សម្តេចក្រឡាហោ ស ខេង៖ តម្លៃនៃសន្តិភាព មិនអាចកាត់ថ្លៃបានទេ ក្រោមនយោបាយឈ្នះៗ របស់រាជរដ្ឋាភិបាលកម្ពុជា ក្រោយថ្ងៃ៧ មករា ១៩៧៩
បាត់ដំបង៖ មានប្រសាសន៍លើកឡើងក្នុងពិធីមិទ្ទិញខួបលើកទី៤១ ទិវាជ័យជំនះ(៧មករា១៩៧៩.៧មករា២០២០ សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានថ្លែងយ៉ាងដូច្នោះ ដោយអំពាវនាវ ដល់បងប្អូនប្រជាពលរដ្ឋ ត្រូវរួមគ្នា ការពារសន្តិភាព អោយបាន ព្រោះសន្តិភាព វាមានតម្លៃធំធេងណាស់ វាមិនចេះរីងស្ងួតទេ អញ្ចឹងចាំបាច់ត្រូវមានការគាំទ្រ និងការចូលរួមពេញទំហឹង ពីគ្រប់ស្រទាប់គ្រប់ច្រកល្ហក នៃប្រជាពលរដ្ឋកម្ពុជាយើង។មិទ្ទិញខួបលើកទី៤១នៃទិវាជ័យជំនះ៧មករា(០៧.មករា.១៩៧៩-០៧.មករា.២០២០) ត្រូវបានប្រារព្វធ្វើឡើងនាព្រឹកថ្ងៃទី០៩ ខែមករា ឆ្នាំ២០២០ ខាងមុខបរិវេណសាលាខេត្តបាត់ដំបង ដោយមានការអញ្ចើញចូលរួម ពីគ្រប់ស្ថាប័ន មន្ទីរ អង្គភាព សមាជិកព្រឹទ្ធសភា សមាជិករដ្ឋសភា ប្រធានក្រុមការងារថ្នាក់ជាតិ និងមហាជន សរុបជិត ៤ពាន់នាក់ ។
សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានមានប្រសាសន៍ថា៖ ថ្ងៃ៧ មករា ជាការបង្ហាញ នូវស្មារតីចងចាំជានិច្ច នូវគុណូបការៈដ៏ឧត្តង្គឧត្តម របស់វីរ:កម្មាភិបាល យុទ្ធជន យុទ្ធនារី នៃរណសិរ្សសាមគ្គីសង្រ្គោះជាតិកម្ពុជា ជាពិសេស គឺវីរកងទ័ពស្ម័គ្រចិត្តវៀតណាម ដែលបានធ្វើការលះបង់ យ៉ាងធំធេង ក្នុងការប្រយុទ្ធ ដើម្បីផ្តួលរំលំរបបប្រល័យពូជសាសន៍ ប៉ុល ពត និងការពារការរស់ឡើងវិញ របស់កម្ពុជា ។ក្នុងនោះប្រជាពលរដ្ឋកម្ពុជា នៅទូទាំងប្រទេស បានចាត់ទុក ថ្ងៃ៧ មករា ឆ្នាំ១៩៧៩ ជាថ្ងៃជ័យជម្នះ ជាប្រវត្តិសាស្រ្ត របស់ប្រជាជនកម្ពុជា និងជាថ្ងៃបើកឡើងវិញ នូវទំព័រសករាជថ្មី គឺឯករាជ្យ សេរីភាព ប្រជាធិបតេយ្យ និងវឌ្ឍនភាពសង្គម ។
សម្តេចក្រឡាហោម ស ខេង បានមានប្រសាសន៍បន្តថា៖ រាជរដ្ឋាភិបាល បានដាក់ចេញគោលនយោបាយ ក្នុងអាណត្តិនានាកន្លងមក ក៏ដូចជាក្នុងអាណត្តិទី៦នេះដែរ ក្នុងនោះ ក៏មានលើកយក បញ្ហាទាក់ទងទៅហ្នឹង ការពង្រឹង សន្តិសុខ ស្ថេរភាព ហើយជម្រុញការអភិវឌ្ឍន៍ គ្រប់វិស័យ ក្នុងនោះសម្រាប់អាណត្តិទី០៦ នៅឆ្នាំ២០២០នេះ ខេត្តបាត់ដំបង គឺជាឆ្នាំដ៏សំខាន់ ដែលរាជរដ្ឋាភិបាល បានប្រគល់បេសកកម្មពិសេស ឬភារកិច្ចពិសេស លើសពីខេត្តដទៃ ក្នុងកំណែកទម្រង់វិមជ្ឈការ វិសហមជ្ឈការ ដែលចាប់ពីឆ្នាំ២០២០ ទៅលើវិស័យអប់រំ បានផ្ទេរអំណាច ការគ្រប់គ្រងបឋមសិក្សា ការគ្រប់គ្រងមតេយ្យសាលា ក្នុងក្រៅប្រព័ន្ធ ដែលពីមុនឋិត ក្នុងការគ្រប់គ្រងផ្ទាល់ របស់ក្រសួងអប់រំ យុវជន និងកីឡា អោយមកស្ថិតក្រោមការគ្រប់គ្រងផ្ទាល់ របស់រដ្ឋបាលក្រុង ស្រុក នៃខេត្តបាត់ដំបងទាំងអស់ ទាំងធនធានមនុស្ស ទាំងធនធានថវិកាផងដែរ ដែលនេះសរបញ្ជាក់ឲ្យឃើញថា សន្តិភាព មិនកាត់ថ្លៃបានឡើយ៕