សម្តេចតេជោ ហ៊ុន សែន ប្រាប់ទៅទីប្រឹក្សាពិសេសរបស់អគ្គលេខាធិការអង្គការសហប្រជាជាតិ ពីការរីកចម្រើនរបស់កម្ពុជា និងបញ្ហាប្រឈមដែលកម្ពុជាត្រូវដោះស្រាយនាពេលខាងមុខ

(ភ្នំពេញ)៖សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញជួបពិភាក្សាការងារ ជាមួយ លោក Jeffrey D. Sachs ទីប្រឹក្សាពិសេសរបស់អគ្គលេខាធិការអង្គការសហប្រជាជាតិ នៅវិមានសន្តិភាព នៅព្រឹកថ្ងៃទី១០ ខែមករា ឆ្នាំ២០២០

លោក អ៊ាង សុផល្លែត ជំនួយការសម្តេចតេជោ
បានប្រាប់អោយដឹងនៅក្រោយជំនួបថា ៖ លោក Jeffrey D. Sachs បានគោរពជូនសម្តេចតេជោថា លោក ពិតជាមានកិត្តិយស និងសប្បាយរីករាយជាខ្លាំងដែលបានជួបសម្ដេចតេជោសារជាថ្មីម្ដងទៀត បន្ទាប់ពីបានជួបសម្ដេចតេជោការពី ១៥ ឆ្នាំមុននៅគេហដ្ឋានរបស់សម្ដេចតេជោនៅវិមានឯករាជ្យ។ លោក បានមានប្រសាសន៍ថាក្នុងដំណើរទស្សនកិច្ចនៅកម្ពុជាពេលនេះគឺ លោក បានឃើញដោយផ្ទាល់ភ្នែកនូវការអភិវឌ្ឍរបស់កម្ពុជាយើងដែលក្នុងនោះមានទាំងការអភិវឌ្ឍលើវិស័យសេដ្ឋកិច្ច ការអភិវឌ្ឍលើវិស័យសុខាភិបាល និងការអភិវឌ្ឍន៍លើដទៃទៀតដែលហួសពីការស្មានរបស់ លោក។ លោកក៏បានមានប្រសាសន៍បន្ថែមថាក្នុងដំណើរទស្សនកិច្ចនេះលោក នឹងទៅប្រទេសឡាវ កម្ពុជា និងម៉ាឡេស៊ី ដើម្បីធ្វើយ៉ាងណាពង្រឹង និងជំរុញលើកទឹកចិត្តកិច្ចសហប្រតិបត្តិការរវាងប្រទេសអាស៊ាននិងសហគមន៍អឺរ៉ុប ពិសេសជំរុញកិច្ចសហប្រតិបត្តិការលើវិស័យពាណិជ្ជកម្ម សេដ្ឋកិច្ច ដឹកជញ្ជូន និងអាយធី (IT) ដើមធ្វើយ៉ាងណាឲ្យសហគមន៍អឺរ៉ុបនិងអាស៊ានមានទំនាក់ទំនង និងសហប្រតិបត្តិការល្អ ។

ទន្ទឹមនឹងនេះ លោក ក៏បានមានប្រសាសន៍ផងដែរថា លោក នឹងទៅធ្វើទស្សនកិច្ចជួបថ្នាក់ដឹកនាំសហគមន៍អឺរ៉ុបនៅសប្តាហ៍បន្ទាប់ ហើយ លោក បានមានប្រសាសន៍ថាធ្វើយ៉ាងណានឹងជម្រុញលើកស្ទួយកិច្ចសហប្រតិបតិ្តការរវាងសហគមន៍អឺរុប និងអាស៊ាន ដែលនឹងសង្កត់ធ្ងន់ពីសារៈសំខាន់របស់កិច្ចសហប្រតិបតិ្តការរវាងតំបន់និងតំបន់នេះ។ លោក ក៏បានមានប្រសាសន៍ផងដែរថា លោក ពុំចង់ឃើញមានការបែកបាក់គ្នារវាងតំបន់និងតំបន់ទេ។ ផ្ទុយមកវិញ លោក បានមានប្រសាសន៍ថា លោក នឹងឆ្លុះបញ្ចាំងពីភាពខ្លាំងនិង សារខាន់ៗ នូវកិច្ចសហប្រតិបត្តិការ រវាងតំបន់និងតំបន់ទៅវិញ។ លោក បានមានប្រសាសន៍ថាអាស៊ាន គឺមានសក្តានុពលខ្ពស់បើបូកបញ្ចូលទាំង អាស៊ាន-ចិន អាស៊ាន-ជប៉ុន និងអាស៊ាន-កូរ៉េ នោះតំបន់អាស៊ាននឹងមានការអភិវឌ្ឍដោយគ្មានដែនកំណត់ ជាពិសេសលើវិស័យបច្ចេកវិទ្យាដែលបច្ចេកវិទ្យាទាំងនេះអាចយកមកប្រើប្រាស់ដើម្បីជំរុញការអភិវឌ្ឍប្រកបដោយចីរភាព។ លោក ក៏បានគោរពជម្រាបជូនសម្តេចតេជោនាយករដ្ឋមន្ត្រី ទៀតថា លោក ត្រៀមជានិច្ចដើម្បីជួយដល់កម្ពុជាជំរុញដល់ការអភិវឌ្ឍកម្ពុជាតំបន់អាស៊ាន និងតំបន់ដទៃទៀតឲ្យមានការអភិវឌ្ឍប្រកបដោយចីរភាព។

