម ស៊ីថរ ចូលធ្វើការវិញដោយឥតលក្ខខណ្ឌ, អនុញ្ញាតឱ្យកម្មករឈប់សម្រាកតាមគោលការណ៍ស្ម័គ្រចិត្តនៅថ្ងៃបុណ្យជាតិ, បញ្ឈប់ប្រធានប្រតិបត្តិការផ្នែកកាស៊ីណូជាជនបរទេសម្នាក់ និងដំឡើងប្រាក់ឈ្នួល ៣០០ដុល្លារសម្រាប់បុគ្គលិកផ្នែកសណ្ឋាគារ និង៥០០ដុល្លារសម្រាប់ បុគ្គលិកផ្នែកកាស៊ីណូ។
នៅថ្ងៃម្សិលមិញនេះបន្ទាប់ពីការតវ៉ាស្ទើរតែពេញមួយព្រឹកភាគីក្រុមហ៊ុន និងអាជ្ញាធរបានហៅតំណាងអ្នកតវ៉ាទៅជួបចរចា និងសម្របសម្រួល ដោយព្រមដំឡើងប្រាក់ឈ្នួលជូនពួកគេ តែលក្ខខណ្ឌផ្សេងៗទៀតមិនទាន់មានការឆ្លើយតបនៅឡើយ។
ការដែលក្រុមហ៊ុនហៅទៅសម្របសម្រួលនៅថ្ងៃម្សិលមិញ ហើយអះអាងថា ដំឡើងប្រាក់ឈ្នួលឱ្យនោះមិនទាន់ជាក់លាក់នៅឡើយនោះទេ។ ដោយក្រុមហ៊ុនបញ្ជាក់ថា ប្រាក់ឈ្នួលនៅតែផ្តល់ជូនតាមសមត្ថភាពបុគ្គលិក ដោយមិនបានកំណត់តាមការទាមទាររបស់បុគ្គលិកថា បុគ្គលិកសណ្ឋាគារទាបបំផុត ៣០០ដុល្លារ និងនៅកាស៊ីណូ ៥០០ដុល្លារនោះឡើយ។ បច្ចុប្បន្ននៅផ្នែកសណ្ឋាគារបុគ្គលិកផ្នែកអនាម័យ និងលាងចានជាដើមបានត្រឹមប្រមាណ ១៧០ដុល្លារប៉ុណ្ណោះ ដែលប្រាក់ឈ្នួលនេះតិចជាងកម្មករ កម្មការិនី កាត់ដេរទៅទៀត។ ដោយឡែកនៅផ្នែកកាស៊ីណូវិញ បុគ្គលិកនៅតាមតុល្បែងបានត្រឹមជាង ៤០០ដុល្លារប៉ុណ្ណោះ ដែលប្រាក់ឈ្នួលនេះ តិចជាងបុគ្គលិកនៅតាមកាស៊ីណូនៅក្នុងខេត្តព្រះសីហនុទៅទៀត។
តំណាងអ្នកតវ៉ាបានអះអាងទៀតថា ពួកគេនៅតែទាមទារឱ្យទទួលយកប្រធានសហជីព ឈឹម ស៊ីថរ ចូលធ្វើការវិញ។ ពួគេបានអះអាងថា ការបញ្ឈប់ការងាររបស់ប្រធានសហីជីព ឈ្មោះ ឈឹម ស៊ីថរ នេះមិនត្រឹមត្រូវនោះឡើយ ដោយគ្រាន់តែរូបគាត់ចេញតវ៉ាទាមទារលក្ខខណ្ឌការងារជូនបុគ្គលិកក្នុងក្រុមហ៊ុន។
សូមបញ្ជាក់ថា ណាហ្គាវើលដ៍បានចាប់បដិសន្ធិឡើងនាឆ្នាំ១៩៩៥ ក្នុងរាជធានីភ្នំពេញ។ បច្ចុប្បន្នណាហ្គាវើលដ៍ ជាសណ្ឋាគារ កាស៊ីណូដ៏ល្បីល្បាញ និងល្អប្រណីតមួយក្នុងតំបន់ឥណ្ឌូចិន អាស៊ីអាគ្នេយ៍ និងជុំវិញពិភពលោក។ នៅអគារមាន៨ផ្នែក ជាសាលដ៏ធំសម្រាប់ការកម្សាន្ត មានបន្ទប់ខារ៉ាអូខេ និងស្លត់ម៉ាស៊ីនជាច្រើនប្រភេទ។ អគារទាំងពីរទីតាំងរបស់ណាហ្គាវើលដ៍ មានបន្ទប់ប្រណីតជាង ១,៦៥៨ និងបន្ទប់ពិសេសនៅស្លាបខាងសណ្ឋាគារមាន ១៣ជាន់ ជាមួយមណ្ឌលស្ប៉ា។ ភ្ញៀវ និងអតិថិជនទៅកាន់ទីនេះ អាចពិសាអាហារ និងភេសជ្ជៈដ៏សម្បូរបែបនៅក្នុងភោជនីយដ្ឋានចំនួន២០ អាចរីករាយកម្សាន្តជាមួយការប្រគំតន្ត្រី និងក្លឹបកម្សាន្តចំនួន២៕