សម្តេចតេជោ ហ៊ុន សែន បានថ្លែងអំណរគុណចំពោះ​ លោក Jeffrey D. Sachs ហើយក៏បានជម្រាបជូនថាការអភិវឌ្ឍទាំងឡាយណាដែលមាននៅកម្ពុជានោះគឺសុទ្ធសឹងតែជាការខិតខំប្រឹងប្រែងរបស់ប្រជាពលរដ្ឋកម្ពុជា និងសហការី របស់សម្ដេចដែលនាំកម្ពុជាទៅការអភិវឌ្ឍដល់ចំណុចនេះ។ សម្តេចតេជោបានជម្រាបជូន លោក ថា កម្ពុជាមានមហិច្ឆិតាធ្វើយ៉ាងណាជំរុញកម្ពុជាឲ្យក្លាយទៅជាប្រទេសចំណូលមធ្យមកម្រិតខ្ពស់នៅឆ្នាំ ២០៣០ នឹងប្រទេសមានចំណូលខ្ពស់នៅឆ្នាំ ២០៥០ កន្លងមកកម្ពុជាបានដាក់ចេញនូវគោលនយោបាយផលិតស្បៀង គឺការនាំអង្ករចេញហើយក៏បានទទួលភាពជោគជ័យ ជាពិសេសលើគោលនយោបាយផលិតស្បៀង។ កម្ពុជាដែលជាប្រទេសមួយធ្លាប់តែខ្វះស្បៀងអាហារ បានប្រែក្លាយជាប្រទេសមួយដែលមានការផលិតស្បៀងទៅវិញ។ ពេលនោះទៀត រាជរដ្ឋាភិបាលបានដាក់ចេញនូវគោលនយោបាយឧស្សាហកម្មផងដែរ ដើម្បីធ្វើយ៉ាងណា ជំរុញឧស្សាហកម្មកម្ពុជា ក្នុងទិសដៅជំរុញកម្ពុជាឆ្ពោះទៅកាន់ប្រទេសមានចំណូលមធ្យមកម្រិតខ្ពស់ និងប្រទេសដែលមានចំណូលខ្ពស់ នៅឆ្នាំ២០៥០។

សម្ដេចតេជោមានប្រសាសន៍ថា កាលពី១៥ឆ្នាំមុន សម្ដេចបានជួបជាមួយនឹង លោក Jeffrey D. Sachs គឺបានពិភាក្សាគ្នា អំពីបញ្ហាការអភិវឌ្ឍសហវត្ស។ ប៉ុន្តែនៅពេលនេះ គឺយើងពិភាក្សាជាថ្មីម្ដងទៀត លើការអភិវឌ្ឍប្រកបដោយចីរភាពវិញ ហើយការអភិវឌ្ឍន៍ ប្រកបដោយចីរភាពនេះ គឺមានសារៈសំខាន់ណាស់ ហើយកត្តាសំខាន់ជាងគេបំផុត គឺវិស័យបរិស្ថានតែម្តង។ ទន្ទឹមនឹងនេះ សម្តេចតេជោបានមានប្រសាសន៍បន្តថា បញ្ហាបច្ចុប្បន្ននេះ គឺបញ្ហាស្ទះចរាចរណ៍ ដែលកាលពី១៥ឆ្នាំមុន មិនដែលបានឃើញទេ ហើយក៏ដូចជាបញ្ហាចំណតរថយន្ត បញ្ហាសំណល់រឹង សំណល់រាវ ​ជាពិសេសទៅទៀតនោះ គឺបញ្ហាប្រែប្រួលអាកាសធាតុ ដែរបញ្ហានេះបាននាំមកនូវការបារម្ភសម្រាប់កម្ពុជា ​ជាពិសេសលើវិស័យកសិកម្មផង លើវិស័យធនធានទឹកផងដែលធ្វើឲ្យកម្រិតទឹកនៅកម្ពុជា​ មានកម្រិតទាប។ ក្នុងន័យនេះសម្ដេចតេជោ បានមានប្រសាសន៍ថា យើងគប្បីណា​រួមគ្នា ធ្វើការដោះស្រាយ ជាពិសេសបញ្ហាប្រែប្រួលអាកាសធាតុនេះ ដែលកម្ពុជាគាំទ្រគោលនយោបាយ ​និងរាល់អ្វីៗ ដែលជាពាក់ព័ន្ធនឹងបញ្ហានេះ ដែលអង្គការសហប្រជាជាតិ បាន ដាក់ចេញមក៕

អត្ថបទដែលជាប់ទាក់ទង

This will close in 5 seconds